ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៦៥

ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

យើង​ត្រៀម​ខ្លួន​ឆ្លើយ​តប​ជា‌និច្ច

តែ​គ្មាន​នរណា​សាក‌សួរ​អ្វី​ពី​យើង​ទេ។

យើង​ត្រៀម​ជា​ស្រេច​នឹង​បង្ហាញ​ខ្លួន

តែ​គ្មាន​នរណា​ស្វែង​រក​យើង​ឡើយ។

ប្រជា‌ជាតិ​នេះ​មិន​បាន​ហៅ​រក​នាម​យើង​សោះ

ទោះ‌បី​យើង​ត្រៀម​ខ្លួន​ចាំ​ជួយ​គេ​ក៏​ដោយ។

រៀង‌រាល់​ថ្ងៃ យើង​លាត​ដៃ​ទៅ​ចង់​ជួយ​គេ

តែ​ប្រជា‌រាស្ដ្រ​នេះ​រឹង​ចចេស​ណាស់

គឺ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់

និង​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។

3 ជាតិ​សាសន៍​នេះ​ធ្វើ​ឲ្យ​យើង​ទាស់​ចិត្ត​ជា‌និច្ច

ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​មុខ​យើង

ពួក​គេ​ធ្វើ​យញ្ញ‌បូជា​នៅ​ក្នុង​សួន​ឧទ្យាន

ហើយ​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយ

នៅ​លើ​អាសនៈ​ធ្វើ​ពី​ឥដ្ឋ។

4 ពួក​គេ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច

ពេល​យប់ គេ​ដេក​នៅ​តាម​រូង​គុហា

គេ​បរិភោគ​សាច់​ជ្រូក និង​ដាក់​ម្ហូប​មិន​បរិសុទ្ធ

នៅ​ក្នុង​ចាន​របស់​ខ្លួន។

5 អ្នក​ទាំង​នោះ​តែង​ស្រែក​ប្រាប់​គេ​ឯង​ថា:

“ចៀស! កុំ​ចូល​មក​ជិត​ខ្ញុំ

ក្រែង​លោ​ភាព​វិសុទ្ធ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​ឯង​ស្លាប់!”

ពេល​យើង​ឃើញ​ដូច្នេះ ធ្វើ​ឲ្យ​កំហឹង​របស់

យើង​កាន់​តែ​ឆេះ‌ឆួល​ឡើង​ថែម​ទៀត។

6 យើង​បាន​កត់‌ត្រា​ទាំង​អស់​ទុក

យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ

យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់។

7ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

យើង​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នា

និង​កំហុស​ដូន‌តា​របស់​អ្នក​រាល់​គ្នា

ដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយ

នៅ​តាម​ភ្នំ​ទាំង‌ឡាយ

ហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។

យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់

ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល

អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីត‌កាល។

8ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:

ពេល​អ្នក​ចម្ការ​ឃើញ​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ​ល្អ

គេ​ពោល​ថា “កុំ​បំផ្លាញ​ឲ្យ​សោះ

ព្រោះ​ទំពាំង‌បាយ‌ជូរ​នេះ​នឹង​ផ្តល់​ស្រា​ឆ្ងាញ់”។

ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរ

ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​យើង

យើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។

9 យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយ

កើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុប

ហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើ

ភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។

អស់​អ្នក​ដែល​យើង​ជ្រើស‌រើស

នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ

អ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។

10 ប្រជាជន​ដែល​ស្វែង​រក​យើង​នឹង​ទទួល

វាល​ទំនាប​សារ៉ូន​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម

ហើយ​ជ្រលង​ភ្នំ​អាគរ​ជា​ជម្រក​សម្រាប់​ហ្វូង​គោ។

11 រីឯ​អ្នក​រាល់​គ្នា​ដែល​បោះ‌បង់​ចោល​ព្រះ‌អម្ចាស់

អ្នក​រាល់​គ្នា​ដែល​បំភ្លេច​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង

ហើយ​បែរ​ជា​ទៅ​រៀប‌ចំ​ម្ហូប​សែន​ព្រះ​កាដ

និង​ច្រួច‌ស្រា​សែន​ព្រះ‌មេនី

12 យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​មុខ​ដាវ

អ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​ឲ្យ​គេ​អារ ក

ដ្បិត​យើង​បាន​ហៅ តែ​អ្នក​រាល់​គ្នា​មិន​ឆ្លើយ​ទេ

យើង​បាន​និយាយ​តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ

ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ

ដែល​យើង​យល់​ថា​អាក្រក់

គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។

13 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់

មាន​ព្រះ‌បន្ទូល​ថា៖

«អ្នក​បម្រើ​របស់​យើង​នឹង​មាន​អាហារ​បរិភោគ

តែ​អ្នក​រាល់​គ្នា​នឹង​ឃ្លាន

អ្នក​បម្រើ​របស់​យើង​នឹង​មាន​ទឹក​ផឹក

តែ​អ្នក​រាល់​គ្នា​នឹង​ស្រេក

អ្នក​បម្រើ​របស់​យើង​នឹង​មាន​អំណរ​សប្បាយ

តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់។

14 អ្នក​បម្រើ​របស់​យើង​នឹង​ស្រែក​ហ៊ោ

ព្រោះ​គេ​សប្បាយ​ចិត្ត

តែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំ

ព្រោះ​ឈឺ​ចុក‌ចាប់​នៅ​ក្នុង​ចិត្ត

អ្នក​រាល់​គ្នា​នឹង​សោក‌សង្រេង បាក់​ទឹក​ចិត្ត។

15 ប្រជាជន​ដែល​យើង​បាន​ជ្រើស‌រើស

នឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា​សម្រាប់​ដាក់​បណ្ដាសា

ថា “សូម​ព្រះ‌ជា‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ស្លាប់

ដូច​ជន​នេះ ឬ​ជន​នោះ”។

រីឯ​អ្នក​បម្រើ​របស់​យើង​វិញ

គេ​នឹង​ជូន​ពរ​គ្នា ដោយ​ប្រើ​នាម​ថ្មី។

16 នៅ​ក្នុង​ស្រុក អ្នក​ណា​ចង់​ជូន​ពរ

ត្រូវ​ជូន​ពរ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ដ៏​ពិត​ប្រាកដ

ហើយ​នរណា​ចង់​ស្បថ

ត្រូវ​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ដ៏​ពិត​ប្រាកដ។

ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​កាល​ពី​មុន

នឹង​លែង​មាន​ទៀត​ហើយ

យើង​ក៏​លែង​នឹក​នា​ពី​ការ​ទាំង​នោះ​ទៀត​ដែរ»។

ផ្ទៃ​មេឃ​ថ្មី និង​ផែន‌ដី​ថ្មី

17 យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែន‌ដី​ថ្មី

អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន

គេ​លែង​នឹក​នា​ទៀត​ហើយ

គឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។

18 ចូរ​អរ‌សប្បាយ​ឡើង

ចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ

ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក

គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡឹម

ដែល​មាន​អំណរ​សប្បាយ​រីក‌រាយ

យើង​បង្កើត​ប្រជាជន​នៅ​ក្រុង​នេះ

ដែល​មាន​អំណរ។

19 ក្រុង​យេរូ‌សាឡឹម​នឹង​ធ្វើ​ឲ្យ​យើង

សប្បាយ​រីក‌រាយ

ប្រជាជន​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​រីក‌រាយ

ក្នុង​ទី‌ក្រុង គេ​លែង​ឮ​សូរ​សម្រែក​យំ​សោក​ទៀត​ហើយ

20 នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែ

បួន​ដប់​ថ្ងៃ​ទៀត​ដែរ

ប្រជាជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែង

អ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេ

មាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ‌រយ​ឆ្នាំ

រីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ‌រយ​ឆ្នាំ

គេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។

21 ពេល​នោះ គេ​នឹង​សង់​ផ្ទះ

ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ

គេ​ដាំ​ដំណាំ ហើយ​បរិភោគ‌ផល​ពី​ដំណាំ​នោះ

22 គឺ​គេ​មិន​សង់​ផ្ទះ​ឲ្យ​អ្នក​ផ្សេង​មក​នៅ

គេ​មិន​ដាំ​ដំណាំ​ទុក​ឲ្យ​អ្នក​ផ្សេង

បរិភោគ‌ផល​ឡើយ

ដ្បិត​ប្រជា‌រាស្ដ្រ​របស់​យើង​នឹង​មាន​អាយុ​វែង

ដូច​អាយុ​ដើម​ឈើ​ធំៗ

អស់​អ្នក​ដែល​យើង​ជ្រើស‌រើស

នឹង​ប្រើ‌ប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក‌បង្កើត។

23 គេ​នឹង​មិន​ធ្វើ​ការ​នឿយ‌ហត់​ជា​អសារ‌បង់

ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មក

ដើម្បី​ឲ្យ​ត្រូវ​អន្តរាយ​ដែរ

ដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជ‌ពង្ស​មួយ

ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ

កូន​ចៅ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ជា​មួយ​គេ។

24 ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ

មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត

ពេល​ពួក​គេ​កំពុង​តែ​ទូល‌អង្វរ​នោះ

យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ

រួច​ស្រេច​ទៅ​ហើយ។

25 ពេល​នោះ ចចក និង​កូន​ចៀម

នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា

សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។

រីឯ​សត្វ​ពស់ វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។

គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា

នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយ។

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។