ជំពូក ៣
ភារកិច្ចរបស់កូនចំពោះឪពុកម្តាយ
1 ម្នាលកូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក! ប្រសិនបើកូនធ្វើតាមដំបូន្មានទាំងនេះ កូនមុខជាគេចផុតពីសេចក្តីអន្តរាយពុំខាន!
2 ព្រះអម្ចាស់ប្រទានឲ្យឪពុកមានអំណាចលើកូន ព្រះអង្គក៏ប្រទានឲ្យម្តាយមានសិទ្ធិលើកូនប្រុសដែរ។
3 កូនណាគោរពឪពុក កូននោះលោះបាបរបស់ខ្លួន។
4 កូនដែលលើកតម្កើងកិត្តិយសរបស់ម្តាយ ក៏ដូចជាសន្សំទ្រព្យសម្បត្ដិទុកដែរ។
5 កូនដែលគោរពឪពុកនឹងបានអំណរសប្បាយពីកូនរបស់ខ្លួនវិញពុំខាន។ នៅថ្ងៃដែលគេអង្វរព្រះអម្ចាស់ ព្រះអង្គព្រះអង្គព្រះសណ្តាប់គេ។
6 កូនណាលើកតម្កើងកិតិ្តយសរបស់ឪពុក កូននោះនឹងមានអាយុយឺតយូរ។ កូនដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងធ្វើឲ្យម្តាយស្ងប់ចិត្ត។ 7 កូននោះក៏បម្រើឪពុកម្តាយរបស់ខ្លួន ដូចបម្រើចៅហ្វាយនាយដែរ។
8 ក្នុងគ្រប់ពាក្យសម្ដីដែលកូនពោល ក្នុងគ្រប់អំពើដែលកូនប្រព្រឹត្ត ចូរលើកតម្កើងកិតិ្តយសរបស់ឪពុក ដើម្បីឲ្យកូនទទួលពរ។
9 ពររបស់ឪពុក ពិតជានាំឲ្យក្រុមគ្រួសាររបស់កូនបានរឹងប៉ឹង ផ្ទុយទៅវិញ បណ្តាសារបស់ម្តាយ រមែងនាំឲ្យក្រុមគ្រួសារវិនាសអន្តរាយ។
10 ចូរកុំតម្កើងខ្លួន ដោយឃើញឪពុកអាប់កិតិ្តយស ព្រោះការអាប់កិតិ្តយសរបស់ឪពុកមិនធ្វើឲ្យកូនបានខ្ពស់មុខទ្បើយ។ 11 ដ្បិតមនុស្សបានខ្ពស់មុខ ព្រោះតែកិតិ្តយសរបស់ឪពុក។ រីឯម្តាយដែលអាប់កិត្តិយស ក៏ធ្វើឲ្យកូនអាម៉ាស់មុខដែរ។
12 កូនអើយ ចូរផ្គត់ផ្គង់ឲ្យឪពុកក្នុងពេលដែលគាត់ចាស់ជរា កុំធ្វើឲ្យគាត់កើតទុក្ខនៅពេលគាត់ នៅមានជីវិតដែរ។ 13 ទោះបីគាត់វង្វេងស្មារតីក្កី ចូរអាណិតមេត្តាដល់គាត់ផង។ ក្នុងពេលកូនពេញកម្លាំង កុំមើលងាយគាត់ឲ្យសោះ។ 14 ដ្បិតព្រះអម្ចាស់មិនបំភ្លេចការដឹងគុណ ដែលកូនបានបំពេញចំពោះឪពុកឡើយ ការដឹងគុណទាំងនោះ នឹងធ្វើឲ្យកូនបានរួចពីបាបជាច្រើន។ 15 នៅគ្រាកូនមានអាសន្ន ព្រះជាម្ចាស់មិនបំភ្លេចកូនទេ អំពើបាបរបស់កូននឹងរលាយបាត់អស់ ដូចទឹកកកត្រូវកម្ដៅថ្ងៃ។
16 អ្នកណាបោះបង់ចោលឪពុករបស់ខ្លួន អ្នកនោះដូចជាប្រមាថព្រះជាម្ចាស់ ហើយអ្នកណាធ្វើឲ្យម្តាយពិបាកចិត្ត ព្រះអម្ចាស់នឹងដាក់បណ្តាសាអ្នកនោះ។
អំពីចិត្តសុភាពរាបសា
17 កូនអើយ! ចូរមានចិត្តស្លូតបូត ក្នុងគ្រប់កិច្ចការដែលកូនធ្វើ មនុស្សម្នានឹងស្រឡាញ់កូនជាងអ្នកមានចិត្តទូលាយទៅទៀត។ 18 ពេលកូនមានបុណ្យស័ក្តិកាន់តែខ្ពស់យ៉ាងណា ត្រូវតែដាក់ខ្លួនឲ្យកាន់តែទាបយ៉ាងនោះដែរ ហើយព្រះអម្ចាស់នឹងប្រោសប្រណីដល់កូន។ 19 ទោះបីព្រះអម្ចាស់មានប្ញទ្ធានុភាពយ៉ាងណាក្ដី ក៏ព្រះអង្គសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈអ្នកទន់ទាបវិញ។
20 កុំស្វែងរកអ្វីដែលពិបាកពេក កុំចង់យល់ដឹងអ្វីដែលហួសពីប្រាជ្ញារបស់ខ្លួន។
21 ចូរខិតខំរិះគិតអំពីកិច្ចការដែលព្រះអង្គបានបញ្ជាឲ្យកូនធ្វើ កុំចង់ដឹងពីអ្វីដែលលាក់កំបាំងឡើយ។
22 កុំខ្វល់ខ្វាយនឹងកិច្ចការ ដែលហួសពីសមត្ថភាពរបស់កូន ដ្បិតអ្វីៗដែលកូនឃើញក្នុងលោកនេះ សុទ្ធតែខ្ពស់លើសពីប្រាជ្ញា ដែលមនុស្សអាចយល់បាន។
23 មនុស្សជាច្រើនបានវង្វេង ដោយសារតែការរិះគិតផ្តេសផ្តាសរបស់ខ្លួន។ គំនិតស្រមើស្រមៃដ៏អាក្រក់របស់គេ ក៏ធ្វើឲ្យចិត្តគំនិតរបស់ខ្លួនវៀចវេរដែរ។
24 មនុស្សដែលមានចិត្តចចេសរឹងរូស រមែងផុតជីវិតយ៉ាងវេទនា អ្នកដែលចូលចិត្តប្រថុយជីវិត មុខជាបាត់បង់ជីវិតពុំខាន។
25 មនុស្សដែលមានចិត្តចចេសរឹងរូសរមែងរងទុក្ខលំបាកជាច្រើន មនុស្សពាលរមែងប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។ 26 ជំងឺក្រអឺតក្រទម គ្មានឱសថព្យាបាលឡើយ ព្រោះគំនិតអាក្រក់បានចាក់ប្ញសយ៉ាងជ្រៅ ក្នុងចិត្តរបស់គេ។
27 មនុស្សឈ្លាសវៃ តែងតែយកសុភាសិតមកសញ្ជឹងគិត អ្នកមានប្រាជ្ញាក៏យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ដំបូន្មានដែរ។
អំពីការចែកទាន
28 ទឹកពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅយ៉ាងណា ការដាក់ទានក៏លុបលាងបាបយ៉ាងនោះដែរ។
29 អ្នកណាជួយយកអាសារអ្នកដទៃ អ្នកនោះមុខជាមានសេចក្ដីសុខសម្រាប់អនាគត ពេលមានអាសន្ន គាត់នឹងរកទីពឹងបាន។