ជំពូក ១២
ទំនុកតម្កើងអរព្រះគុណព្រះអម្ចាស់
1 នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖
«ឱព្រះអម្ចាស់អើយ!
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។
ពីមុន ព្រះអង្គព្រះអង្គព្រះពិរោធនឹងទូលបង្គំ
ឥឡូវនេះ ព្រះអង្គលែងព្រះពិរោធទៀតហើយ
គឺព្រះអង្គសម្រាលទុក្ខទូលបង្គំ។
2 ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
ខ្ញុំផ្ញើជីវិតលើព្រះអង្គ
ខ្ញុំលែងភ័យខ្លាចទៀតហើយ
ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ
ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ
ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
3 ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នា
ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ
ដោយអំណរសប្បាយដ៏លើសលប់។
4 នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា:
ចូរអរព្រះគុណព្រះអម្ចាស់
ចូរប្រកាសព្រះនាមរបស់ព្រះអង្គ
ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
ប្រាប់ប្រជាជនទាំងឡាយ។
ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា
ព្រះនាមរបស់ព្រះអង្គឧត្តុង្គឧត្ដមណាស់។
5 ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់
ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត
ចូរប្រកាសពីការអស្ចារ្យទាំងនេះ
ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!
6 អ្នកក្រុងស៊ីយ៉ូនអើយ
ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ!
ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា
ព្រះអង្គឧត្តុង្គឧត្ដម!