ជំពូក ៧

ដំបូន្មាន​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ

1 កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​អ្នក​ដទៃ នោះ​គ្មាន​នរណា​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន​ឡើយ។
2 កុំ​ប្រព្រឹត្ត​អំពើ​អយុត្តិ‌ធម៌ នោះ​ក៏​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​អយុត្តិ‌ធម៌​ចំពោះ​កូន​ដែរ។
3 ប្រសិន​បើ​សាប​ព្រោះ​អំពើ​ទុច្ច‌រិត កូន​នឹង​ទទួល​ផល​អាក្រក់ ដល់​ទៅ​ប្រាំពីរ​ដង។
4 កុំ​ទូល​សូម​ព្រះ‌អម្ចាស់ ប្រទាន​អំណាច​ដល់​កូន ហើយ​ក៏​កុំ​សូម​ព្រះ‌រាជា​តែង​តាំង​កូន ជា​មន្ត្រី​ដែរ។
5 កុំ​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​របស់​ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​កុំ​តាំង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ស្តេច​ដែរ។ 6 ប្រសិន​បើ​កូន​ពុំ​អាច​បំបាត់​អំពើ​អយុត្តិ‌ធម៌​ទេ ចូរ​កុំ​ប៉ង​ប្រាថ្នា ចង់​ធ្វើ​ជា​ចៅ​ក្រម​ឡើយ។ បើ​ពុំ​នោះ​ទេ អ្នក​កាន់​អំណាច​មុខ​ជា​អូស​ទាញ​កូន ហើយ​កូន​ក៏​លែង​ជា​មនុស្ស​ទៀង​ត្រង់​ដែរ។
7 កុំ​បំផ្លាញ​ផល​ប្រយោជន៍​របស់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​កូន កុំ​បន្ថោក​ខ្លួន​ឯង​នៅ​ចំពោះ​មុខ​មហា​ជន។
8 កុំ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា ដល់​ទៅ​ពីរ​ដង​ឡើយ ព្រោះ​អំពើ​បាប​ទី​មួយ បណ្តាល​ឲ្យ​កូន​មាន​ទោស​រួច​ស្រេច​ទៅ​ហើយ។
9 កុំ​ពោល​ថា «ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មុខ​ជា​ទត​ឃើញ​តង្វាយ​ដ៏​ច្រើន​របស់​ខ្ញុំ ហើយ​ព្រះ‌អង្គ​មុខ​ជា​សព្វ​ព្រះ‌ហប្ញទ័យ​នឹង​តង្វាយ​ដែល​ខ្ញុំ​ថ្វាយ»។
10 កុំ​ខ្មាស​អៀន​នៅ​ពេល​កូន​អធិដ្ឋាន កុំ​ធ្វេស​ប្រហែស​នឹង​ចែក​ទាន​ដល់​អ្នក​ក្រ‌ខ្សត់។
11 កុំ​ចំអក​ដាក់​មនុស្ស​ដែល​កើត​ទុក្ខ ចូរ​នឹក​ឃើញ​ដល់​ព្រះ‌អង្គ​ដែល​បន្ទាប​មនុស្ស ឬ​លើក​មនុស្ស​ឲ្យ​ខ្ពស់​មុខ​ទើ្បង​វិញ។
12 កុំ​ប្រើ​ល្បិច​កល បោក​ប្រាស​បង‌ប្អូន​របស់​កូន​ឡើយ ហើយ​ក៏​កុំ​បោក​ប្រាស​មិត្ត​ភក្ដិ​របស់​កូន​ដែរ។ 13 ចូរ​កុំ​ភូត​កុហក​ឲ្យ​សោះ អ្នក​ដែល​ចេះ​តែ​ភូត​កុហក​រមែង​ទទួល​ផល​អាក្រក់។
14 ពេល​កូន​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​របស់​ព្រឹទ្ធាចារ្យ កុំ​និយាយ​ផ្តេស​ផ្តាស ពេល​កូន​ទូល​អង្វរ​ព្រះ‌អម្ចាស់​កុំ​ពោល​ពាក្យ​ច្រំ​ដែលៗ​ឡើយ។
15 កុំ​ស្អប់​ការ​លំបាក ឬ​ការ​ធ្វើ​ស្រែ​ចម្ការ​ឡើយ ព្រោះ​ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត បាន​បង្កើត​ការ​ទាំង​នោះ​សម្រាប់​យើង​រាល់​គ្នា។
16 កុំ​សេព​គប់​ជា​មួយ​ក្រុម​អ្នក​បាប​ឡើយ ចូរ​នឹក​ចាំ​ថា​ព្រះ‌ជាម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​ពុំ​ខាន។
17 ចូរ​ដាក់​ខ្លួន​ឲ្យ​ទាប ដ្បិត​ពួក​ទមិទ្ប​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ភ្លើង និង​ដង្កូវ។

មិត្ត​ភក្ដិ និង​គ្រួសារ

18 កុំ​បោះ​បង់​ចោល​មិត្ត​ភក្ដិ ព្រោះ​តែ​ចង់​បាន​ប្រាក់​ឡើយ ហើយ​ក៏​កុំ​បោះ​បង់​ចោល​បង‌ប្អូន​បង្កើត ព្រោះ​តែ​ចង់​បាន​មាស​សុទ្ធ​ដែរ។
19 កុំ​រួញ​រា​នឹង​រៀប​ការ​ជា​មួយ​ស្រ្តី​សុភាព​រាប​សា និង​មាន​ចិត្ត​សប្បុរស​ឡើយ ព្រោះ​គុណ​សម្បត្ដិ​របស់​នាង​ប្រសើរ​ជាង​មាស​ទៅ​ទៀត។
20 កុំ​ធ្វើ​បាប​អ្នក​បម្រើ ដែល​ធ្វើ​ការ​ដោយ​ស្មោះ​ត្រង់ កុំ​ធ្វើ​បាប​កូន​ឈ្នួល​ដែល​ធ្វើ​ការ​អស់​ពី​ចិត្ត​ដែរ។
21 ប្រសិន បើ​កូន​ស្រឡាញ់​អ្នក​បម្រើ​ណា​ម្នាក់​ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ កុំ​បដិ‌សេធ​នឹង​ផ្តល់​ឲ្យ​គេ​មាន​សេរីភាព​ឡើយ។
22 ប្រសិន​បើ​កូន​មាន​ហ្វូង​សត្វ ចូរ​មើល​ថែ​ទាំ​វា ហើយ​បើ​កូន​ទទួល​ផល​ពី​ហ្វូង​សត្វ​ទាំង​នោះ ចូរ​រក្សា​ទុក​ឲ្យ​គង់​វង្ស។
23 ប្រសិន​បើ​កូន​មាន​កូន​ចៅ ចូរ​អប់រំ​វា ចូរ​ប្រៀន​ប្រដៅ​ពួក​វា តាំង​ពី​នៅ​ក្មេង​ទៅ។
24 ប្រសិន​បើ​កូន​មាន​កូន​ស្រី ចូរ​មើល​រក្សា​ខ្លួន​នាង​ឲ្យ​នៅ​ព្រហ្មចារី កុំ​បណ្តោយ​តាម​ចិត្ត​នាង​ពេក។ 25 ចូរ​ទុក​ដាក់​នាង ឲ្យ​មាន​គូ​ស្រករ​នោះ​អ្នក​នឹង​បំពេញ​កិច្ច‌ការ​មួយ​ដ៏​ប្រសើរ។ ប៉ុន្តែ ចូរ​លើក​នាង​ឲ្យ​បុរស​ដែល​មាន​ប្រាជ្ញា​វាង​វៃ។
26 ប្រសិន​បើ​កូន​បាន​រៀប​ការ​ជា​មួយ ភរិយា ដែល​គាប់​ចិត្ត​កូន កុំ​លែង​លះ​នាង​ឡើយ។ កុំ​ទុក​ចិត្ត​លើ​ភរិយា​ដែល​កូន​មិន​ស្រឡាញ់​ឲ្យ​សោះ។
27 ចូរ​លើក​កិត្តិយស​របស់​ឪពុក ដោយ​ស្មោះ​អស់​ពី​ចិត្ត កុំ​បំភ្លេច​ការ​ឈឺ​ចាប់​របស់​ម្តាយ នៅ​ពេល​បង្កើត​អ្នក​មក​នោះ​ឡើយ។ 28 ចូរ​នឹក​ចាំ​ថា​កូន​មាន​ជីវិត ដោយ​សារ​គាត់​ទាំង​ពីរ។ តើ​កូន​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​តប​ស្នង​សង​គុណ​គាត់?។

ករណីយ‌កិច្ច​ចំពោះ​បូជា‌ចារ្យ

29 ចូរ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ដួង​ចិត្ត ហើយ​សម្ដែង​សេចក្តី​គោរព ចំពោះ​បូជា‌ចារ្យ​របស់​ព្រះ‌អង្គ​ផង។
30 ចូរ​ស្រឡាញ់​ព្រះ​ដែល​បាន​បង្កើត​កូន ឲ្យ​អស់​ពី​កម្លាំង កុំ​ធ្វេស​ប្រហែស​នឹង​អស់​លោក​ដែល​បម្រើ​ព្រះ‌អង្គ។
31 ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​លើក​តម្កើង​បូជា‌ចារ្យ​ផង ចូរ​ជូន​ចំពោះ​លោក នូវ​ចំណែក​ដែល​ព្រះ‌អង្គ​បញ្ជា​ដល់​កូន​ស្រាប់ គឺ​ផល​ដំបូង​នៃ​ដំណាំ យញ្ញ‌បូជា​លោះ​បាប សាច់​ចំទ្បក​នៃ​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​តង្វាយ​ម្សៅ និង​ចំណែក​ដែល​ត្រូវ​ញែក​ពី​ផល​ដំបូង ថ្វាយ​ព្រះ‌ជាម្ចាស់។

ករណីយ‌កិច្ច​ចំពោះ​អ្នក​ក្រខ្សត់

32 ចូរ​ចែក​ទាន​ដល់​អ្នក​ក្រខ្សត់ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​កូន​យ៉ាង​ពេញ​លេញ។
33 ចូរ​ចែក​ទាន​ដល់​អស់​អ្នក ដែល​នៅ​រស់​ដោយ​អនុ‌គ្រោះ សូម្បី​តែ​បុគ្គល​ដែល​ទើប​នឹង​ចែក​ស្ថាន​ទៅ​ហើយ ក៏​កុំ​បដិ‌សេធ​ក្នុង​ការ​ជួយ​បញ្ចុះ​សព​គេ​ឲ្យ​បាន​សម​រម្យ​ដែរ។
34 កុំ​គេច​ចេញ​ពី​អ្នក​កំពុង​យំ ផ្ទុយ​ទៅ​វិញ ចូរ​ចូល​រួម​ជា​មួយ​អ្នក​កាន់​ទុក្ខ។
35 ចូរ​ឧស្សាហ៍​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ ធ្វើ​ដូច្នេះ​គេ​មុខ​ជា​ស្រឡាញ់​រាប់​អាន​កូន។
36 ក្នុង​គ្រប់​អំពើ​ដែល​កូន​ធ្វើ ចូរ​នឹក​គិត​ដល់​គ្រា​អវសាន​នៃ​ជីវិត​របស់​កូន នោះ​កូន​មុខ​ជា​មិន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​ឡើយ។