ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៤៤

មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់

1 កូន​ចៅ​យ៉ាកុប

ជា​អ្នក​បម្រើ​របស់​យើង

ប្រជាជន​អ៊ីស្រា‌អែល

ដែល​យើង​បាន​ជ្រើស‌រើស​អើយ

ឥឡូវ​នេះ ចូរ​ស្ដាប់​យើង!

2ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នក

ព្រះ‌អង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ

ព្រះ‌អង្គ​ដែល​ជួយ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​យេស៊ូរូន​ដែល​យើង​បាន​ស្រោច‌ស្រង់​អើយ

កុំ​ភ័យ‌ខ្លាច​អ្វី​ឡើយ!

3 យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែង

យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ

នៅ​លើ​ដី​ហួត‌ហែង

យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង

ទៅ​លើ​ពូជ‌ពង្ស​អ្នក

ព្រម​ទាំង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។

4 កូន​ចៅ​របស់​អ្នក​នឹង​ចម្រើន​ឡើង

ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង

និង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។

ពេល​នោះ ម្នាក់​ពោល​ថា

ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌អម្ចាស់

ម្នាក់​ទៀត​ថា ខ្លួន​ជា​កូន​ចៅ​របស់​យ៉ាកុប

ម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា

“ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់”

ព្រម​ទាំង​មាន​មោទន‌ភាព

ព្រោះ​ខ្លួន​ជា​ជន​ជាតិ​អ៊ីស្រា‌អែល។

6 ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ​របស់

ជន​ជាតិ​អ៊ីស្រា‌អែល

គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល

ដែល​បាន​លោះ​ជន​ជាតិ​អ៊ីស្រា‌អែល

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត

ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។

7 តើ​មាន​ព្រះ​ណា​ដូច​យើង?

ឲ្យ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មក!

គឺ​ត្រូវ​រៀប‌រាប់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន

ចាប់​ពី​ពេល​យើង​បង្កើត​ប្រជាជន

តាំង​ពី​អស់‌កល្ប​រៀង​មក

ព្រម​ទាំង​រៀប‌រាប់​អំពី​ហេតុ‌ការណ៍

ដែល​នឹង​កើត​មាន​នៅ​គ្រា​ខាង​មុខ​ដែរ។

8 កុំ​ញ័រ​រន្ធត់ កុំ​ភ័យ‌ខ្លាច​អ្វី​ឡើយ

តាំង​ពី​ដើម​រៀង​មក

យើង​តែង‌តែ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា‌និច្ច

អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង​ស្រាប់​ហើយ

ក្រៅ​ពី​យើង តើ​មាន​ព្រះ​ណា​ទៀត​ទេ?

ទេ! គ្មាន​ថ្ម‌ដា​ណា​ទៀត​ឡើយ

យើង​មិន​ដែល​បាន​ស្គាល់​ទាល់​តែ​សោះ។

អ្នក​បង្កើត​រូប​បដិមា

9 អស់​អ្នក​ដែល​ឆ្លាក់​រូប​បដិមា

សុទ្ធ​តែ​ជា​មនុស្ស​ឥត​បាន​ការ

រីឯ​ស្នា‌ដៃ​ដែល​គេ​ចាត់​ទុក​ថា​មាន​តម្លៃ

ក៏​គ្មាន​សារ​ប្រយោជន៍​អ្វី​ដែរ។

រូប​ព្រះ​ទាំង​នោះ​ជា​សាក្សី​របស់​ពួក​គេ

តែ​ជា​សាក្សី​ដែល​មិន​ចេះ​មើល

ហើយ​ក៏​មិន​ដឹង​អ្វី​ដែរ

គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​ប៉ុណ្ណោះ។

10 អ្នក​សូន​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​សិត​រូប​បដិមា

ដែល​ពុំ​អាច​ផ្តល់​សារ​ប្រយោជន៍​អ្វី​សោះ

ពិត​ជា​មនុស្ស​ល្ងី‌ល្ងើ​មែន!

11 រីឯ​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​រូប​ទាំង​នោះ

នឹង​ត្រូវ​អាម៉ាស់

ដ្បិត​អ្នក​ឆ្លាក់​រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស។

ទុក​ឲ្យ​ពួក​គេ​ប្រមូល​គ្នា

ឲ្យ​គេ​ជួប‌ជុំ​គ្នា​ទៅ

ពួក​គេ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​អាម៉ាស់​មុខ។

12 ជាង​ដែក​យក​លោហ‌ធាតុ​មក​ដុត

ដំ​នឹង​ញញួរ​ធ្វើ​ជា​រូប។

អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ស្វាហាប់

ក៏​ប៉ុន្តែ បើ​គេ​មិន​បរិភោគ គេ​មុខ​ជា​អស់​កម្លាំង

បើ​គេ​មិន​ផឹក​ទឹក គេ​មុខ​ជា​នឿយ‌ហត់។

13 ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើ

និង​គូរ​រូប​ពី​លើ

ហើយ​យក​ពន្លាក​មក​ដាប់​ឈើ​នោះ

តាម​រូប‌រាង និង​ភិន‌ភាគ​ដូច​មនុស្ស

រួច​យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​មួយ។

14 គេ​កាប់​ដើម​ឈើ​ដ៏​ធំៗ

គេ​ជ្រើស‌រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃ

ពី​ចំណោម​ដើម​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​ព្រៃ។

គេ​ដាំ​ដើម​ស្រល់

ហើយ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។

15 មនុស្ស‌ម្នា​យក​ឈើ​ទាំង​នោះ​មក​ប្រើ​ជា​អុស

សម្រាប់​កម្ដៅ​ផ្ទះ និង​ចម្អិន​ម្ហូប​អាហារ។

គេ​ក៏​យក​ឈើ​នោះ​ឆ្លាក់​ធ្វើ​រូប​ព្រះ

សម្រាប់​ក្រាប​ថ្វាយ‌បង្គំ

និង​ធ្វើ​ជា​រូប​បដិមា​សម្រាប់​គោរព‌បូជា។

16 គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុស

អាំង​សាច់​បរិភោគ​ចម្អែត​ក្រពះ

ហើយ​ក៏​ប្រើ​សម្រាប់​កម្ដៅ​រូប‌រាង​កាយ

ទាំង​ពោល​ថា “មើល៍ អណ្ដាត​ភ្លើង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់!”។

17 រីឯ​ឈើ​មួយ​ចំណែក​ទៀត គេ​យក​ទៅ​ធ្វើ​ជា

រូប​បដិមា​ជា​ព្រះ​របស់​ខ្លួន រួច​ក្រាប​ថ្វាយ‌បង្គំ

គេ​គោរព​បម្រើ​រូប​នោះ និង​ទូល‌អង្វរ​ថា

“សូម​រំដោះ​ទូល‌បង្គំ​ផង!

ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ!”។

18 អ្នក​ទាំង​នោះ​មិន​យល់ និង​មិន​រិះ‌គិត​ពិចារណា

ព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញ

ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។ 19 គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះ‌គិត

និង​ពិចារណា រួច​ពោល​ថា

“ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាល

ខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើង

ខ្ញុំ​អាំង​សាច់​បរិភោគ។

រីឯ​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់

ខ្ញុំ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម

រួច​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​រូប​ឈើ​នោះ”។

20 គេ​ចាប់​ចិត្ត​នឹង​អ្វី​ដែល​ជា​ផេះ

ចិត្ត​គំនិត​លេលា​របស់​គេ​នាំ​ខ្លួន​គេ​ឲ្យ

វង្វេង​វង្វាន់​លែង​ដឹង​អ្វី​សោះ។

រូប​ព្រះ​របស់​គេ​ពុំ​អាច​រំដោះ​គេ​បាន​ទេ

ប៉ុន្តែ គេ​មិន​ថា រូប​ដែល​គេ​កាន់​នេះ

ជា​ព្រះ​ក្លែង‌ក្លាយ​ឡើយ។

ព្រះ‌អម្ចាស់​តែ​មួយ​គត់ ជា​ព្រះ‌ជាម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​មនុស្ស​លោក

21 អ៊ីស្រា‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយ

ចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង

យើង​បាន​បង្កើត​អ្នក ដើម្បី​ឲ្យ​បម្រើ​យើង

អ៊ីស្រា‌អែល​អើយ

យើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ!

22 យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នក

ដូច​ពពក​រសាត់​បាត់​ទៅ

ចូរ​វិល​ត្រឡប់​មក​រក​យើង​វិញ

ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។

23 ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង

ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ

ទី​ជម្រៅ​នៃ​ផែន‌ដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង

ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង

រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់

ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ

ដ្បិត​ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​របស់

លោក​យ៉ាកុប​ហើយ

ព្រះ‌អង្គ​បាន​សម្ដែង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ

ដោយ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល។

ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ស្តេច​ស៊ីរូស

24 ព្រះ‌អម្ចាស់​ដែល​បាន​លោះ​អ្នក

គឺ​ព្រះ‌អង្គ​ដែល​បាន​បង្កើត​អ្នក​តាំង​ពី​ក្នុង

ផ្ទៃ​ម្ដាយ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

“យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត

អ្វីៗ​ទាំង​អស់ យើង​បាន​លាត​ផ្ទៃ​មេឃ

ហើយ​យើង​ក៏​បាន​សន្ធឹង​ផែន‌ដី

ដោយ​ខ្លួន​យើង​ផ្ទាល់។

25 យើង​ធ្វើ​ឲ្យ​ទំនាយ​របស់​គ្រូ‌ហោរ

ទៅ​ជា​ឥត​បាន​ការ

យើង​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់

យើង​នឹង​រំលាយ​គម្រោង‌ការ​របស់​ពួក​អ្នក​ប្រាជ្ញ

ដោយ​ធ្វើ​ឲ្យ​ចំណេះ​របស់​គេ

ក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។

26 យើង​បំពេញ​តាម​ពាក្យ​សម្ដី​អ្នក​បម្រើ​របស់​យើង

ហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែល

យើង​ចាត់​ឲ្យ​មក​នោះ បាន​សម្រេច។

យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថា

ចូរ​ឲ្យ​មាន​ប្រជាជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញ

យើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថា

ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ

យើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់‌បែក

មាន​រូប‌រាង​ឡើង​វិញ។

27 យើង​បង្គាប់​មហា‌សាគរ​ឲ្យ​រីង​ស្ងួត

ហើយ​ធ្វើ​ឲ្យ​ទន្លេ​រីង។

28 យើង​និយាយ​អំពី​ស្តេច​ស៊ីរូស​ថា

អ្នក​នេះ​ជា​មេ​ដឹក​នាំ​ដែល​យើង​បាន​តែង‌តាំង។

គាត់​នឹង​បំពេញ​អ្វីៗ

តាម​ចិត្ត​ដែល​យើង​ប្រាថ្នា​ចង់​បាន

គាត់​នឹង​បញ្ជា​ឲ្យ​គេ​សង់​ក្រុង​យេរូ‌សាឡឹម

និង​ព្រះ‌វិហារ​ឡើង​វិញ”។