ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៣៤

ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​ស្រុក​អេដុម មាតុ​ភូមិ​និវត្តន៍​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

1 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ

ចូរ​នាំ​គ្នា​ចូល​មក ហើយ​ស្ដាប់​ចុះ

ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ

ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក!

ផែន‌ដី និង​អ្វីៗ​នៅ​លើ​ផែន‌ដី

ពិភព‌លោក និង​អ្វីៗ​ដែល​កើត​ចេញ

ពី​ពិភព‌លោក

ចូរ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ចុះ!

2 ព្រះ‌អម្ចាស់​ទាស់​ព្រះ‌ហឫ‌ទ័យ​នឹង

ប្រជា‌ជាតិ​ទាំង​អស់

ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​កង‌ទ័ព​ទាំង​ប៉ុន្មាន

របស់​ពួក​គេ។

ព្រះ‌អង្គ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ

ព្រះ‌អង្គ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង

សម្លាប់​រង្គាល។

សាក‌សព​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល

ឲ្យ​មាន​ក្លិន​អសោច

ហើយ​ឈាម​របស់​ពួក​គេ​ហូរ​ពាស‌ពេញ​ភ្នំ។

ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​នឹង​រលាយ​សូន្យ

ផ្ទៃ​មេឃ​នឹង​ត្រូវ​រមូរ ដូច​ក្រាំង​ដែល​គេ​មូរ​ទុក

ហើយ​អ្វីៗ​នៅ​លើ​មេឃ​នឹង​ជ្រុះ​អស់

ដូច​ស្លឹក​ទំពាំង‌បាយ‌ជូរ និង​ស្លឹក​ឧទុម្ពរ

ដែល​ជ្រុះ​អស់​នោះ​ដែរ។

5 ព្រះ‌អម្ចាស់​កំពុង​គ្រវី​ព្រះ‌ខ័ន​នៅ​លើ​មេឃ

ព្រះ‌ខ័ន​នេះ​នឹង​ធ្លាក់​មក​លើ​ស្រុក​អេដុម

ដើម្បី​បំផ្លាញ​ប្រជាជន

ដែល​ព្រះ‌អង្គ​បាន​កាត់​ទោស​នេះ

ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ។

6 ព្រះ‌ខ័ន​របស់​ព្រះ‌អម្ចាស់​ប្រឡាក់​សុទ្ធ​តែ

ឈាម និង​ខ្លាញ់

គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោល

ដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន

របស់​ចៀម​ឈ្មោល

ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​បូសរ៉ា

ហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំង

នៅ​ស្រុក​អេដុម។

7 នៅ​ពេល​នោះ ក្របី គោ​ស្ទាវ និង​គោ​បា

វិនាស​ជា​មួយ​គ្នា

ដី​នឹង​ជោក​ជាំ​ទៅ​ដោយ​ឈាម

ហើយ​ធូលី​ដី​នឹង​ប្រឡាក់​ជោក​ទៅ​ដោយ​ខ្លាញ់

ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់

សង‌សឹក​ខ្មាំង​សត្រូវ

ហើយ​នៅ​ឆ្នាំ​នោះ ព្រះ‌អង្គ​ជម្រះ​បញ្ជី​ពួក​គេ

ជំនួស​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន។

9 ទឹក​ជ្រោះ​នៅ​ស្រុក​អេដុម​នឹង​ក្លាយ​ជា​ធ្យូង​ថ្ម

ដី​របស់​គេ​នឹង​ក្លាយ​ជា​ស្ពាន់ធ័រ

ហើយ​ស្រុក​របស់​គេ

ប្រៀប​ដូច​ជា​ធ្យូង​ដែល​កំពុង​តែ​ឆេះ​គគុក។

10 គឺ​មាន​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​ទាំង​យប់

មាន​ផ្សែង​ហុយ​អស់​កល្ប‌ជានិច្ច។

ស្រុក​ទេស​របស់​គេ​នឹង​នៅ​ជា​ទី​ស្មសាន

ជា​ដរាប​ត​រៀង​ទៅ ឥត​មាន​នរណា​ម្នាក់

ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ។

11 សត្វ​ទុង និង​កាំ‌ប្រមា មក​អាស្រ័យ​នៅ​ក្នុង​ស្រុក

ហើយ​ទីទុយ និង​ក្អែក

ក៏​នាំ​គ្នា​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។

ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ស្រុក​វិនាស​ហិន‌ហោច

ឥត​រូប‌រាង​អ្វី​ទៀត​ឡើយ។

12 នៅ​ក្នុង​ស្រុក​នឹង​លែង​មាន​អ្នក​ធំ

ដើម្បី​ជ្រើស‌រើស​ស្តេច​ឲ្យ​ឡើង

សោយ​រាជ្យ​ទៀត​ហើយ

រីឯ​អ្នក​ដឹក​នាំ​ស្រុក​ក៏​បាត់​សូន្យ​អស់​ដែរ។

13 គុម្ព​បន្លា​នឹង​ដុះ​នៅ​តាម​កំពែង​ក្រុង

បន្លា​ស្អិត និង​ដើម​ដំបង‌យក្ស​នឹង​ដុះ​នៅ

ពាស‌ពេញ​បន្ទាយ

ដែល​ក្លាយ​ទៅ​ជា​ជម្រក​របស់​ចចក

និង​ជា​ទ្រនំ​របស់​សត្វ​ត្មាត។

14 សត្វ​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន

មក​ជួប‌ជុំ​នឹង​សត្វ​ស្វាន​នៅ​ទី​នោះ

ពពែ​ព្រៃ​មក​ជួប‌ជុំ​គ្នា

ហើយ​ព្រាយ​បិសាច​ក៏​មក​តាំង​ទី​លំ‌នៅ

និង​សម្រាក​នៅ​ទី​នោះ​ដែរ។

15 រីឯ​ពស់​វែក​មក​ធ្វើ​រូង និង​ដាក់​ពង​នៅ​ទី​នោះ

រួច​ភ្ញាស់​កូន​របស់​វា។

ខ្លែង‌ស្រាក​ក៏​ហើរ​ទាំង​ហ្វូងៗ

មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។

16 ចូរ​ពិនិត្យ​មើល​ក្នុង​គម្ពីរ​របស់​ព្រះ‌អម្ចាស់

អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​សេចក្ដី​ដែល​មាន​ចែង

ថា: «សត្វ​ទាំង​នោះ​នឹង​នាំ​គ្នា​មក

ឥត​ខ្វះ​មួយ​ណា​ឡើយ

គឺ​វា​ធ្វើ​តាម​បង្គាប់​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា

ដ្បិត​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ

នឹង​ប្រមែ‌ប្រមូល​វា​មក។

17 ព្រះ‌អង្គ​ជ្រើស‌រើស​កន្លែង​សម្រាប់​សត្វ​ទាំង​នោះ

ហើយ​វាស់​ទឹក​ដី​ចែក​ឲ្យ​ពួក​វា

ពួក​វា​ធ្វើ​ជា​ម្ចាស់ និង​រស់​នៅ​លើ​ទឹក​ដី​នោះ

រហូត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។