ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៥៤

ព្រះ‌អម្ចាស់​មិន​បោះ‌បង់​ក្រុង​យេរូ‌សាឡឹម​ទៀត​ឡើយ

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

ក្រុង​យេរូ‌សាឡឹម​អើយ

អ្នក​ដែល​លែង​មាន​កូន គឺ​ប្រៀប​ដូច​ជា​ស្ត្រី​អារ

តែ​ឥឡូវ​នេះ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ!

អ្នក​ដែល​លែង​សម្រាល​កូន​អើយ!

ចូរ​អបអរ‌សាទរ​ឡើង

ដ្បិត​ភរិយា​ដែល​ស្វាមី​បោះ‌បង់​ចោល

នឹង​មាន​កូន​ច្រើន​ជាង​ភរិយា​ដែល​ស្វាមី

នៅ​ជា​មួយ​ទៅ​ទៀត។

2 ចូរ​ពង្រីក​ជំរំ​របស់​អ្នក​ឲ្យ​ទូលាយ​ឡើង

ចូរ​លាត​ដំបូល​ក្រណាត់​នៃ​លំ‌នៅ​របស់​អ្នក

ឲ្យ​វែង កុំ​សំចៃ​ឡើយ!

ចូរ​ទាញ​ខ្សែ​ឲ្យ​វែង និង​បោះ​ចម្រឹង​ឲ្យ​មាំ

ដ្បិត​ទឹក​ដី​របស់​អ្នក​នឹង​រីក​កាន់​តែ​ធំ​ឡើង

ពូជ‌ពង្ស​អ្នក​នឹង​ទទួល​ស្រុក​របស់

ប្រជា‌ជាតិ​ទាំង‌ឡាយ​មក​គ្រប់‌គ្រង​ឡើង​វិញ

ព្រម​ទាំង​វិល​ទៅ​រស់​នៅ​ក្នុង​ក្រុង​ដែល

គេ​បាន​បោះ‌បង់​ចោល​ផង។

4 កុំ​ភ័យ‌ខ្លាច​អ្វី

អ្នក​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ

កុំ​ព្រួយ​ចិត្ត​ឲ្យ​សោះ

ដ្បិត​អ្នក​នឹង​លែង​បាត់‌បង់​កិត្តិ‌យស​ទៀត​ហើយ

អ្នក​នឹង​ភ្លេច​ភាព​អាម៉ាស់

ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​កាល​នៅ​ពី​ក្មេង

អ្នក​នឹង​ឈប់​នឹក​នា​ពី​ការ​ត្មះ‌តិះ‌ដៀល

នៅ​គ្រា​ដែល​យើង​បោះ‌បង់​ចោល​អ្នក។

5 ស្វាមី​របស់​អ្នក គឺ​ព្រះ‌អង្គ​ដែល​បាន​បង្កើត​អ្នក!

ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា

«ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។

ព្រះ​ដែល​បាន​លោះ​អ្នក​មក​នោះ

គឺ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា

«ព្រះ‌ជាម្ចាស់​នៃ​ផែន‌ដី​ទាំង​មូល»។

6 អ្នក​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ‌បង់​ចោល

ហើយ​កើត​ទុក្ខ​ក្រៀម‌ក្រំ

តែ​ឥឡូវ​នេះ ព្រះ‌អម្ចាស់​ត្រាស់‌ហៅ​អ្នក

ឲ្យ​វិល​មក​វិញ​ហើយ។

ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថា:

“បុរស​ពុំ​អាច​បោះ‌បង់​ចោល​ភរិយា​ដែល

ខ្លួន​រៀប‌ការ​កាល​ពី​នៅ​វ័យ​ក្មេង​ឡើយ”។

7 យើង​បាន​បោះ‌បង់​អ្នក​មួយ‌ភ្លែត​មែន

តែ​យើង​នឹង​ទទួលអ្នក​មក​វិញ

ដោយ​ចិត្ត​អាណិត‌អាសូរ​ពន់‌ពេក​ណាស់។

យើង​បាន​ខឹង‌សម្បារ​នឹង​អ្នក

ព្រម​ទាំង​គេច​មុខ​ចេញ​ពី​អ្នក​មួយ‌រយៈ​មែន

ប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នក

ព្រោះ​យើង​ស្រឡាញ់​អ្នក​អស់​កល្ប‌ជានិច្ច។

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ដែល​លោះ​អ្នក​មក​វិញ។

កាល​ពី​ជំនាន់​លោក​ណូអេ

យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា

លែង​ឲ្យ​ទឹក​ជន់​លិច​ផែន‌ដី​ម្ដង​ទៀត

ឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថា

លែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។

10 ទោះ‌បី​ភ្នំ​តូច​ភ្នំ​ធំ​កក្រើក​រំពើក​ក្តី

សេចក្ដី​ស្រឡាញ់​របស់​យើង

មិន​ឃ្លាត​ចេញ​ពី​អ្នក​ឡើយ

រីឯ​សម្ពន្ធ‌មេត្រី​របស់​យើង

ដែល​ផ្តល់​ឲ្យ​អ្នក​បាន​សុខ‌សាន្ត​នោះ

ក៏​មិន​ប្រែ‌ប្រួល​ដែរ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ដែល​អាណិត​មេត្តា​អ្នក។

11 ក្រុង​ដ៏​សែន​វេទនា​អើយ!

អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់‌បោក

តែ​គ្មាន​អ្នក​ណា​សម្រាល​ទុក្ខ​អ្នក​ទេ។

ឥឡូវ​នេះ យើង​យក​ថ្ម​ដ៏​ល្អ​ប្រណីត

មក​សង់​អ្នក​ឡើង​វិញ

យើង​យក​ត្បូង​កណ្ដៀង​ចាក់​ជា​គ្រឹះ

12 យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉ម

យក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារ

ព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។

13 យើង​ជា​ព្រះ‌អម្ចាស់​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក

ដោយ​ខ្លួន​យើង​ផ្ទាល់

ហើយ​កូន​ចៅ​របស់​អ្នក

នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។

14 អ្នក​នឹង​បាន​រឹង‌មាំ ដោយ‌សារ​សេចក្ដី​សុចរិត

ហើយ​អ្នក​នឹង​មិន​ភ័យ‌ខ្លាច​អ្វី​ឡើយ។

គ្មាន​នរណា​មក​សង្កត់‌សង្កិន មក​បំភ័យ

ឲ្យ​អ្នក​តក់‌ស្លុត​ទៀត​ទេ។

15 ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នក

នោះ​មិន‌មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេ

បើ​គេ​វាយ​ប្រហារ​អ្នក

គេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។

16 យើង​បាន​បង្កើត​ជាង​ដែក

ដែល​ដុត​ធ្យូង​លត់‌ដំ ផលិត​គ្រឿង​អាវុធ

ដើម្បី​ធ្វើ​សឹក​សង្គ្រាម

ហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កម្ទេច

គ្រឿង​អាវុធ​នោះ​ដែរ។

17 គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត

ដើម្បី​វាយ​ប្រហារ​អ្នក

នឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយ

ចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក

អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។

យើង​នឹង​ការ‌ពារ​ពួក​អ្នក​បម្រើ​របស់​យើង

ព្រម​ទាំង​រក​យុត្តិ‌ធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។