ជំពូក ២៦
សុភមង្គលរបស់បុរសដែលមានភរិយាល្អ
1 ស្វាមីមានភរិយាចិត្តល្អ ពិតជាមានសុភមង្គល និងមានអាយុវែង មួយទ្វេជាពីរ។
2 ភរិយាក្លាហាន តែងតែធ្វើឲ្យស្វាមីមានអំណរសប្បាយ និងស្គាល់តែសេចក្តីសុខអស់មួយជីវិត។
3 ស្វាមីដែលមានភរិយាចិត្តល្អពិតជាមានសំណាង ព្រោះជាអំណោយទាន ដែលព្រះអម្ចាស់ប្រទានឲ្យអ្នកគោរពកោតខ្លាចព្រះអង្គ។
4 ទោះបីជាគេក្រក្តី មានក្តី ក៏គេនៅតែមានចិត្តសប្បាយ មានទឹកមុខរីករាយគ្រប់ពេលវេលា។
ស្រ្តីខាតលក្ខណ៍
5 មានសេចក្តីបីយ៉ាង ធ្វើឲ្យខ្ញុំបារម្ភ ហើយមានសេចក្តីមួយទៀត ដែលធ្វើឲ្យខ្ញុំខ្លាចជាងគេ គឺពាក្យចចាមអារ៉ាមក្នុងទីក្រុង មហាជនប្រមូលផ្គុំគ្នា និងពាក្យមួលបង្គាច់។ សេចក្តីទាំងនេះធ្វើឲ្យរងទុក្ខលំបាកជាងស្លាប់ទៅទៀត។
6 ប៉ុន្តែ មានសេចក្តីមួយទៀតដែលជូរចត់ខ្លាំងជាងគេបំផុត គឺស្រ្តីម្នាក់ប្រច័ណ្ឌនឹងប្រពន្ធចុងរបស់ប្តី ហើយចេះតែមានពាក្យសម្ដីអាក្រក់ជានិច្ច។
7 ស្រ្តីកាចប្រៀបដូចជានឹម ដែលមិនជាប់នឹងកគោ នរណាចង់ត្រួតនាង ក៏ដូចជាចាប់ខ្ទួយដែរ។
8 ស្រ្តីដែលចំណូលស្រាបណ្តាលឲ្យកើតរឿងអាស្រូវ នាងពុំអាចលាក់ការអាម៉ាស់របស់ខ្លួនទ្បើយ។
9 យើងដឹងភ្លាមថា ស្រ្តីម្នាក់ប្រាសចាកសីលធម៌ដោយគ្រាន់តែឃើញ ក្រសែភ្នែកដ៏ស្រើបស្រាលរបស់នាង យើងស្គាល់កិរិយារបស់នាង ដោយឃើញនាងចោលកន្ទុយភ្នែក។
10 ប្រសិនបើកូនស្រីមិនចេះអឹមអៀនទេ ចូរឃ្លាំមើលនាងឲ្យមែនទែន បើពុំនោះទេ នាងនឹងឆ្លៀតឱកាស ដើម្បីធ្វើតាមបំណងរបស់ខ្លួន។ 11 ចូរឃ្លាំមើលក្រសែភ្នែក ដ៏ស្រើបស្រាលរបស់នាង ប្រសិនបើនាងបោកប្រាស់អ្នក នោះកុំឆ្ងល់ទ្បើយ។ 12 នាងចេះតែចង់ទៅអង្គុយលើគ្រប់បង្គោល ហើយតែងតែបើកបំពង់របស់នាង ឲ្យព្រួញចូល។ នាងប្រៀបដូចជាអ្នកដំណើរ ដែលស្រេកទឹកយ៉ាងខ្លាំង ហើយទឹកអ្វីក៏ដោយ ឲ្យតែឃើញ គេផឹកទាំងអស់។
ស្រ្តីគ្រប់លក្ខណ៍
13 សម្រស់របស់ភរិយា ធ្វើឲ្យស្វាមីមានអំណរ រីឯស្រ្តីប៉ិនប្រសប់ រមែងធ្វើឲ្យប្តីបានចម្រុងចម្រើន។
14 ភរិយាមិនចេះមាត់ក ជាអំណោយទានរបស់ព្រះអម្ចាស់ រីឯភរិយាដែលបានទទួលការអប់រំល្អ ក៏មានតម្លៃលើសលប់ រកអ្វីមកប្រៀបផ្ទឹមស្មើពុំបានទ្បើយ។
15 ភរិយាចេះអៀនខ្មាស ជាសម្រស់ដ៏ល្អលើសលប់បំផុត។ ភរិយាមានកិរិយាមារយាទបរិសុទ្ធ មានតម្លៃលើសអ្វីៗទាំងអស់។
16 នៅក្នុងផ្ទះដែលតុបតែងយ៉ាងស្អាត សម្ផស្សរបស់ភរិយាគ្រប់លក្ខណ៍ ប្រៀបបីដូចជាព្រះអាទិត្យរះទ្បើងលើមេឃដ៏ខ្ពស់។
17 មុខល្អស្អាត ដែលស្ថិតនៅលើដងខ្លួនសមសួន ប្រៀបដូចជាពន្លឺដ៏ចិញ្ចាចស្ថិតនៅ លើជើងចង្កៀងដ៏វិសុទ្ធ។
18 ស្រ្តីដែលមានជើងស្អាត ជាប់នឹងកែងជើងមាំមួន ប្រៀបដូចជាសសរមាសជាប់លើកំណល់ប្រាក់។
សភាពការណ៍ដ៏តឹងតែង
28 ខ្ញុំអាក់អន់ចិត្តចំពោះរឿងពីរយ៉ាង ហើយមានរឿងមួយទៀត ធ្វើឲ្យខ្ញុំក្តៅក្រហាយ គឺអ្នកមានស្តុកស្តម្ភប្រែជាធ្លាក់ខ្លួនក្រខ្សត់ អ្នកចេះដឹងត្រូវគេមើលងាយ អ្នកលះបង់អំពើសុចរិតទៅជាប្រព្រឹត្តអំពើបាប។ សូមព្រះអម្ចាស់ធ្វើឲ្យអ្នកនោះស្លាប់ដោយមុខដាវ។
អំពីអ្នកធ្វើជំនួញ
29 កម្រមានឈ្មួញ ដែលចៀសវៀងការគៃបន្លំណាស់ ហើយក៏កម្រមានអ្នកជំនួញដែលមិនប្រព្រឹត្តអំពើបាបដែរ។