ជំពូក ២១

ចូរ​ចៀស​វាង​អំពើ​បាប

1 កូន​អើយ! ប្រសិន​បើ​កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ហើយ ចូរ​កុំ​ប្រព្រឹត្ត​ទៀត។ ត្រូវ​សុំ​អភ័យ​ទោស​ចំពោះ​អំពើ​បាប​ដែល​កូន​បាន​ប្រព្រឹត្ត​កន្លង​ទៅ។
2 ចូរ​រត់​គេច​ឲ្យ​ផុត​ពី​អំពើ​បាប ដូច​គេ​រត់​គេច​ពី​ពស់​អសិរ‌ពិស! បើ​កូន​ទៅ​ជិត​ពស់ វា​មុខ​ជា​ចឹក​កូន​ពុំ​ខាន។ អំពើ​បាប​ប្រៀប​ដូច​ជា​ចង្កូម​សិង្ហ​ដែល​អាច​ខាំ​សម្លាប់​មនុស្ស។
3 គ្រប់​ការ​បំពាន​លើ​វិន័យ* ប្រៀប​ដូច​ជា​ដាវ​ដែល​មាន​មុខ​ពីរ តែង​តែ​បណ្តាល​ឲ្យ​មាន​របួស ដែល​មិន​អាច​ព្យាបាល​ទ្បើយ។
4 អំពើ​ឃោរ​ឃៅ និង​ចិត្ត​ក្រអឺត​ក្រទម រមែង​បណ្តាល​ឲ្យ​ធន​ធាន​វិនាស​ហិន​ហោច ពូជ​អ្នក​អួត​បំប៉ោង​ក៏​ត្រូវ​វិនាស​អន្ត‌រាយ​ដូច្នេះ​ដែរ។
5 ពេល​អ្នក​ក្រី‌ក្រ​ទូល​អង្វរ ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្តាប់​ឮ​ពាក្យ​របស់​ពួក​គេ ហើយ​រក​យុត្តិ‌ធម៌ ឥត​បង្អង់​ទ្បើយ។
6 អ្នក​ដែល​មិន​ព្រម​ឲ្យ​គេ​ស្តី​បន្ទោស តែង​តែ​ដើរ​តាម​ដាន​មនុស្ស​បាប រីឯ​អ្នក​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​រមែង​កែ​ប្រែ​ចិត្ត​គំនិត។
7 អ្នក​ពូកែ​វោ​ហារ​រមែង​មាន​គេ​ស្គាល់​គ្រប់ៗ​គ្នា ប៉ុន្តែ ពេល​គាត់​និយាយ​ផ្តេស​ផ្តាស អ្នក​ដែល​ចេះ ពិចារណា​ដឹង​ភ្លាម។
8 អ្នក​ដែល​សង់​ផ្ទះ​របស់​ខ្លួន​ដោយ​ប្រាក់​របស់​អ្នក​ដទៃ ដូច​ជា​រើស​ថ្ម​សម្រាប់​សង់​ផ្នូរ​របស់​ខ្លួន។
9 ពួក​អ្នក​ដែល​មិន​គោរព​វិន័យ ប្រៀប​ដូច​ជា​គំនរ​អុស ពួក​គេ​មុខ​ជា​ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់​មិន​ខាន។
10 ផ្លូវ​របស់​មនុស្ស​បាប​រាប​ស្មើ គា្មន​ថ្ម​រដិប​រដុប ក៏​ប៉ុន្តែ វា​នាំ​ទៅ​រក​រណ្តៅ​នៃ​មច្ចុរាជ។

អ្នក​មាន​ប្រាជ្ញា និង​មនុស្ស​ឆោត​ល្ងង់

11 អ្នក​ប្រតិ‌បត្តិ​តាម​វិន័យ* តែង​តែ​ធ្វើ​ជា​ម្ចាស់​នៃ​ចិត្ត​គំនិត​របស់​ខ្លួន។ អ្នក​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​តែង​តែ​ទទួល​ប្រាជ្ញា។
12 មនុស្ស​មិន​ឆ្លាត ពុំ​អាច​ទទួល​ការ​អប់រំ​បាន​ទេ ប៉ុន្តែ មាន​មនុស្ស​ឆ្លាត​ខ្លះ​បង្ក​ទុក្ខ​លំបាក​ជា​ច្រើន។
13 ចំណេះ​ដឹង​របស់​អ្នក​មាន​ប្រាជ្ញា ចេះ​តែ​កើន​ទ្បើង​ដូច​ទឹក​ជំនន់ ដំបូន្មាន​របស់​គេ​ប្រៀប​ដូច​ជា ប្រភព​ទឹក​ហូរ។
14 ចិត្ត​គំនិត​របស់​មនុស្ស​ល្ងី​ល្ងើ ប្រៀប​ដូច​ជា​ថូ​ប្រេះ គេ​ពុំ​អាច​ចង​ចាំ​សេចក្តី​ដែល​គេ​រៀន​ទ្បើយ។
15 ពេល​អ្នក​ចេះ​ដឹង​ស្តាប់​ឮ​ពាក្យ​ពេចន៍ ប្រកប​ដោយ​ប្រាជ្ញា គេ​សុខ​ចិត្ត​ទទួល ហើយ​រិះ​គិត​ត​ទៅ​ទៀត។ រីឯ​មនុស្ស​ពាល​វិញ ពេល​ស្តាប់​ឮ​ពាក្យ​ពេចន៍​នោះ គេ​មិន​ពេញ​ចិត្ត គេ​ក៏​រលាស់​ចោល​ទៅ។
16 ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី​ល្ងើ ប្រៀប​ដូច​ជា​អីវ៉ាន់​ដ៏​ធ្ងន់ ដែល​ត្រូវ​រែក​តាម​ផ្លូវ រីឯ​ពាក្យ​ពេចន៍ របស់​អ្នក​ឈ្លាស​វៃ​រមែង​តែង​តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ជា‌និច្ច។
17 នៅ​ក្នុង​អង្គ​ប្រជុំ គេ​តែង​តែ​ចូល​ចិត្ត​ស្តាប់​ពាក្យ​សម្ដី​របស់​អ្នក​មាន​សុភ‌និច្ឆ័យ គេ​យក​ពាក្យ របស់​អ្នក​នោះ​មក​ជញ្ជឹង​គិត។
18 មនុស្ស​ល្ងី​ល្ងើ​តែង​តែ​យល់​ថា ប្រាជ្ញា​ប្រៀប​ដូច​ជា​ផ្ទះ​បាក់​បែក រីឯ​ចំណេះ​ដឹង​របស់​មនុស្ស ឆោត​ល្ងង់​ជា​ពាក្យ​សម្ដី​ដែល​គ្មាន​ខ្លឹម​សារ។
19 អប់រំ មនុស្ស​ឆោត​ល្ងង់​ហាក់​ដូច​ជា​ដាក់​ខ្នោះ​ជើង​គេ ឬ​ដូច​ជា​ចង​ដៃ​ស្តាំ​គេ ដោយ​ច្រវាក់។
20 មនុស្ស​ល្ងី​ល្ងើ តែង​តែ​សើច​ក្អេង​ក្អាង​យ៉ាង​ខ្លាំង រីឯ​មនុស្ស​វៃ​ឆ្លាត​វិញ គ្រាន់​តែ​ញញឹម​ប៉ុណ្ណោះ។
21 ការ​អប់រំ​មនុស្ស​មាន​សុភ‌និច្ឆ័យ ប្រៀប​ដូច​ជា​យក​គ្រឿង​អលង្ការ​ពី​មាស ឬ​ដូច​ជា​យក​ខ្សែ​ដៃ​មាស មក​ពាក់​នៅ​ដៃ​ស្តាំ​របស់​គេ។
22 មនុស្ស​ល្ងី​ល្ងើ​តែង​តែ​ប្រញាប់ ចូល​ផ្ទះ​អ្នក​ដទៃ​ដោយ​ក្អេង​ក្អាង រីឯ​អ្នក​ដែល​មាន​ពិសោធន៍​វិញ តែង​តែ​ចូល​ដោយ​សុភាព​រាប​សា។
23 មនុស្ស​ខ្វះ​សុភ‌និច្ឆ័យ រមែង​លួច​មើល​ក្នុង​ផ្ទះ​គេ តាម​ស្លាប​ព្រឹល រីឯ​មនុស្ស​មាន​សុជីវ‌ធម៌ តែង​តែ​ឈរ​នៅ​ខាង​ក្រៅ។
24 អ្នក​លួច​ស្តាប់​តាម​មាត់​ទ្វារ ជា​មនុស្ស​ខ្វះ​សុជីវ‌ធម៌ អ្នក​មាន​សុភ‌និច្ឆ័យ​យល់​ថា ធ្វើ​ដូច្នេះ ជា​ការ​អាប់​យស។
25 អ្នក​ព្រោក​ប្រាជ្ញ​តែង​តែ​និយាយ​តាម​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ រីឯ​អ្នក​ដែល​មាន​សុភ‌និច្ឆ័យ តែង​តែ​ថ្លឹង​ថ្លែង​ពាក្យ​សម្ដី​របស់​ខ្លួន។
26 មនុស្ស​ល្ងី​ល្ងើ​និយាយ​មុន ទើប​រិះ‌គិត​តាម​ក្រោយ រីឯ​អ្នក​មាន​ប្រាជ្ញា​វិញ តែង​តែ​រិះ‌គិត ជា​មុន​សិន​ទើប​និយាយ។
27 ពេល​មនុស្ស​ពាល​ម្នាក់ ប្រទេច​ផ្តាសា​គូ​វិវាទ​របស់​ខ្លួន គឺ​គេ​ប្រទេច​ផ្តាសា​ខ្លួន​ឯង​ទៅ​វិញ​ទេ។
28 អ្នក​និយាយ​ដើម​គេ រមែង​តែង​តែ​ធ្វើ​ឲ្យ​ខ្លួន​សៅ​ហ្មង ហើយ​នាំ​ឲ្យ​ញាតិ​សន្តាន​ស្អប់។