ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៤

1 នៅ​គ្រា​នោះ ស្ត្រី​ប្រាំ​ពីរ​នាក់

នឹង​ចោម‌រោម​ចង់​បាន​បុរស​ម្នាក់

ទាំង​ពោល​ថា៖

«សូម​លោក​យក​យើង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ផង

សូម​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​យើង​ខ្ញុំ​ទៅ

យើង​ខ្ញុំ​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង

យើង​ខ្ញុំ​នឹង​រក​សម្លៀក‌បំពាក់​ដោយ​ខ្លួន​ឯង»។

អនាគត​របស់​ក្រុង​យេរូ‌សាឡឹម

2 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពន្លក​មួយ​លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សល់​ពី​ស្លាប់ ឲ្យ​មាន​កិត្តិ‌យស និង​សិរី‌រុង​រឿង ហើយ​ដី​នឹង​បង្កើត​ភោគ‌ផល​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​មោទន‌ភាព និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ។ 3 ពេល​នោះ អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ដែល​សល់​ពី​ស្លាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​បាន​រួច​ជីវិត នឹង​មាន​ឈ្មោះ​ថា «ជន​ដ៏‌វិសុទ្ធ»។ ព្រះ‌អម្ចាស់​កត់​ឈ្មោះ​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ 4 ព្រះ‌អម្ចាស់​នឹង​ផ្លុំ​ខ្យល់​មក​ដូច​ភ្លើង ដើម្បី​វិនិច្ឆ័យ និង​ជម្រះ​អ្នក​ក្រុង​ស៊ីយ៉ូន ឲ្យ​បាន​រួច​ផុត​ពី​អំពើ​សៅ‌ហ្មង។ ព្រះ‌អង្គ​ក៏​លាង​ឈាម​ដែល​គេ​បាន​បង្ហូរ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។

5 បន្ទាប់​មក ព្រះ‌អម្ចាស់​នឹង​បង្កើត​ដុំ​ពពក និង​ផ្សែង នៅ​ពេល​ថ្ងៃ ហើយ​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច ដូច​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ នៅ​ពេល​យប់ ឲ្យ​មក​ស្ថិត​លើ​ភ្នំ​ស៊ីយ៉ូន​ទាំង​មូល និង​លើ​អង្គ​ប្រជុំ​នានា ក្នុង​ពេល​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ។ សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​នឹង​គ្រប​បាំង​ការ‌ពារ​អ្វីៗ​ទាំង​អស់។ 6 សិរី‌រុង​រឿង​នោះ​គ្រប​បាំង​ភ្នំ​ស៊ីយ៉ូន ប្រៀប​ដូច​ជា​ស្វេតច្ឆត្រ​ផ្តល់​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ​នៅ​ពេល​ថ្ងៃ​ក្ដៅ ហើយ​ក៏​ជា​ជម្រក នៅ​ពេល​ព្យុះ​សង្ឃរា និង​ពេល​ភ្លៀង​ផង​ដែរ។