ជំពូក ២៤

ភាគ​ទីបី

ពាក្យ​សសើរ​ព្រះ‌ប្រាជ្ញាញាណ

1 ព្រះ‌ប្រាជ្ញា​ញាណ​លើក​តម្កើង​ព្រះ‌អង្គ​ផ្ទាល់ ហើយ​សម្ដែង​មោទន‌ភាព ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ។ 2 ព្រះ‌ប្រាជ្ញា​ញាណ​មាន​ព្រះ‌បន្ទូល​ក្នុង​សហគមន៍​របស់​ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​សម្ដែង​មោទន‌ភាព នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​របស់​ព្រះ‌ដ៏​មាន​តេជា‌នុភាព​ថា៖
3 «យើង​ចេញ​ពី​ព្រះ‌ឱស្ឋ របស់​ព្រះ
ដ៏​ខ្ពង់​ខ្ពស់​បំផុត
យើង​ប្រៀប​ដូច​ជា​អ័ព្ទ​គ្រប​ដណ្តប់​ផែន​ដី។
4 យើង​តាំង​ទី​លំនៅ​ឯ​ស្ថាន​ដ៏​ខ្ពង់​ខ្ពស់​បំផុត
បល្ល័ង្ក​របស់​យើង​ស្ថិត​នៅ​លើ​ដុំ​ពពក។
5 មាន​តែ​យើង​ទេ ដែល​ធ្វើ​ដំណើរ​ជុំ​វិញ​ចក្រវាឡ
យើង​ក៏​បាន​ដើរ​នៅ​បាត​មហា​សមុទ្រ​ដ៏​ជ្រៅ។
6 យើង​មាន​អំណាច​គ្រប់​គ្រង​លើ​រលក​សមុទ្រ
លើ​ផែន​ដី​ទាំង​មូល
លើ​ប្រជាជន និង​លើ​ប្រជា‌ជាតិ​នានា។
7 យើង​ស្វែង​រក​កន្លែង​តាំង​ទី​លំ​នៅ
រក​ស្រុក​ដើម្បី​ស្នាក់​អាស្រ័យ។
8 ពេល​នោះ ព្រះ​ដែល​បាន​បង្កើត​ពិភព​ទាំង​មូល
មាន​ព្រះ‌បញ្ជា​មក​យើង
គឺ​ព្រះ​ដែល​បាន​បង្កើត​យើង ក៏​បាន​ប្រាប់​យើង
អំពី​កន្លែង​ដែល​ត្រូវ​តាំង​ទី​លំ​នៅ។
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​ថា
“ចូរ​តាំង​ទី​លំ​នៅ​ក្នុង​ពូជ​ពង្ស​របស់​យ៉ាកុប
ចូរ​យក​ទឹក​ដី​អ៊ីស្រា‌អែល
ធ្វើ​ជា​ចំណែក​មត៌ក​របស់​ខ្លួន”។
9 ពី​ដើម​ដំបូង​បង្អស់ ព្រះ‌អង្គ​បាន​បង្កើត​យើង
ហើយ​យើង​ក៏​នៅ​ស្ថិត​ស្ថេរ
អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។
10 យើង​បាន​គោរព​បម្រើ​ព្រះ‌អង្គ
ក្នុង​ព្រះ‌ពន្លា​ដ៏‌វិសុទ្ធ​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌អង្គ
ហើយ​យើង​មក​តាំង​ទី​លំ​នៅ​ជាប់​លាប់
នៅ​លើ​ភ្នំ​ស៊ី​យ៉ូន។
11 ព្រះ‌អង្គ​ប្រោស ឲ្យ​យើង​សម្រាក
នៅ​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់
ហើយ​យើង​ក៏​មាន​អំណាច​គ្រប់​គ្រង
នៅ​ក្រុង​យេរូសា‌ឡឹម​ទៀត​ផង។
12 យើង​បាន​ចាក់​ប្ញស ក្នុង​ប្រជាជន​មួយ​ដ៏​រុង‌រឿង
ហើយ​បាន​ទទួល​ចំណែក​មត៌ក​ក្នុង
ព្រះ‌រាជ​ទ្រព្យ​របស់​ព្រះ‌អម្ចាស់។
13 យើង​ចម្រើន​ទ្បើង​ដូច​ដើម​តា​ត្រៅ​នៅ​ភ្នំ​លី​បង់
ដូច​ដើម​ស្រល់​នៅ​ភ្នំ​ហ៊ែរ​ម៉ូន។
14 ដូច​ដើម​លម៉ើ​នៅ​អែន​កេឌី
ឬ​ដូច​ដើម​យី​ថោ​នៅ​ក្រុង​យេរីខូ
ដូច​ដើម​អូលីវ​ដ៏​ល្អ​ប្រណីត​ក្នុង​វាល​ទំនាប
យើង​ចម្រើន​ទ្បើង​ដូច​ដើម​ម៉ៃ​សាក់។
15 យើង​សាយ​ក្លិន​ក្រអូប ដូច​សំបក​សម្បុរ​ល្វែង
ដូច​កំបូរ ឬ​ដូច​ជ័រ​ល្វីង​ទេស​ដ៏​មាន​តម្លៃ
ដូច​ជ័រ​កំញាន ដូច​ខ្លឹម​ច័ន្ទ
ឬ​ដូច​ផ្សែង​គ្រឿង​ក្រអូប​ក្នុង​ព្រះ‌ពន្លា។
16 យើង​បែក​មែក​ដូច​ដើម​ជ្រៃ
ជា​មែក​សាខា​ដ៏​ល្អ​ត្រសុំ​ត្រសាយ។
17 យើង​បាន​បង្កើត​ខ្នែង​ដ៏​ល្អ​ប្រណីត
ដូច​ដើម​ទំពាំង​បាយ​ជូរ
ផ្កា​របស់​យើង​បាន​បង្កើត​ផ្លែ​ល្អៗ
យ៉ាង​បរិបូណ៌។
19 អស់​អ្នក​ដែល​ប៉ង​ប្រាថ្នា​ចង់​បាន​យើង
សូម​អញ្ជីញ​មក​រក​យើង!
ចូរ​ពិសា​ភោគ​ផល​របស់​យើង​ឲ្យ​ឆ្អែត!
20 ដ្បិត​ការ​នឹក​គិត​ដល់​យើង ផ្អែម​ជាង​ទឹក​ឃ្មុំ
ហើយ​ទទួល​យើង ទុក​ជា​ចំណែក​មត៌ក
ឆ្ងាញ់​ជាង​រក​សំបុក​ឃ្មុំ​ទៅ​ទៀត។
21 អ្នក​បរិភោគ យើង​រមែង​តែង​តែ​ឃ្លាន
ចង់​បរិភោគ​ថែម​ទៀត។
អ្នក​ភ្លក់​រស​ជាតិ​របស់​យើង
ក៏​រមែង​ស្រេក​ចង់​ផឹក​ថែម​ទៀត​ដែរ។
22 អ្នក​ស្តាប់​បង្គាប់​យើង មិន​ត្រូវ​អាម៉ាស់​មុខ​ទេ
អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង​ក៏​មិន​ប្រព្រឹត្ត
អំពើ​បាប​ដែរ។

ព្រះ‌ប្រាជ្ញា​ញាណ និង​វិន័យ

23 សេចក្តី​ទាំង​អស់​ខាង​លើ​នេះ មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​គម្ពីរ‌វិន័យ​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​ឲ្យ​យើង​គោរព​តាម គឺ​កេរមត៌ក​នៅ​ក្នុង​សាលា​ប្រជុំ*របស់​កូន​ចៅ​លោក​យ៉ាកុប។
25 វិន័យ​ផ្តល់​ប្រាជ្ញា​យ៉ាង​សម្បូណ៌​ហូរ​ហៀរ ដូច​ទន្លេ​ពី​សូន ឬ​ទន្លេ​ទី​គ្រីស ដែល​កំពុង​ជោរ​នៅ​រដូវ​ផ្កា​រីក។
26 វិន័យ​ផ្តល់​ចំណេះ​ដឹង​ដ៏​ពោរ​ពេញ ដូច​ទន្លេ​អឺ​ប្រាត ឬ​ដូច​ទន្លេ​យ័រដាន់ ជន់​លិច​មាត់​ច្រាំង នៅ​រដូវ​ចម្រូត។
27 វិន័យ​ផ្តល់​ចំណេះ​វិជ្ជា​យ៉ាង​ទូលំ‌ទូលាយ ដូច​ទន្លេ​នីល ឬ​ដូច​ទន្លេ​គីហូន នៅ​រដូវ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ។
28 គ្មាន​នរណា​អាច​ស្គាល់​វិន័យ​សព្វ​គ្រប់​ទ្បើយ តាំង​ពី​អ្នក​ដើម​ដំបូង រហូត​ដល់​អ្នក​ចុង​ក្រោយ​បំផុត គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​អត្ថន័យ​ដ៏​ជ្រៅ​របស់​វិន័យ​នេះ​ទេ។
29 តំរិះ​របស់​ព្រះ‌ប្រាជ្ញា​ញាណ ធំ​ទូលំ‌ទូលាយ​ជាង​មហា​សាគរ ហើយ​គម្រោង‌ការ​របស់​ព្រះ‌អង្គ​មាន​អត្ថន័យ​ជ្រៅ​ជាង​បាត​សមុទ្រ​ទៅ​ទៀត។
30 ចំណែក​ឯខ្ញុំ​វិញ ខ្ញុំ​ប្រៀប​ដូច​ជា​ប្រឡាយ​ដែល​នាំ​ទឹក​ពី​ទន្លេ​មក ឬ​ដូច​ជា​ព្រែក​ដែល​ហូរ​ចាក់​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន។
31 ខ្ញុំ​នឹក​គិត​ថា ខ្ញុំ​នឹង​ស្រោច​សួន​របស់​ខ្ញុំ ព្រម​ទាំង​បញ្ចូល​ទឹក​ឲ្យ​លិច​សួន​ច្បារ​នោះ ស្រាប់​តែ​ប្រឡាយ​របស់​ខ្ញុំ​ប្រែ​ទៅ​ជា​ទន្លេ ហើយ​ទន្លេ​របស់​ខ្ញុំ​ក៏​ប្រែ​ទៅ​ជា​សមុទ្រ។
32 ពេល​នោះ ខ្ញុំ​ធ្វើ​ឲ្យ​សេចក្តី​ប្រៀន​ប្រដៅ​របស់​ខ្ញុំ​បញ្ចេញ​ពន្លឺ​រស្មី ដូច​ពន្លឺ​ថ្ងៃ​រះ ខ្ញុំ​នឹង​ជះ​ពន្លឺ​នៃ​ដំបូន្មាន​របស់​ខ្ញុំ​ទៅ​ទី​ឆ្ងាយ។
33 ខ្ញុំ​នឹង​ផ្សព្វ​ផ្សាយ​សេចក្តី​ដែល​ខ្ញុំ​បង្រៀន​ដូច​ជា​ព្រះ‌បន្ទូល​ថ្លែង​ក្នុង​នាម​របស់​ព្រះ‌ជាម្ចាស់ ហើយ​ទុក​ពាក្យ​ទាំង​នេះ​ជា​កេរមត៌ក​ដល់​កូន​ចៅ​ជំនាន់​ក្រោយៗ។
34 អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ! ខ្ញុំ​នឿយ​ហត់​ដូច្នេះ ពុំ​មែន​សម្រាប់​តែ​ខ្ញុំ​ម្នាក់​ទេ គឺ​សម្រាប់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ។