ជំពូក ១៦
ស្រុកម៉ូអាប់ស្រែកហៅក្រុងយេរូសាឡឹមឲ្យជួយ
1 ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន
យកទៅថ្វាយព្រះមហាក្សត្រយូដា
ដែលគង់នៅភ្នំស៊ីយ៉ូន!
2 ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អាណូន
ជាកន្លែងទឹករាក់
ដូចបក្សីដែលគេដេញចេញពីសំបុក។
3 ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖
«សូមជួយផ្តល់គំនិតឲ្យយើងខ្ញុំ
សូមចាត់វិធានការជួយយើងខ្ញុំផង។
ក្នុងពេលថ្ងៃពេញកម្ដៅនេះ
សូមធ្វើជាម្លប់ដល់យើងខ្ញុំ
ដូចនៅពេលយប់ដែរ
សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ
ជ្រកកោនជាមួយបងប្អូន
សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។
4 សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់
ជ្រកកោនជាមួយបងប្អូនផង!
សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ!
ពេលណាចប់ការសង្កត់សង្កិន
និងការសម្លាប់រង្គាល
ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក
5 ពេលនោះ ព្រះជាម្ចាស់នឹងប្រទានឲ្យ
ព្រះរាជវង្សព្រះបាទដាវីឌឡើងគ្រងរាជ្យ
ប្រកបដោយមេត្តាករុណា។
ព្រះរាជានឹងគ្រប់គ្រងលើប្រជាជនដោយស្មោះស្ម័គ្រ
ស្តេចយកព្រះហឫទ័យទុកដាក់នឹងសេចក្ដីសុចរិត
ព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជាជន»។
ក្រុងយេរូសាឡឹមពុំអាចជួយស្រុកម៉ូអាប់ឡើយ
6 ពេលនោះ ជនជាតិយូដាតបវិញថា៖
«យើងបានឮគេនិយាយថាពួកម៉ូអាប់
ពូកែអួតអាងខ្លាំងណាស់
ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់
ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។
7 ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជា
សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។
ពួកគេយំសោកស្តាយអាហារដែល
ធ្លាប់បរិភោគនៅគៀរ-ហារេសេត
ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។
8 ចម្ការដំណាំនៅហេសបូនត្រូវខូចខាតអស់
រីឯចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាស
ហិនហោចអស់ដែរ។
ចម្ការនេះធ្លាប់តែផ្តល់ស្រាទំពាំងបាយជូរ
ឲ្យមេដឹកនាំប្រជាជាតិនានា។
ចម្ការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹង
រហូតដល់យ៉ាស៊ែរ
និងវាររហូតដល់វាលរហោស្ថាន
ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។
9 ហេតុនេះហើយបានជាយើងយំ
ជាមួយអ្នកស្រុកយ៉ាស៊ែរ
ស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។
យើងបង្ហូរទឹកភ្នែកស្រោចស្រព
ហេសបូន និងអេឡាលេ
ដ្បិតសង្គ្រាមបានធ្វើឲ្យភោគផលដំណាំ
របស់អ្នករាល់គ្នាវិនាសហិនហោចអស់។
10 នៅតាមចម្ការដំណាំនោះ
លែងមានឮសម្រែកអរសប្បាយទៀតហើយ
រីឯក្នុងចម្ការទំពាំងបាយជូរ
ក៏គ្មាននរណាច្រៀងដោយអំណរ
ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ
ដាក់ក្នុងធុងទៀតដែរ
គឺលែងមានសម្រែកហ៊ោកញ្ជ្រៀវទៀតហើយ។
11 ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាង
អន្លង់អន្លោច ដូចសំឡេងពិណ
ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់
ខ្ញុំស្រណោះក្រុងគៀរ-ហេរ៉ែស។
12 គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ
កន្លែងសក្ការៈតាមទួលខ្ពស់ៗ
យ៉ាងត្រដាបត្រដួស
គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ
តែឥតបានផលអ្វីសោះ។
13 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្តីអំពីជនជាតិម៉ូអាប់។ 14 ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។