ជំពូក ៩

អំពី​ស្រ្តី

1 ប្រសិន​បើ​កូន​ស្រឡាញ់​ភរិយា កុំ​ប្រច័ណ្ឌ​នាង​ឡើយ ក្រែង​លោ​នាំ​ឲ្យ​នាង​ចេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។
2 កុំ​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ស្រ្តី​ណា​ម្នាក់ រហូត​ដល់​នាង​អាច​ត្រួត​ត្រា​កូន​បាន​ឡើយ។
3 កុំ​ទៅ​ទាក់​ទង​ជា​មួយ​ស្រ្តី​សាវ៉ា​ឡើយ ក្រែង​លោ​កូន​ចាញ់​កល‌ល្បិច​របស់​នាង។
4 កុំ​នៅ​ក្បែរ​ស្រ្តី​លេង​ភ្លេង ក្រែង​លោ​កូន​ធ្លាក់​ក្នុង​អន្ទាក់​ចម្រៀង​ដ៏​ពីរោះ​របស់​នាង។
5 កុំ​សម្លឹង​មើល​ស្រ្តី​ក្រមុំ មិន​ដាក់​ភ្នែក​ឲ្យ​សោះ ក្រែង​លោ​កូន​ត្រូវ​បង់​ខាត ព្រោះ​តែ​នាង។
6 កុំ​បណ្ដោយ​ខ្លួន​ឲ្យ​លង់​នឹង​ស្រី​ពេស្យា​ឡើយ ក្រែង​លោ​កូន​បាត់​បង់​អ្វីៗ​ដែល​កូន​មាន។
7 កុំ​ក្រឡេក​ភ្នែក លួច​មើល​តាម​ផ្លូវ ក្នុង​ទីក្រុង កុំ​ដើរ​លេង​នៅ​ទី​ស្ងាត់។
8 ចូរ​ងាក​មុខ​ចេញ​ពី​ស្រ្តី​មាន​រូប​ល្អ​ឆើត​ឆាយ កុំ​ជាប់​ភ្នែក​នឹង​លំអ ដែល​មិន​មែន​ជា​របស់​កូន។ សម្ផស្ស​របស់​ស្រ្តី​បាន​ធ្វើ​ឲ្យ​បុរស​ជា​ច្រើន​វង្វេង ហើយ​ធ្វើ​ឲ្យ​តណ្ហា​របស់​បុរស ឆាប​ឆេះ​ដូច​ភ្លើង។
9 កុំ​អង្គុយ​ជិត​ស្រ្តី​ដែល​មាន​ប្តី កុំ​រួម​តុ​ស៊ី​ផឹក​សប្បាយ​ជា​មួយ​នាង​ជា​ដាច់​ខាត ក្រែង​លោ​កូន​ចាប់​ចិត្ត​ស្រឡាញ់​នាង​នោះ ហើយ​ត្រូវ​វិនាស​អន្ត‌រាយ​ដោយ​សារ​តណ្ហា។

អំពី​ទំនាក់​ទំនង​រវាង​មនុស្ស

10 កុំ​បោះ​បង់​មិត្ត​ភក្តិ ដែល​កូន​ស្គាល់​តាំង​ពី​យូរ​មក​ហើយ ដ្បិត​មិត្ត​ថ្មី​មិន​ដូច​មិត្ត​ចាស់​ទេ។ មិត្ត​ថ្មី​បៀប​ដូច​ជា​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ស្រា​នោះ​មាន​រស​ជាតិ​ឆ្ងាញ់​លុះ​ត្រា​តែ​ទុក​បាន​យូរ។
11 កុំ​ច្រណែន​នឹង​អ្នក​បាប ដោយ​ឃើញ​ភាព​ចម្រុង​ចម្រើន​ឡើយ កូន​ពុំ​ដឹង​ថា អវសាន​នៃ​ជីវិត​របស់​គេ​នឹង​វេទនា​យ៉ាង​ណា​ទេ។
12 កុំ​អប​អរ​សាទរ ដោយ​ឃើញ​ជន​ទមិទ្ប​ចម្រុង​ចម្រើន​ឡើយ កូន​ត្រូវ​នឹក​ចាំ​ថា មុន​ពេល​ស្លាប់​ក៏​គេ​មាន​ទោស​ដែរ។
13 ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មាន​អំណាច​ប្រហារ​ជីវិត នោះ​កូន​មិន​ភិត​ភ័យ​នឹង​សេចក្តី​ស្លាប់​ទេ។ ប្រសិន​បើ​កូន​ចូល​ទៅ​ជួប​គេ កុំ​ធ្វើ​អ្វី​ខុស​ឆ្គង​ឡើយ ក្រែង​លោ​គេ​ផ្តាច់​ជីវិត​កូន។ តោង​ដឹង​ថា កូន​ដូច​ជា​ដើរ​នៅ​កន្លែង​មាន​អន្ទាក់​ព័ទ្ធ​ជុំ​វិញ ឬ​ដូច​ជា​ដើរ​នៅ​លើ​កំពែង​ក្រុង​ដែរ។
14 ប្រសិន​បើ​កូន​អាច​ធ្វើ​បាន ចូរ​ខំ​រាប់​អាន​មនុស្ស​ឯ​ទៀតៗ ចូរ​ត្រង​ត្រាប់​ស្តាប់​ដំបូន្មាន​របស់​អ្នក​ប្រាជ្ញ។
15 ចូរ​ពិភាក្សា​ជា​មួយ​អ្នក​ឈ្លាស​វៃ ហើយ​យក​តែ​វិន័យ​របស់​ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត​មក​ពិភាក្សា​គ្នា។
16 ចូរ​ជ្រើស‌រើស​តែ​មនុស្ស​សុចរិត ឲ្យ​រួម​តុ​ជា​មួយ ចូរ​យក​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទុក​ជា​មោទន‌ភាព​របស់​កូន។

អ្នក​ដឹក​នាំ

17 គេ​សរសើរ​សិល្ប‌ករ ព្រោះ​តែ​ស្នា​ដៃ ហើយ​សរសើរ​អ្នក​ដឹក​នាំ ព្រោះ​តែ​ប្រាជ្ញា​ក្នុង​ការ​និយាយ​ស្តី។
18 ក្នុង​ទីក្រុង គេ​តែង​តែ​ក្រែង​រអែង​មនុស្ស​ពូកែ​ព្រោក​ប្រាជ្ញ ហើយ​ស្អប់​មនុស្ស​ដែល​និយាយ​បំផ្លើស។