ជំពូក ១៤

សុភមង្គល​របស់​មនុស្ស​សុចរិត

1 អ្នក​ចេះ​ប្រយ័ត្ន​ពាក្យ​សម្ដី ពិត​ជា​មាន​សុភមង្គល! គេ​មិន​កើត​ទុក្ខ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​ឡើយ!។
2 អ្នក​ណា​ដឹង​ខ្លួន​ថា​គ្មាន​កំហុស ហើយ​មិន​ដែល​ខក​ចិត្ត អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!

ចិត្ត​លោភ​លន់ និង​កំណាញ់

3 មាន​ទ្រព្យ‌សម្បត្តិ តែ​កំណាញ់ ហើយ​មាន​ប្រាក់ តែ​មិន​ហ៊ាន​ចាយ តើ​បាន​ប្រយោជន៍​អ្វី?
4 អ្នក​ដែល​ប្រមូល​ទ្រព្យ‌សម្បត្តិ តែ​បង្អត់​ខ្លួន​ឯង ប្រមូល​ទុក​សម្រាប់​អ្នក​ដទៃ គឺ​អ្នក​ដទៃ​ចាយ​វាយ​ទ្រព្យ​នោះ ដើម្បី​រស់​នៅ​យ៉ាង​សប្បាយ។
5 អ្នក​ដែល​កំណាញ់​ចំពោះ​ខ្លួន​ឯង តើ​ចង់​សម្ដែង​ចិត្ត​សប្បុរស​ចំពោះ​នរណា? គេ​មិន​បាន​សប្បាយ ដោយ​សារ​ធន​ធាន​របស់​ខ្លួន​ទេ។
6 គ្មាន​នរណា​កាច​ជាង អ្នក​ធ្វើ​បាប​ខ្លួន​ឯង​ឡើយ គេ​តែង​តែ​រង​ទុក្ខ​ទោស ព្រោះ​តែ​ចិត្ត​អាក្រក់​របស់​ខ្លួន។
7 ប្រសិន​បើ​ជន​កំណាញ់​ធ្វើ​ទាន គេ​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន នៅ​ទី​បញ្ចប់ គេ​មុខ​ជា​បង្ហាញ​ចិត្ត​អាក្រក់​របស់​ខ្លួន​មិន​ខាន!
8 អ្នក​មាន​ចិត្ត​លោភ​លន់​ជា​មនុស្ស​អាក្រក់ គេ​មើល​ងាយ​អ្នក​ដទៃ ដោយ​ធ្វើ​មិន​ឃើញ។ 9 អ្នក​មាន​ចិត្ត​លោភ​លន់ មិន​ដែល​ពេញ​ចិត្ត​នឹង​ចំណែក​ទ្រព្យ​របស់​ខ្លួន​ទេ ការ​កំណាញ់​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មនុស្ស​អត់​ចិត្ត។
10 ជន​កំណាញ់​មិន​ងាយ​ចែក​អាហារ​ឲ្យ​គេ​ទេ សូម្បី​តែ​នៅ​លើ​តុ​របស់​ខ្លួន​ឯង​ផ្ទាល់​ក៏​គ្មាន​បាយ​ផង!

ចូរ​ប្រើ​ប្រាស់​ទ្រព្យ‌សម្បត្តិ​តាម​សម‌រម្យ

11 កូន​អើយ! ប្រសិន​បើ​កូន​មាន​គ្រប់​គ្រាន់ ចូរ​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ស្រួល ហើយ​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌អម្ចាស់​តាម​វិន័យ។ 12 កុំ​ភេ្លច​ថា សេចក្តី​ស្លាប់​នឹង​មក​ដល់​ឆាប់ៗ កូន​ពុំ​ដឹង​ថ្ងៃ​កំណត់​ដែល​កូន​ត្រូវ​ស្លាប់​ទេ។ 13 មុន​នឹង​ស្លាប់ ចូរ​ធ្វើ​ទាន​ដល់​មិត្ត​សម្លាញ់ ចូរ​មាន​ចិត្ត​ទូលាយ​ចំពោះ​គេ តាម​ធន​ធាន​របស់​កូន។
14 ត្រូវ​ចេះ​សប្បាយ​រីក​រាយ ទោះបី​ការ​សប្បាយ​រីក​រាយ​នេះ មាន‌រយៈ​ពេល​ខ្លី​ក៏​ដោយ។ កុំ​ទុក​ឲ្យ​ឱកាស​ដែល​កូន​អាច​បំពេញ​បំណង​ប្រាថ្នា​ដ៏​ត្រឹម​ត្រូវ កន្លង​បាត់​ទៅ​ឡើយ។
15 ត្រូវ​ដឹង​ថា កូន​នឹង​ទុក​ផល​នៃ​ផល​នឿយ​ហត់​របស់​កូន ឲ្យ​អ្នក​ដទៃ គឺ​គេ​នឹង​យក​ផល​នៃ​កិច្ច‌ការ​ដ៏​សែន​លំបាក​របស់​កូន​ទៅ​ចែក​គ្នា ដោយ​ចាប់​ឆ្នោត។
16 ទោះ​បី​កូន​ឲ្យ​អ្វី​ទៅ​គេ ឬ​ទទួល​អ្វី​ពី​គេ ចូរ​ធ្វើ​ឲ្យ​ខ្លួន​បាន​សប្បាយ! ត្បិត​មនុស្ស​ស្លាប់​មិន​ស្វែង​រក​ការ​សប្បាយ​រីក​រាយ​ទៀត​ទេ។
17 សត្វ​លោក​ទាំង​ទ្បាយ រមែង​តែង​តែ​ចាស់​ទៅៗ ហើយ​កាន់​តែ​រេច​រិល ដូច​សម្លៀក​បំពាក់ ដែល​ត្រូវ​តែ​សឹក។ មាន​ច្បាប់​ធម្ម​ជាតិ​តែ​មួយ​សម្រាប់​សត្វ​លោក​ទូ​ទៅ គឺ​គ្រប់​គ្នា​ត្រូវ​តែ​ស្លាប់។
18 មនុស្ស​លោក​ចេះ​តែ​កើត​តៗ​គ្នា គឺ​មនុស្ស​មួយ​ជំនាន់​ស្លាប់​បាត់​ទៅ ហើយ​មាន​ជំនាន់​មួយ​ទៀត​កើត​ទើ្បង​ជំនួស ដូច​ដើម​ឈើ​ស៊ុប​ទ្រុប​ដែល​មាន​ស្លឹក​ជ្រុះ រួច​មាន​ស្លឹក​ថ្មី​ដុះ​លូត​លាស់​ទើ្បង​ជំនួស។
19 ស្នា​ដៃ​អ្វីៗ​ដែល​មនុស្ស​ធ្វើ តែង​តែ​រលាយ​បាត់ ហើយ​ម្ចាស់​ស្នា​ដៃ​នោះ ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ជា​មួយ​ដែរ។

ត្រូវ​ស្វែង​រក​ព្រះ‌ប្រាជ្ញា‌ញាណ

20 អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់ ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​ខិត​ខំ​ត្រិះ​រិះ​ពិចារ‌ណា ពិត​ជា​មាន​សុភមង្គល​ពុំ​ខាន។ 21 អ្នក​នោះ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​រិះ‌គិត​អំពី​អាថ៌‌កំបាំង​របស់​ព្រះ‌អង្គ​ដែរ។ 22 គាត់​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ ដូច​ព្រាន​តាម​ដាន​សត្វ ហើយ​ឃ្លាំ​មើល​កន្លែង​ដែល​ព្រះ‌ប្រាជ្ញា​ញាណ​ត្រូវ​យាង​កាត់។ 23 គាត់​លប​មើល​តាម​បង្អួច​នៃ​ដំណាក់​របស់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​លួច​ស្តាប់​នៅ​មាត់​ទ្វារ។ 24 គាត់​តាំង​ទី​លំ​នៅ​ក្បែរ​ដំណាក់​របស់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​បោះ​ចម្រឹង​នៃ​ជំរំ​របស់​ខ្លួន​ជាប់​នឹង​ជញ្ជាំង​ដំណាក់​របស់​ព្រះ‌អង្គ។ 25 គាត់​បោះ​ជំរំ​ក្បែរ​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​រស់​នៅ​ក្នុង​កន្លែង​ដែល​មាន​សុភមង្គល។ 26 គាត់​ធ្វើ​សំបុក​ដាក់​កូន​នៅ តាម​មែក​សាខា​របស់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​ស្ថិត​នៅ​ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះ‌អង្គ។ 27 ព្រះ‌ប្រាជ្ញា​ញាណ​ការ‌ពារ​គាត់ មិន​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ ហើយ​ឲ្យ​គាត់​តាំង​ទី​លំនៅ ក្នុង​សិរី​រុង‌រឿង​របស់​ព្រះ‌អង្គ។