ជំពូក ២៣
1 បពិត្រព្រះអម្ចាស់ជាព្រះបិតា និងជាម្ចាស់នៃជីវិតទូលបង្គំ សូមកុំបណ្ដោយឲ្យ មាត់ទូលបង្គំនិយាយ ដោយមិនរិះគិត សូមកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាបដោយពាក្យសម្ដី! 2 សូមព្រះអង្គមេត្តាកែតម្រង់គំនិតទូលបង្គំ សូមយកព្រះប្រាជ្ញាញាណរបស់ព្រះអង្គ មកអប់រំចិត្តទូលបង្គំផង! ពេលទូលបង្គំប្រព្រឹត្តខុសដោយមិនដឹងខ្លួន សូមវាយប្រដៅទូលបង្គំ ហើយពេលទូលបង្គំប្រព្រឹត្តអំពើបាប សូមកុំធ្វើជាមិនឃើញទ្បើយ។ 3 ក្រែងលោទូលបង្គំវង្វេង និងប្រព្រឹត្តអំពើបាបកាន់តែច្រើនទ្បើងៗ ក្រែងទូលបង្គំដួលនៅចំពោះមុខខ្មាំងសត្រូវ ហើយពួកគេសប្បាយរីករាយ ដោយបានឈ្នះទូលបង្គំ។ 4 បពិត្រព្រះអម្ចាស់ជាព្រះបិតា និងជាម្ចាស់នៃជីវិតរបស់ទូលបង្គំ! សូមមេត្តាកុំឲ្យទូលបង្គំមានចិត្តព្រហើន! 5 សូមពង្វាងសេចក្តីលោភលន់ចេញពីចិត្តទូលបង្គំ។ 6 សូមកុំឲ្យទូលបង្គំឈ្លក់វង្វេងនឹងកាមគុណ និងតណ្ហា សូមកុំឲ្យទូលបង្គំមានចិត្តស្រើបស្រាលឡើយ។
ត្រូវតែធ្វើតាមពាក្យស្បថស្បែរបស់ខ្លួន
7 ម្នាលកូនចៅទាំងឡាយអើយ! ចូររៀនធ្វើជាម្ចាស់លើពាក្យសម្ដីរបស់ខ្លួន។ អ្នកប្រតិបត្តិតាមដំបូន្មាននេះមិនដែលមានកំហុសឡើយ។
8 មនុស្សបាបតែងតែទទួលទោស ដោយសារពាក្យសម្ដីរបស់ខ្លួន អ្នកមួលបង្កាច់គេ និងអ្នកអួតបំប៉ោង ក៏ត្រូវទទួលទោស ដោយសារពាក្យសម្ដីរបស់ខ្លួនដែរ។
9 កុំមានទម្លាប់ស្បថស្បែទ្បើយ ហើយក៏កុំយកព្រះនាមរបស់ព្រះដ៏វិសុទ្ធ*ធ្វើជាសាក្សីដែរ។
10 ទាសករណា ដែលមានម្ចាស់ជាមនុស្សប្រិតប្រៀប តែងតែមានស្លាកស្នាមពេញខ្លួន ដោយម្ចាស់វាយ។ យ៉ាងណាមិញ អ្នកដែលស្បថ និងអ្នកយកព្រះនាមព្រះជាម្ចាស់ ធ្វើជាសាក្សីគ្រប់ពេលវេលា មិនអាចចៀសផុតពីបាបទេ។
11 អ្នកដែលនិយាយស្បថស្បែច្រើន រមែងបំពានលើវិន័យកាន់តែច្រើនដែរ ក្រុមគ្រួសាររបស់គេត្រូវទទួលទណ្ឌកម្មមិនចេះអស់មិនចេះហើយ។ ប្រសិនបើស្បថដោយអចេតនា គេត្រូវទទួលទោស។ ប្រសិនបើគេស្បថដោយមិនពិនិត្យពិច័យជាមុន គេត្រូវទទួលទោសមួយទ្វេជាពីរ។ ប្រសិនបើគេស្បថបំពាន ព្រះជាម្ចាស់មិនប្រោសគេឲ្យបានសុចរិតទេ ហើយក្រុមគ្រួសាររបស់គេនឹងជួបទុក្ខលំបាកជាមិនខាន។
របៀបនិយាយមិនសមគួរ
12 របៀបនិយាយខ្លះមានពិសពុល ដូចសេចក្តីស្លាប់។ សូមកុំឲ្យមានរបៀបនិយាយប្រភេទនេះនៅស្រុកអ៊ីស្រាអែលឡើយ! អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ តែងតែចៀសវាងពីរបៀប និយាយនេះ ហើយមិនលង់ខ្លួនក្នុងអំពើបាបបែបនេះឡើយ។
13 កុំទម្លាប់មាត់ពោលពាក្យអាស្រូវ ដ្បិតពាក្យទាំងនោះបណ្តាលឲ្យកូនមានបាប ដោយសារពាក្យសម្ដី។
14 ពេលកូនអង្គុយនៅក្នុងក្រុមប្រឹក្សារបស់អ្នកដឹកនាំ ចូរនឹកដល់ឪពុកម្តាយ ក្រែងលោកូននិយាយពាក្យមិនសមរម្យ នៅចំពោះមុខអស់លោកទាំងនោះ តាមទម្លាប់របស់កូន។ នៅថ្ងៃនោះ កូនមុខជានឹកស្តាយ ដោយបានកើតមក ហើយប្រទេចផ្តាសាថ្ងៃដែលកូនកើត។
15 អ្នកធ្លាប់តែនិយាយពាក្យអាសអាភាស មិនអាចកែខ្លួនបានរហូតអស់មួយជីវិត។
អំពីកាមគុណ
16 មានមនុស្សច្រើនប្រភេទ ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។ អ្នកខ្លះធ្វើឲ្យព្រះជាម្ចាស់ព្រះអង្គព្រះពិរោធ គឺអ្នកដែលមានតណ្ហាឆេះរោលដូចភ្លើង តណ្ហានេះមិនរលត់ឡើយ រហូតទាល់តែធ្លាក់ខ្លួនប្រព្រឹត្តអំពើបាប។ អ្នកដែលប្រគល់ខ្លួនប្រាណទៅឲ្យកាមគុណ មិនអាចទប់ខ្លួនទ្បើយ រហូតទាល់តែកាមគុណធ្វើឲ្យខ្លួនមានបាប។
17 ចំពោះបុរសដែលឈ្លក់វង្វេងក្នុងកាមគុណស្រីណាក៏ដោយ គេយកទាំងអស់ រហូតទាល់តែស្លាប់ ក៏គេមិនចេះឆ្អែតឆ្អន់ដែរ។
18 បុរសផិតក្បត់ភរិយាតែងតែពោលថា «តើនរណាឃើញខ្ញុំ? នៅជុំវិញខ្ញុំ មានសុទ្ធតែភាពងងឹត ជញ្ជាំងក៏បិទបាំងខ្ញុំ គ្មាននរណាឃើញខ្ញុំទេ! ខ្ញុំមិនបារម្ភអ្វីឡើយ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិន នឹកគិតដល់អំពើបាបរបស់ខ្ញុំទេ!»។ 19 បុរសនេះខ្លាចតែភ្នែកមនុស្ស គេមិនដឹងថាព្រះអម្ចាស់ទតឃើញគេទេ ព្រះនេត្ររបស់ព្រះអង្គភ្លឺជាងព្រះអាទិត្យទៅទៀត ព្រះអង្គឈ្វេងយល់ការទាំងអស់ដែលមនុស្សប្រព្រឹត្ត អ្វីៗដែលលាក់កំបាំងនៅកន្លៀតកន្លោះ ព្រះអង្គទតមើលធ្លុះទាំងអស់។ 20 ព្រះអង្គស្គាល់អ្វីៗសព្វសារពើ តាំងតែពីមុន ព្រះអង្គបង្កើតអ្វីៗទាំងនោះមកម៉េ្លះ ហើយពេលដែលអ្វីៗទាំងនោះបាត់បង់អស់ទៅ ក៏ព្រះអង្គនៅតែស្គាល់ដដែល។ 21 គេនឹងចាប់អ្នកនោះទាន់ នៅពេលដែលគាត់មិនដឹងខ្លួន ហើយគាត់នឹងទទួលទណ្ឌកម្មនៅទីសាធារណៈ។
អំពីស្រ្តីក្បត់ប្តី
22 ចំពោះស្រ្តីក្បត់ប្តី ហើយមានកូនជាមួយបុរសម្នាក់ផ្សេងទៀតក៏ដូច្នោះដែរ។ 23 ទីមួយ នាងបានបំពានលើវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទីពីរ នាងបានធ្វើខុសចំពោះប្តីរបស់នាង។ ទីបី នាងប្រាសចាកសីលធម៌ និងបានបង្កើតកូនជាមួយបុរសផ្សេងទៀត។ 24 ត្រូវចាប់នាងនាំទៅចំពោះមុខអង្គប្រជុំ គេនឹងសាកសួរអំពីកូនរបស់នាង។ 25 គេនឹងដេញកូនទាំងនោះចេញពីសហគមន៍ ហើយចៅក៏គ្មានសិទ្ធិអ្វីដែរ។ 26 នាងត្រូវបណ្តាសា ដែលលុបបំបាត់មិនបាន។ គេនៅតែនឹកពីអំពើខិលខូចរបស់នាងរហូត។
27 ដូច្នេះអស់អ្នកដែលនៅរស់ នឹងដឹងថា ការគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងអ្វីៗទាំងអស់ ហើយការប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ ក៏ផ្តល់សេចក្តីសុខស្រួលដែរ។