ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ២៨

ខ្យល់​ព្យុះ​កម្ទេច​រាជា‌ណា‌ចក្រ​ខាង​ជើង

1 ក្រុង​សាម៉ារី

ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក

នៅ​រាជា‌ណា‌ចក្រ​អេប្រា‌អ៊ីម

មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

សម្ផស្ស​របស់​ក្រុង​ដែល​ស្ថិត​នៅ​ពី​លើ​វាល​ទំនាប

ដ៏​សម្បូណ៌‌សប្បាយ​នេះ

ប្រៀប​ដូច​ជា​ភួង​ផ្កា​ស្រពោន​នៅ​លើ​ក្បាល

របស់​ពួក​ប្រមឹក​ទាំង​នោះ។

2 ព្រះ‌អម្ចាស់​ចាត់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​ឲ្យ​មក

អ្នក​នោះ​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ​សង្ឃរា

ដែល​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ចុះ​មក

ឬ​ដូច​ភ្លៀង​ដែល​បង្អុរ​ចុះ​មក​ធ្វើ​ឲ្យ

មាន​ទឹក​ជំនន់​យ៉ាង​ធំ។

ព្រះ‌អង្គ​នឹង​ច្រាន​ក្រុង​នោះ​ឲ្យ​រលំ​ដល់​ដី។

3 ក្រុង​ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក​អេប្រា‌អ៊ីម

នឹង​ត្រូវ​ខ្មាំង​ជាន់​ឈ្លី។

4 រីឯ​ភួង​ផ្កា​ស្រពោន​ជា​សម្ផស្ស​របស់​ក្រុង​ដែល

ស្ថិត​នៅ​ពី​លើ​វាល​ទំនាប​ដ៏​សម្បូណ៌‌សប្បាយ

ក៏​ត្រូវ​វិនាស ដូច​ក្តឹប​ឧទុម្ពរ​នៅ​ដើម​រដូវ

ត្រូវ​គេ​បេះ ហើយ​ទំពា​លេប​អស់​ទៅ។

5 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​បាន​ដូច​ជា​ភួង​ផ្កា​ដ៏​ស្រស់​បំព្រង ជា​មកុដ និង​ជា​គ្រឿង​អលង្ការ សម្រាប់​ប្រជាជន​របស់​ព្រះ‌អង្គ​ដែល​នៅ​សេស‌សល់។ 6 ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន​ឲ្យ​ចៅ‌ក្រម​កាត់​ក្តី​ដោយ​យុត្តិ‌ធម៌ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ការ‌ពារ​ទឹក​ដី​មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។

ពួក​ប្រមឹក​នាំ​គ្នា​ចំអក​ឲ្យ​ព្យាការី​អេសាយ

7 រីឯ​អ្នក​ទាំង​នេះ​ក៏​ត្រូវ​ស្រា​ទំពាំង‌បាយ‌ជូរ

និង​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង‌វង្វាន់​ដែរ។

ពួក​បូជា‌ចារ្យ និង​ព្យាការី ត្រូវ​ស្រា​ខ្លាំងៗ

នាំ​ឲ្យ​វង្វេង។

សុរា​នាំ​ឲ្យ​ពួក​គេ​ស្រវឹង​ទ្រេត‌ទ្រោត

ស្រា​ខ្លាំង​នាំ​ឲ្យ​គេ​វង្វេង‌វង្វាន់

បណ្តាល​ឲ្យ​គេ​ឃើញ​និមិត្ត​ហេតុ​ផ្តេស‌ផ្តាស

ហើយ​សេចក្ដី​អ្វី​ដែល​គេ​ប្រកាស

ក៏​មិន​ច្បាស់‌លាស់​ដែរ។

តុ​របស់​គេ​ប្រឡាក់​ពេញ​ដោយ​កំអួត

គួរ​ឲ្យ​ខ្ពើម

គឺ​រក​កន្លែង​ស្អាត​ត្រង់​ណា​គ្មាន​សោះ។

គេ​ពោល​ថា:

«អេសាយ​នេះ​ចង់​បង្រៀន​អ្វី?

តើ​គាត់​ចង់​ពន្យល់​និមិត្ត​ហេតុ​របស់​គាត់

ប្រាប់​នរណា?

តើ​គាត់​ចង់​បង្ហាត់​បង្រៀន

កូនង៉ា​ដែល​គេ​ទើប​នឹង​ផ្ដាច់​ដោះ

កូនង៉ា​ដែល​គេ​លែង​ឲ្យ​បៅ​នោះ​ឬ?

10 គាត់​ចេះ​តែ​ពោល​ថា: “ក កា កិ កី…

អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!” »

11 ពិត​មែន​ហើយ! ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូល

មក​កាន់​ប្រជាជន​នេះ

ដោយ​ប្រើ​ភាសា​ដែល​ពួក​គេ​ស្ដាប់​មិន​បាន

ព្រះ‌អង្គ​នឹង​យក​ភាសា​ដទៃ​ទៀត

មក​និយាយ​ជា​មួយ​ពួក​គេ។

12 ព្រះ‌អង្គ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា

“ទុក​ឲ្យ​អ្នក​ហត់‌នឿយ

មក​រក​សម្រាក​លំហែ​កាយ​ចុះ”

តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​ព្រះ‌អង្គ​ទេ។

13 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​គេ ដូច​បង្ហាត់​កូន​ក្មេង​ថា: “ក កា កិ កី… អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!” ដូច្នេះ ពួក​គេ​នឹង​ជំពប់​ដួល បាក់​ដៃ​បាក់​ជើង ហើយ​ជាប់​អន្ទាក់​ចេញ​ពុំ​រួច​ឡើយ។

14 មេ​ដឹក​នាំ​ក្រុង​យេរូ‌សាឡឹម

ដែល​ចូល​ចិត្ត​តែ​និយាយ​ចំអក​អើយ!

ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល

ដូច​ត​ទៅ:

15 អ្នក​រាល់​គ្នា​អះ‌អាង​ថា

អ្នក​រាល់​គ្នា​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​មច្ចុរាជ

ព្រម​ទាំង​ចុះ​កិច្ច​ព្រម‌ព្រៀង​ជា​មួយ

ស្ថាន​មនុស្ស​ស្លាប់។

កាល​ណា​មាន​គ្រោះ​កាច​មក​ដល់

អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​អន្តរាយ​ឡើយ

ព្រោះ​អ្នក​រាល់​គ្នា​យក​ការ​កុហក​ធ្វើ​ជា​ទី​ពឹង

និង​យក​ការ​ភូត‌ភរ​ជា​ជម្រក។

16 ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

យើង​នឹង​យក​ថ្ម​មួយ​ដុំ​មក​ដាក់​ធ្វើ​ជា​គ្រឹះ

នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ល្បង​មើល​អ្នក​រាល់​គ្នា។

ថ្ម​នោះ​ជា​ថ្ម​ដ៏​សំខាន់ និង​មាន​តម្លៃ

ហើយ​ជា​គ្រឹះ​ដ៏​មាំ។

អ្នក​ណា​ពឹង​ផ្អែក​លើ​ថ្ម​នេះ

អ្នក​នោះ​មុខ​ជា​បាន​រឹង‌ប៉ឹង​មិន​ខាន។

17 យើង​នឹង​យក​យុត្តិ‌ធម៌​ធ្វើ​ជា​រង្វាស់

ហើយ​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​ខ្នាត។

ខ្យល់​ព្យុះ​នឹង​បក់​រំលើង​ការ​កុហក

ដែល​ជា​ទី​ពឹង​របស់​អ្នក​រាល់​គ្នា

ហើយ​ទឹក​ក៏​នឹង​ជន់​ឡើង កួច​យក​ការ​ភូត‌ភរ

ដែល​ជា​ជម្រក​របស់​អ្នក​រាល់​គ្នា​ទៅ​ដែរ។

18 សន្ធិ‌សញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ

ជា​មួយ​មច្ចុរាជ នឹង​ត្រូវ​លុប​បំបាត់

កិច្ច​ព្រម‌ព្រៀង​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ​ជា​មួយ

ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ

ពេល​គ្រោះ​កាច​មក​ដល់

អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ​ជា​មិន​ខាន។

19 រាល់​ពេល​ដែល​គ្រោះ​កាច​នោះ​មក​ដល់ វា​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា គ្រោះ​កាច​នោះ​នឹង​កើត​មាន​រៀង‌រាល់​ព្រឹក រៀង‌រាល់​ថ្ងៃ និង​រៀង‌រាល់​យប់។ បើ​គ្រាន់​តែ​ឮ​សូរ​គេ​និយាយ ក៏​ធ្វើ​ឲ្យ​ញ័រ​រន្ធត់​ដែរ។

20 ពេល​នោះ គ្រែ​ដេក​បែរ​ទៅ​ជា​ខ្លី​ពេក

រីឯ​ភួយ​ក៏​តូច​ពេក​រក​ដណ្តប់​ពុំ​បាន​ដែរ។

21 ព្រះ‌អម្ចាស់​នឹង​យាង​មក

ដូច​កាល​ព្រះ‌អង្គ​យាង​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម

និង​វាល​ទំនាប​កាបូន​ដែរ

ព្រះ‌អង្គ​ក្រោក​ឡើង​សម្ដែង​ឫទ្ធិ‌បារមី

ដែល​ជា​ឫទ្ធិ‌បារមី​ដ៏​ចម្លែក

ព្រះ‌អង្គ​បំពេញ​កិច្ច‌ការ​របស់​ព្រះ‌អង្គ

ដែល​ជា​កិច្ច‌ការ​ខុស​ប្លែក​ពី​ធម្មតា។

22 ឥឡូវ​នេះ ចូរ​ឈប់​និយាយ​ចំអក​ទៀត​ទៅ ក្រែង​លោ​ចំណង​រួប‌រឹត​អ្នក​រាល់​គ្នា​កាន់​តែ​តឹង​ថែម​ទៀត ដ្បិត​ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌អង្គ​សម្រេច​រំលាយ​ស្រុក​នេះ​ទាំង​មូល​រួច​ហើយ។

23 ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​របស់​ខ្ញុំ

ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ!

24 តើ​អ្នក​ភ្ជួរ​ដី ដើម្បី​សាប‌ព្រោះ

ចេះ​តែ​ភ្ជួរ​ជា‌និច្ច​រហូត​ទៅ​ឬ?

តើ​គាត់​នៅ​តែ​ភ្ជួរ​ត្រឡប់ និង​រាស់​ដី​ជា‌និច្ច​ឬ?

25 ទេ មិន​ដូច្នោះ​ទេ!

ពេល​ណា​គាត់​ភ្ជួរ​រាស់​ដី​រាប​ស្មើ​ហើយ

គាត់​យក​គ្រាប់​សណ្តែក និង​គ្រាប់​ល្ង​មក​ព្រោះ

គាត់​ព្រោះ​ពូជ​ស្រូវ

ហើយ​ព្រោះ​ពូជ​ស្រូវ​ដំណើប

តាម​កន្លែង​ដែល​គាត់​បាន​កំណត់​ទុក

ព្រម​ទាំង​ព្រោះ​ពូជ​ស្រូវ​ដែល​មិន​សូវ​ល្អ

នៅ​កៀនៗ។

26 ព្រះ‌ជាម្ចាស់​ប្រាប់​ឲ្យ​គាត់​ដឹង​ថា

តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ

ព្រះ‌អង្គ​បង្ហាត់​បង្រៀន​គាត់។

27 ពេល​បេះ​សណ្តែក បេះ​ល្ង​រួច​ហើយ

គាត់​យក​ឈើ​មក​វាយ​គ្រាប់​សណ្តែក

និង​យក​រំពាត់​មក​វាយ​គ្រាប់​ល្ង

គឺ​គាត់​មិន​យក​រនាស់​មក​រាស់​សណ្តែក

ឬ​ក៏​យក​រទេះ​មក​បរ​ពី​លើ​ល្ង​ឡើយ។

28 រីឯ​ស្រូវ​វិញ គាត់​មិន​កិន​ទេ

គឺ​គាត់​គ្រាន់​តែ​បោក‌បែន​ប៉ុណ្ណោះ

តែ​មិន‌មែន​បោក‌បែន​រហូត​ឡើយ។

គាត់​បរ​រទេះ​សេះ​បញ្ជាន់​ស្រូវ​នោះ

តែ​គាត់​មិន​កិន​វា​ឲ្យ​ទៅ​ជា​ម្សៅ​ទេ។

29 គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ណែ‌នាំ

ដំបូន្មាន​របស់​ព្រះ‌អង្គ​គួរ​ឲ្យ​កោត​សរសើរ

ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ

ប្រសើរ​ឧត្តុង្គ‌ឧត្ដម​ក្រៃ‌លែង។