ជំពូក ១៩
1 កម្មករដែលចូលចិត្តស្រា មិនអាចទៅជាអ្នកមានឡើយ ហើយអ្នកមិនចេះប្រមាណខ្លួន មុខជាធ្លាក់ខ្លួនវេទនាបន្តិចម្តងៗ។
2 ស្រា និងស្រី រមែងធ្វើឲ្យអ្នកចេះដឹងឆ្កួតវង្វេង អ្នកដែលសេពគប់នឹងស្រីពេស្យាផុងខ្លួនកាន់តែជ្រៅទៅៗ។ 3 ការផុងខ្លួនរបស់គេ នាំឲ្យគេវិនាស រូបកាយរបស់គេនឹងរលួយ ហើយត្រូវដង្កូវស៊ី។
អ្នកព្រោកប្រាជ្ញត្រូវអន្តរាយ
4 អ្នកណាឆាប់ទុកចិត្តលើគេពេក អ្នកនោះជាមនុស្សខ្វះការពិចារណា។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះធ្វើទោសខ្លួនឯង។
5 អ្នកដែលចូលចិត្តស្តាប់រឿងអាស្រូវ រមែងដាក់ទោសខ្លួនឯង។
6 អ្នកស្អប់ការព្រោកប្រាជ្ញឥតប្រយោជន៍ តែងតែចៀសផុតពីការអាក្រក់។
7 ពេលគេនិយាយរឿងអ្វីប្រាប់កូន កុំយកទៅនិយាយបន្តឲ្យសោះ ធ្វើដូច្នេះ កូននឹងមិនខាតបង់អ្វីឡើយ។
8 កុំនិយាយអ្វីអំពីមិត្តសម្លាញ់ ឬអំពីសត្រូវឲ្យសោះ។ ប៉ុន្តែ ប្រសិនបើមនុស្សសុចរិតមានទោស ព្រោះតែកូននៅស្ងៀមនោះ កូនត្រូវតែនិយាយ បើមិនដូច្នោះទេ កុំនិយាយអ្វីទ្បើយ។
9 ប្រសិនបើគេឮកូននិយាយអ្វីពីគេ គេមុខជាមិនទុកចិត្តកូន ហើយស្អប់កូនមិនខាន។
10 ប្រសិនបើកូនឮពាក្យចចាមអារ៉ាម ចូរកូននៅស្ងៀមដូចដុំថ្ម។ ចូរទុកពាក្យនេះក្នុងពោះ កុំភ័យខ្លាចឡើយ ពាក្យនេះមិនធ្វើឲ្យពោះរបស់កូនផ្ទុះទ្បើងទេ!។
11 ពាក្យចចាមអារ៉ាម រមែងធ្វើឲ្យមនុស្សល្ងីល្ងើកើតទុក្ខ ដូចស្រ្តីឈឺចាប់នៅពេលសម្រាលកូនដែរ។ 12 មនុស្សល្ងីល្ងើ មិនអាចលាក់អាថ៌កំបាំងបានទេ បើលាក់ គេនឹងឈឺចាប់ប្រៀបដូចជាមានព្រួញដោតជាប់នឹងភ្លៅរបស់គេ។
អំពីពាក្យមួលបង្កាច់គេ
13 ប្រសិនបើកូនឮគេនិយាយដើមមិត្តសម្លាញ់ម្នាក់ ចូរសួរគាត់ជាមុនសិន គាត់ប្រហែលជាមិនបានធ្វើអ្វីសោះ។ ប្រសិនបើគាត់បានធ្វើដូចគេថាមែន ចូរប្រាប់គាត់កុំឲ្យធ្វើតទៅទៀត។
14 ប្រសិនបើកូនឮគេនិយាយដើមអ្នកជិតខាង ចូរសួរគាត់សិន គាត់ប្រហែលជាមិនបាននិយាយ ដូចោ្នះទេ។ ប៉ុន្តែបើគាត់បាននិយាយដូចគេថាមែន កុំឲ្យគាត់និយាយបែបនេះទៀតឡើយ។
15 ប្រសិនបើកូនឮគេនិយាយដើមមិត្តសម្លាញ់ម្នាក់ ចូរសួរគាត់សិន ព្រោះមនុស្សជាច្រើន ចូលចិត្តនិយាយមួលបង្កាច់គេ កុំជឿសេចក្តីដែលមនុស្សនិយាយ។
16 មានអ្នកខ្លះនិយាយមិនសមសួន តែគ្មានបំណងអាក្រក់ទេ។ តើនរណាមិនធ្លាប់ប្រព្រឹត្តអំពើបាប ដោយសារពាក្យសម្ដី?។
17 ប្រសិនបើកូនឮគេនិយាយដើមមិត្តសម្លាញ់ម្នាក់ ចូរសួរគាត់សិន មុននឹងគំរាមគាត់។ ចូរទុកឲ្យវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ដាក់ទោសគេចុះ។
ប្រាជ្ញាត្រឹមត្រូវ និងប្រាជ្ញាក្លែងក្លាយ
20 ប្រាជ្ញាគ្រប់យ៉ាងមានន័យថា គោរពកោតខ្លាចព្រះអម្ចាស់ និងប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។
22 ប៉ុន្តែ បើគ្រាន់តែមានចំណេះពីអំពើបាប ពុំមែនជាប្រាជ្ញាទេ ដំបូន្មានរបស់មនុស្សបាប មិននាំឲ្យមានសុភនិច្ឆ័យឡើយ។
23 មានការឆ្លាតវាងវៃម្យ៉ាង គួរឲ្យស្អប់ខ្ពើម។ អ្នកខ្វះប្រាជ្ញា ជាមនុស្សគ្មានសុភនិច្ឆ័យ។
24 មនុស្សមិនសូវឈ្លាសវៃ តែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមនុស្សឈ្លាសវៃ តែប្រព្រឹត្តល្មើសនឹងវិន័យ។
25 អ្នកឆ្លាតវាងវៃខ្លះប្រព្រឹត្តអំពើទុច្ចរិត អ្នកខ្លះប្រើឧបាយកល ដើម្បីឲ្យតែបានឈ្នះ។
26 អ្នកខ្លះដើរឱន ហាក់ដូចជាកើតទុក្ខព្រួយ តែចិត្តគំនិតរបស់គេពោរពេញដោយកលល្បិច។
27 គេឈ្ងោកមុខធ្វើជាថ្លង់ ប៉ុន្តែ នៅពេលកូនមិនចាប់អារម្មណ៍ គេយកឈ្នះលើកូន។
28 អ្នកខ្លះមិនប្រព្រឹត្តអំពើ បាប ព្រោះគេគ្មានកម្លាំងនឹងប្រព្រឹត្ត លុះគេមានឱកាស គេឆ្លៀតប្រព្រឹត្តភ្លាម។ 29 យើងស្គាល់មនុស្ស ដោយឃើញទ្រង់ទ្រាយរបស់គេ ហើយយើងស្គាល់សុភនិច្ឆ័យរបស់ មនុស្សដោយបានជួបមុខគេ។
30 សម្លៀកបំពាក់ របៀបលេងសើច របៀបដើររបស់មនុស្យម្នាក់ តែងតែបង្ហាញពីចិត្តគំនិតរបស់គេ។