ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៦

ព្រះ‌អម្ចាស់​ត្រាស់‌ហៅ​លោក​អេសាយ

1 នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អសា‌រីយ៉ា​សោយ​ទិវង្គត ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​លាត​ពេញ​ក្នុង​ព្រះ‌វិហារ។ 2 នៅ​ពី​លើ​ព្រះ‌អង្គ​មាន​ពពួក​សេរ៉ាភីម*។ សេរ៉ាភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។ 3 សេរ៉ាភីម​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖

«ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធ

គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!

ផែន‌ដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុង​រឿង

របស់​ព្រះ‌អង្គ!»។

4 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​កក្រើក​ទ្វារ​ព្រះ‌វិហារ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ព្រះ‌ដំណាក់។ 5 ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ* ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជាជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ព្រះ‌មហា​ក្សត្រ ជា​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល»។

6 ខណៈ​នោះ សេរ៉ាភីម​មួយ​ហើរ​មក​រក​ខ្ញុំ ទាំង​កាន់​តង្កៀប​កៀប​រងើក​ភ្លើង​ពី​អាសនៈ​មក​ជា​មួយ​ផង 7 រួច​យក​រងើក​ភ្លើង​នោះ​មក​ប៉ះ​មាត់​ខ្ញុំ ទាំង​ប្រាប់​ថា៖ «ដោយ​រងើក​ភ្លើង​នេះ​ប៉ះ​បបូរ​មាត់​លោក​ដូច្នេះ ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ​លោក ព្រះ‌អង្គ​ដក​បាប​ចេញ​ពី​លោក​ហើយ»។

8 បន្ទាប់​មក ខ្ញុំ​ឮ​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា៖

«តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ

តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។

ខ្ញុំ​ទូល‌ឆ្លើយ​ថា៖

«ទូល‌បង្គំ​នៅ​ទី​នេះ​ស្រាប់​ហើយ!

សូម​ព្រះ‌អង្គ​ចាត់​ទូល‌បង្គំ​ចុះ!»។

9 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

«ទៅ​ចុះ! ចូរ​ទៅ​ប្រាប់​ប្រជាជន​នេះ​ថា

ទោះ‌បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ស្ដាប់

ក៏​អ្នក​រាល់​គ្នា​មិន​យល់

ទោះ‌បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​មើល

ក៏​អ្នក​រាល់​គ្នា​មិន​ឃើញ​ដែរ។

10 ចូរ​ធ្វើ​ឲ្យ​ប្រជាជន​នេះ​មាន​ចិត្ត​រឹង‌រូស

ចូរ​ធ្វើ​ឲ្យ​ត្រចៀក​គេ​ធ្ងន់

ចូរ​បិទ​ភ្នែក​គេ កុំ​ឲ្យ​មើល​ឃើញ

កុំ​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ឮ

កុំ​ឲ្យ​ប្រាជ្ញា​របស់​គេ​ស្វែង​យល់​បាន

ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត

ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​ជា!»។

11 ខ្ញុំ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ

ទូល‌បង្គំ​ត្រូវ​ថ្លែង​ដូច្នេះ​រហូត​ដល់​ពេល​ណា?»

ព្រះ‌អង្គ​តប​មក​វិញ​ថា៖

«រហូត​ដល់​ទី‌ក្រុង​វិនាស​ហិន‌ហោច​អស់

លែង​មាន​មនុស្ស​ក្នុង​ក្រុង

ក្នុង​ផ្ទះ​ក៏​លែង​មាន​មនុស្ស​នៅ

គឺ​រហូត​ដល់​ទឹក​ដី​វិនាស​អន្តរាយ​អស់»។

12 ព្រះ‌អម្ចាស់​នឹង​បណ្តេញ​មនុស្ស‌ម្នា​ចេញ​ពី​ទី​នោះ

ហើយ​នៅ​ក្នុង​ស្រុក មាន​ដី​ជា​ច្រើន

ដែល​ត្រូវ​គេ​បោះ‌បង់​ចោល។

13 ទោះ‌បី​នៅ​សល់​ប្រជាជន​តែ​មួយ​ភាគ​ដប់

ក៏​ពួក​គេ​នឹង​ត្រូវ​ភ្លើង​ឆេះ​ដែរ

ដូច​ដើម​ពោធិ និង​ដើម​ជ្រៃ​ដែល​គេ​កាប់​ចោល

នៅ​សល់​តែ​គល់។

ប៉ុន្តែ នឹង​មាន​ពន្លក​ដ៏‌វិសុទ្ធ

ដុះ​ចេញ​ពី​គល់​នោះ។