ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ២៧

1 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ប្រើ ព្រះ‌ខ័ន​ដ៏​ធំ ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិ‌ឫទ្ធិ ដើម្បី​ដាក់​ទោស​ខ្មោច​ទឹក គឺ​ពស់​ដ៏​កំសាក ហើយ​មាន​កល‌ល្បិច ព្រះ‌អង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សម្បើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។

ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌អម្ចាស់

នៅ​ថ្ងៃ​នោះ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ច្រៀង

សរសើរ​ចម្ការ​ទំពាំង‌បាយ‌ជូរ

ដែល​ផ្តល់​ស្រា​ដ៏​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា។

3ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

យើង​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ

យើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។

យើង​យាម​ចម្ការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់

ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។

4 យើង​មិន​ខឹង‌សម្បារ​នឹង​វា​ទៀត​ទេ

ប៉ុន្តែ ប្រសិន​បើ​យើង​ឃើញ

បន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះ

យើង​នឹង​កាប់​ឆ្ការ​វា

ព្រម​ទាំង​ដុត​កម្ទេច​ចោល​ទៀត​ផង។

5 បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើង

ហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខ‌សាន្ត​ពី​យើង

នោះ​យើង​នឹង​ផ្តល់​សេចក្ដី​សុខ‌សាន្ត​ឲ្យ​គេ។

6 នៅ​អនាគត‌កាល ពូជ‌ពង្ស​របស់​លោក​យ៉ាកុប

នឹង​ចាក់​ឫស

ពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែល

នឹង​មាន​ពន្លក​ដុះ​ចេញ​មក

រួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែន‌ដី។

7 តើ​ព្រះ‌អម្ចាស់​បាន​វាយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ

ដូច​ព្រះ‌អង្គ​វាយ​អស់​អ្នក

ដែល​បាន​វាយ​ពួក​គេ​ឬ​ទេ?

តើ​ព្រះ‌អង្គ​ប្រហារ​ជីវិត​ពួក​គេ

ដូច​ព្រះ‌អង្គ​ប្រហារ​ជីវិត​អស់​អ្នក

ដែល​បាន​សម្លាប់​ពួក​គេ​ឬ​ទេ?។

ទេ! ព្រះ‌អម្ចាស់​ដាក់​ទោស​ប្រជា‌រាស្ដ្រ

របស់​ព្រះ‌អង្គ ដោយ​និរទេស​ពួក​គេ

គឺ​ព្រះ‌អង្គ​បាន​បណ្តេញ​ពួក​គេ

ដោយ‌សារ​ខ្យល់​បក់‌បោក​យ៉ាង​ខ្លាំង

ពី​បូព៌ា​ប្រទេស។

9 ដោយ​ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ

កូន​ចៅ​របស់​លោក​យ៉ាកុប​រួច​ពី​បាប

ពួក​គេ​នឹង​កម្ទេច​ថ្ម​អាសនៈ

របស់​ព្រះ​ក្លែង‌ក្លាយ​ឲ្យ​ខ្ទេច

ដូច​ថ្ម​កំបោរ​ដែល​គេ​កម្ទេច​ឲ្យ​ទៅ​ជា​ធូលី​ដី

ព្រម​ទាំង​ផ្តួល​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា

និង​កន្លែង​ថ្វាយ​សក្ការ‌បូជា​ដល់​ព្រះ​ទាំង​នោះ។

10 ទី‌ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ

នឹង​លែង​មាន​មនុស្ស​នៅ​ទៀត​ហើយ

គឺ​ក្រុង​នោះ​ត្រូវ​គេ​បោះ‌បង់​ចោល​ឲ្យ​នៅ

ស្ងាត់‌ជ្រងំ ក្លាយ​ទៅ​ជា​វាល​ស្មៅ

សម្រាប់​គោ​មក​ដេក

ហើយ​ស៊ី​ស្លឹក​ឈើ​តាម​គុម្ពោត​នៅ​ទី​នោះ។

11 ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម

ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។

ប្រជាជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អាទិករ​របស់​ពួក​គេ

លែង​អាណិត​មេត្តា​ពួក​គេ

ព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មក

លែង​អត់‌ឱន​ដល់​ពួក​គេ​ទៀត​ហើយ។

12 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​បោក‌បែន​ស្រូវ

ចាប់​ពី​ទន្លេ​អឺប្រាត

រហូត​ដល់​ទឹក​ជ្រោះ​ស្រុក​អេស៊ីប

ជន​ជាតិ​អ៊ីស្រា‌អែល​អើយ នៅ​ពេល​នោះ

ព្រះ‌អង្គ​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ម្ដង​មួយៗ។ 13 នៅ​ថ្ងៃ​នោះ គេ​នឹង​ផ្លុំ​ត្រែ​ធំ

ប្រជាជន​ដែល​ខ្ចាត់‌ព្រាត់​នៅ​ស្រុក​អាស្ស៊ីរី

ប្រជាជន​ដែល​បែក‌ខ្ញែក​នៅ​ស្រុក​អេស៊ីប

នឹង​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ

គេ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់

នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ គឺ​នៅ​ក្រុង​យេរូ‌សាឡឹម។