ជំពូក ៦២
ព្រះអម្ចាស់នឹងសង់ក្រុងយេរូសាឡឹមឡើងវិញ
1 យើងគិតដល់ក្រុងស៊ីយ៉ូន
យើងនឹងមិននៅស្ងៀមឡើយ
ដោយយើងគិតដល់ក្រុងយេរូសាឡឹម
យើងនឹងមិននៅសំងំឥតធ្វើអ្វីនោះឡើយ
ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ
ពីក្រុងនេះដូចថ្ងៃរះ
ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ
យ៉ាងច្បាស់ដូចពន្លឺភ្លើង។
2 ពេលនោះ ប្រជាជាតិនានានឹងឃើញ
សេចក្ដីសុចរិតរបស់អ្នក
ហើយស្តេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿង
របស់អ្នកដែរ។
គេនឹងហៅអ្នកតាមឈ្មោះថ្មី
ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឲ្យ។
3 អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត
នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់
និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក។
4 គេនឹងលែងហៅអ្នកថា
“ស្ត្រីដែលស្វាមីលះបង់ចោល” ទៀតហើយ
គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា
“ដីដែលគេបោះបង់ចោលដែរ”។
ផ្ទុយទៅវិញ គេនឹងហៅអ្នកថា
“ព្រលឹងមាសបង!”
ហើយគេនឹងហៅទឹកដីរបស់អ្នកថា
“ភរិយាសម្លាញ់ចិត្ត”
ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក
ហើយទឹកដីរបស់អ្នកនឹងបានដូចជា
ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
5 ព្រះអង្គដែលបានសង់អ្នក
នឹងរៀបការជាមួយអ្នក
ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។
ភរិយាថ្មោងថ្មីផ្តល់អំណរសប្បាយ
ឲ្យស្វាមីយ៉ាងណា
អ្នកក៏ផ្តល់អំណរសប្បាយ
ដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។
6 យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម
នៅតាមកំពែងរបស់អ្នក
ទោះបីថ្ងៃក្តីយប់ក្តី
អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ
គឺត្រូវរំឭកព្រះអម្ចាស់ពីក្រុងយេរូសាឡឹម
អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។
7 អ្នកត្រូវទទូចអង្វរ ឥតឈប់ឈរ
រហូតទាល់តែព្រះអង្គស្តារក្រុងយេរូសាឡឹម
ឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ
8ព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ ដោយយក
ឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គធ្វើជាសាក្សីថា
យើងមិនប្រគល់ស្រូវរបស់អ្នក
ទៅឲ្យខ្មាំងសត្រូវទៀតឡើយ
កូនចៅរបស់សាសន៍ដទៃក៏លែងផឹក
ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់
នោះទៀតដែរ។
9 ផ្ទុយទៅវិញ អស់អ្នកដែលច្រូតកាត់
នឹងបានស្រូវអង្ករបរិភោគ
ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។
រីឯអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ
នឹងបានស្រាទំពាំងបាយជូរផឹកនៅ
ក្នុងទីធ្លាសក្ការៈរបស់យើង។
10 ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ!
ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ដ្ររបស់យើង!
ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ
ចូរយកដុំថ្មចេញ
ហើយលើកទង់សញ្ញាមួយឲ្យ
ប្រជាជនទាំងឡាយឃើញ!
11ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល
នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ:
ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា
មើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នក
ព្រះអង្គយាងមកដល់ ទាំងនាំយកអស់អ្នក
ដែលព្រះអង្គបានលោះមកជាមួយផង
ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។
12 គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ដ្រដ៏វិសុទ្ធ
ប្រជារាស្ដ្រដែលព្រះអម្ចាស់បានលោះ។
រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា
ទីក្រុងបណ្តូលចិត្ត
ក្រុងដែលគេមិនបោះបង់ចោល។