ជំពូក ៥៨
ការតមអាហារដែលព្រះអម្ចាស់សព្វព្រះហឫទ័យ
1 ព្រះអម្ចាស់មានព្រះបន្ទូលថា:
ចូរស្រែកឲ្យអស់ទំហឹង
កុំញញើតឡើយ!
ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែ
ចូរប្រាប់ប្រជាជនរបស់យើងឲ្យ
ស្គាល់ការបះបោររបស់ខ្លួន
ចូរប្រាប់កូនចៅលោកយ៉ាកុប
ឲ្យស្គាល់អំពើបាបរបស់គេផង!
2 រៀងរាល់ថ្ងៃ គេសាកសួរ
ចង់ស្គាល់បំណងរបស់យើង។
គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល
ប្រព្រឹត្តអំពើសុចរិត
ឥតបោះបង់វិន័យព្រះរបស់ខ្លួនទេ។
គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ
តាមយុត្តិធម៌
ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។
3 ពួកគេតែងពោលថា
“យើងតមអាហារបានប្រយោជន៍អ្វី
បើព្រះអង្គមិនទតមើលផងនោះ!។
យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី
បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ!”។
យើងប្រាប់ពួកគេឲ្យដឹងវិញថា
«នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ
អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍
អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់
របស់ខ្លួនថែមទៀតផង។
4 អ្នករាល់គ្នាតមអាហារ ទាំងរករឿង
ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ
គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាម
គោលការណ៍របស់ថ្ងៃតមអាហារ
ដើម្បីឲ្យពាក្យទូលអង្វររបស់អ្នករាល់គ្នា
លាន់ឮទៅដល់យើងឡើយ។
5 អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះ
ស្មានថាយើងពេញចិត្តឬ?
អ្នករាល់គ្នាឱនក្បាល
ដូចដើមកក់ត្រូវខ្យល់បក់
អ្នករាល់គ្នាក្រាបលើបាវ
និងអង្គុយលើផេះបែបនេះ ស្មានថាជា
ការតមអាហារដែលគាប់ចិត្តយើងឬ?
6 ការតមអាហារដែលគាប់ចិត្តយើង
គឺត្រូវដោះលែងអ្នកទោស
ដែលអ្នកយកមកដាក់ច្រវាក់ដោយអយុត្តិធម៌
ត្រូវដោះនឹមដែលអ្នកដាក់លើគេនោះចេញ
ត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិន
ឲ្យមានសេរីភាពឡើងវិញ
ពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង។
7 ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន
ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជម្រក
ឲ្យស្នាក់នៅជាមួយ។
បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់
ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង
ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា
ដែលមកពឹងពាក់អ្នកឡើយ។
8 បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក
នឹងលេចចេញមកដូចថ្ងៃរះ
ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស
សេចក្ដីសុចរិតរបស់អ្នក
នឹងស្ថិតនៅពីមុខអ្នកជានិច្ច
ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់
ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
9 ប្រសិនបើអ្នកស្រែកអង្វរ
ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។
បើអ្នកស្រែកហៅព្រះអង្គ
នោះព្រះអង្គនឹងមានព្រះបន្ទូលតបមកវិញថា
“យើងមកហើយ!”។
ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង
ឈប់ចោទមួលបង្កាច់គេ
10 ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួន
យកទៅឲ្យអ្នកដែលស្រេកឃ្លាន
ប្រសិនបើអ្នកយកម្ហូបអាហារ
ទៅចម្អែតមនុស្សទុរគត
នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត
ហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺ
ដូចពន្លឺថ្ងៃត្រង់ដែរ។
11ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច
ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្តី
ក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក
និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។
អ្នកនឹងប្រៀបដូចជាសួនច្បារ
ដែលសម្បូណ៌ទៅដោយទឹក
ឬដូចជាប្រភពទឹកដែលមិនចេះរីង។
12 អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ
អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់
ពីបុរាណកាល។
គេនឹងដាក់ឈ្មោះអ្នកថា
“អ្នកជួសជុលកំពែងធ្លុះធ្លាយ
អ្នករៀបចំផ្លូវ ធ្វើឲ្យមានមនុស្សរស់នៅ
ក្នុងក្រុងឡើងវិញ”។
13 ប្រសិនបើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃសប្ប័ទ*
ប្រសិនបើអ្នកមិនស្វែងរកកម្រៃ
នៅថ្ងៃដ៏វិសុទ្ធរបស់យើង
ប្រសិនបើអ្នកចាត់ទុកថ្ងៃសប្ប័ទ
ថាជាថ្ងៃមួយដ៏សប្បាយ
ជាថ្ងៃដ៏វិសុទ្ធរបស់ព្រះអម្ចាស់
ហើយប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែន
គឺមិនរកស៊ី មិនរកកម្រៃ
និងមិននិយាយតថ្លៃនោះទេ
14ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកសប្បាយរីករាយ
យើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដី
យើងនឹងឲ្យអ្នករស់នៅយ៉ាងសប្បាយ
ក្នុងទឹកដីដែលយើងបានចែកឲ្យយ៉ាកុប
ជាបុព្វបុរសរបស់អ្នក»។
នេះជាព្រះបន្ទូលដែលចេញមកពី
ព្រះឱស្ឋរបស់ព្រះអម្ចាស់។