ជំពូក ២៣
ព្រះបន្ទូលស្តីអំពីក្រុងទីរ៉ុស និងក្រុងស៊ីដូន
1 សេចក្ដីប្រកាសស្តីអំពី
ក្រុងទីរ៉ុស:
នាវាមកពីស្រុកតារស៊ីសអើយ
ចូរនាំគ្នាស្រែកយំទៅ
ដ្បិតកំពង់ផែរបស់ក្រុងទីរ៉ុសវិនាសសូន្យ
ឥតមានសល់ផ្ទះ ឥតមានកន្លែងចូលសំចត
ទៀតឡើយ!។
ពួកគេបានឃើញដូច្នេះ នៅពេលធ្វើដំណើរ
មកពីកោះគីប្រុស។
2 អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ
អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់
មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយ
ចូរនាំគ្នាតក់ស្លុត និយាយលែងចេញ!។
3 អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មាន
ដែលគេដាំនៅតាមដងទន្លេនីល
ភោគសម្បត្តិរបស់ប្រជាជាតិទាំងឡាយ
សុទ្ធតែនៅប្រមូលផ្តុំក្នុងក្រុងស៊ីដូនទាំងអស់។
4 ស៊ីដូនជាក្រុងដ៏រឹងមាំនៅតាមឆ្នេរសមុទ្រអើយ
អ្នកត្រូវអាម៉ាស់ហើយ
ដ្បិតសមុទ្រពោលថា:
ខ្ញុំពុំធ្លាប់ឈឺផ្ទៃ ខ្ញុំពុំធ្លាប់បង្កើតកូន
ហើយក៏ពុំធ្លាប់ចិញ្ចឹមកូនកម្លោះកូនក្រមុំដែរ។
5 ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប
អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន
ឮដំណឹងពីហេតុការណ៍ដែលកើតមាន
ដល់ក្រុងទីរ៉ុសដែរ។
6 អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ
ចូរនាំគ្នាឆ្លងទៅស្រុកតារស៊ីស
ហើយស្រែកយំនៅទីនោះទៅ!។
7 តើនេះឬទីក្រុងរបស់អ្នករាល់គ្នា
ជាកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ
ជាក្រុងដែលមានកំណើតពីបុរាណកាលមក
ហើយធ្លាប់ត្រួតត្រាស្រុកឆ្ងាយៗនោះ?
8 តើនរណាសម្រេចរំលាយក្រុងទីរ៉ុសដូច្នេះ?
ដ្បិតក្រុងទីរ៉ុសធ្លាប់តែងតាំងស្តេច
ឲ្យគ្រងរាជ្យលើស្រុកនានា
អ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំ
ហើយមនុស្សម្នាលើផែនដីទាំងមូល តែងតែ
គោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។
9 ព្រះអម្ចាស់នៃពិភពទាំងមូលបានសម្រេចដូច្នេះ
ដើម្បីបំបាក់អំនួតរបស់អស់អ្នកដែល
ស្រឡាញ់កិត្តិយស
និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន
នៅលើផែនដីនេះ។
10 ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក
ដូចគេភ្ជួររាស់នៅតាមទន្លេនីល
ដ្បិតលែងមានកំពង់ផែសម្រាប់ឲ្យនាវា
មកពីស្រុកតារស៊ីសចូលចតទៀតហើយ!។
11 ព្រះអម្ចាស់បានលាតព្រះហស្ដទៅលើសមុទ្រ
ព្រះអង្គបានធ្វើឲ្យនគរទាំងឡាយញាប់ញ័រ
ព្រះអង្គបានបញ្ជាឲ្យជនជាតិកាណាន
កម្ទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។
12 ព្រះអង្គមានព្រះបន្ទូលថា:
អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ
អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ
តទៅមុខទៀតហើយ
ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្តី
ក៏នៅតែពុំបានសម្រាកដែរ។
13 ចូរមើលទៅស្រុកខាល់ដេ!
ស្រុកនោះលែងមានប្រជាជនទៀតហើយ
ព្រោះជនជាតិអាស្ស៊ីរីបានធ្វើឲ្យស្រុកនោះ
ក្លាយទៅជាជម្រករបស់សត្វព្រៃ។
ពួកគេបានដំឡើងប៉មចាំយាម
ហើយផ្តួលរំលំដំណាក់ទាំងឡាយនៅក្រុងទីរ៉ុស
ឲ្យបាក់បែកអស់។
14 នាវាទាំងឡាយដែលមកពីស្រុកតារស៊ីសអើយ
ចូរស្រែកយំទៅ ដ្បិតទីក្រុងជាជម្រករបស់អ្នករាល់គ្នា
រលាយសូន្យបាត់ទៅហើយ!
15 នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេលែងនឹកនាអស់រយៈពេលចិតសិបឆ្នាំ ពោលគឺរយៈពេលមួយរជ្ជកាលរបស់ស្តេចមួយអង្គ។ លុះផុតពេលចិតសិបឆ្នាំនេះទៅ នឹងមានហេតុការណ៍កើតឡើងដល់ក្រុងនេះ ស្របនឹងចម្រៀងស្តីអំពីស្ត្រីពេស្យាថា:
16 «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ
ចូរយកចាប៉ីមួយមក
ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ!
ចូរលេងឲ្យពីរោះ
ចូរច្រៀងហើយច្រៀងទៀតទៅ
ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។
17 លុះចិតសិបឆ្នាំកន្លងផុតទៅ ព្រះអម្ចាស់នឹងយាងមកសង្គ្រោះក្រុងទីរ៉ុស តែក្រុងនេះវិលទៅរកស៊ីយ៉ាងថោកទាបវិញ គឺវានឹងលក់ខ្លួនឲ្យនគរទាំងប៉ុន្មានក្នុងសកលលោកនេះ។ 18 ប៉ុន្តែ កម្រៃ និងប្រាក់ចំណេញដែលក្រុងនេះរកបាន នឹងត្រូវញែកថ្វាយព្រះអម្ចាស់ គ្មាននរណាអាចប្រមូលទ្រព្យទាំងនេះទុកឡើយ ដ្បិតរបស់ទ្រព្យទាំងនេះនឹងត្រូវបម្រុងទុកជាអាហារ សម្រាប់ពួកអ្នកបម្រើព្រះអម្ចាស់ និងជាសម្លៀកបំពាក់ដ៏ថ្លៃថ្នូរសម្រាប់ពួកគេ។