ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៣១

អេស៊ីប​ពុំ​អាច​ជួយ​អ៊ីស្រា‌អែល​ឡើយ

1 អស់​អ្នក​ដែល​រត់​ទៅ

ស្រុក​អេស៊ីប ដើម្បី​រក​ជំនួយ

មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

អ្នក​ទាំង​នោះ​ពឹង​ផ្អែក​លើ​សេះ

និង​ទុក​ចិត្ត​លើ​រទេះ​ចម្បាំង

ព្រោះ​ឃើញ​មាន​ចំនួន​ច្រើន

ពួក​គេ​ទុក​ចិត្ត​លើ​កង‌ទ័ព‌សេះ

ព្រោះ​ឃើញ​ថា​ខ្លាំង​ពូកែ

តែ​ពួក​គេ​ពុំ​នឹក​នា​ដល់​ព្រះ​ដ៏‌វិសុទ្ធ

របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ទេ

ពួក​គេ​ពុំ​ស្វែង​រក​ព្រះ‌អម្ចាស់​ឡើយ។

2 រីឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​ខ្លាំង​ពូកែ​ដែរ

ព្រះ‌អង្គ​អាច​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​ឡើង

ព្រះ‌អង្គ​គំរាម​យ៉ាង​ណា ព្រះ‌អង្គ​នឹង​ធ្វើ​យ៉ាង​នោះ

ព្រះ‌អង្គ​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់

ហើយ​ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

ដែល​គេ​ហៅ​ឲ្យ​មក​ជួយ។

3 ជន​ជាតិ​អេស៊ីប​ជា​មនុស្ស គឺ​មិន‌មែន​ជា​ព្រះ​ទេ

សេះ​របស់​ពួក​គេ​ជា​សត្វ

គឺ​មិន‌មែន​ជា​ទេវតាឡើយ។

ពេល​ណា​ព្រះ‌អម្ចាស់​លើក​ព្រះ‌ហស្ដ​ឡើង

អ្នក​ដែល​មក​ជួយ​សង្គ្រោះ​នឹង​ជំពប់​ដួល

ហើយ​អ្នក​ដែល​គេ​ជួយ​ក៏​នឹង​ដួល​ដែរ

គឺ​គេ​ត្រូវ​វិនាស​ជា​មួយ​គ្នា។

មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​អាច​សង្គ្រោះ​ក្រុង​យេរូ‌សាឡឹម

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:

«ពេល​ណា​សត្វ​សិង្ហ ឬ​កូន​វា​គ្រហឹម​ទៅ​លើ​រំពា

ទោះ‌បី​ពួក​គង្វាល​លើក​គ្នា​មក​ស្រែក​គំរាម

ចង់​ដណ្ដើម​រំពា​នោះ​ពី​វា​ក្តី

ក៏​វា​មិន​ភ័យ‌ខ្លាច​សម្រែក​របស់​ពួក​គេ

ឬ​ដក​ខ្លួន​ថយ ដោយ​សំឡេង​បង្អើល

របស់​ពួក​គង្វាល​នោះ​ឡើយ។

រីឯ​យើង​ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល

ក៏​ដូច្នោះ​ដែរ

យើង​នឹង​ចុះ​ទៅ​ធ្វើ​សឹក​នៅ​ភ្នំ​ស៊ីយ៉ូន»។

5 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការ‌ពារ

ក្រុង​យេរូ‌សាឡឹម

ដូច​បក្សី​ត្រដាង​ស្លាប​ការ‌ពារ​កូន​របស់​វា។

ព្រះ‌អង្គ​ការ‌ពារ និង​រំដោះ​ក្រុង​យេរូ‌សាឡឹម

ព្រះ‌អង្គ​សង្គ្រោះ​ក្រុង​នេះ

មិន​ឲ្យ​វិនាស​អន្តរាយ​ឡើយ។

6 កូន​ចៅ​អ៊ីស្រា‌អែល​អើយ! អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​យ៉ាង​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​វិល​មក​រក​ព្រះ‌អង្គ​វិញ!។ 7 អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​បោះ‌បង់​រូប​ព្រះ​ក្លែង‌ក្លាយ។

8 ជន​ជាតិ​អាស្ស៊ីរី​នឹង​វិនាស​ដោយ​មុខ​ដាវ

តែ​មិន‌មែន​ជា​ដាវ​របស់​មនុស្ស​ទេ

គឺ​ពួក​គេ​មិន​ស្លាប់​ដោយ​មុខ​ដាវ

របស់​មនុស្ស​ឡើយ។

ពួក​អាស្ស៊ីរី​នឹង​បាក់​ទ័ព

ហើយ​ទាហាន​ក្មេងៗ​របស់​ពួក​គេ

នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក។

9 ស្តេច​របស់​ពួក​គេ​នឹង​រត់​ទៅ ទាំង​ភ័យ​ញាប់​ញ័រ

មេ‌ទ័ព​របស់​ពួក​គេ​នឹង​ញ័រ​រន្ធត់

នៅ​មុខ​ទង់​ជ័យ​របស់​ព្រះ‌អង្គ។

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ដែល​ប្រជាជន​គោរព​បម្រើ​នៅ​ភ្នំ​ស៊ីយ៉ូន

ហើយ​ដុត​តង្វាយ​ថ្វាយ​ព្រះ‌អង្គ

នៅ​ក្រុង​យេរូ‌សាឡឹម។