ជំពូក ៧
ព្យាការីអេសាយទៅជួបស្តេចអខាស
1 នៅគ្រាដែលព្រះបាទអខាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ដែលត្រូវជាបុត្ររបស់ព្រះបាទអសារីយ៉ា គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺព្រះបាទរេស៊ីន ជាស្តេចស្រុកស៊ីរី បានពួតដៃជាមួយព្រះបាទពេកា ជាបុត្ររបស់ព្រះបាទរេម៉ាលីយ៉ាហ៊ូ និងជាស្តេចស្រុកអ៊ីស្រាអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសម្រុកចូលឡើយ។ 2 មានគេនាំដំណឹងមកទូលព្រះរាជវង្សរបស់ព្រះបាទដាវីឌថា ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើឲ្យព្រះបាទអខាស និងប្រជារាស្ដ្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។
3 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយថា៖ «ចូរនាំសេអា-យ៉ាស៊ូប ជាកូនប្រុសរបស់អ្នក ទៅជួបស្តេចអខាស នៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។ 4 ត្រូវប្រាប់ស្តេចថា
សូមព្រះករុណាកុំខ្វល់ព្រះហឫទ័យ
កុំភ័យខ្លាចអ្វីឡើយ!
សូមកុំតក់ស្លុត នៅចំពោះកំហឹងរបស់
ស្តេចរេស៊ីន និងពួកស៊ីរី
ព្រមទាំងស្តេចពេកាឲ្យសោះ។
ស្តេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុស
ដែលហុយផ្សែង ជិតរលត់។
5 ស្តេចស្រុកស៊ីរីបានពួតដៃជាមួយពួកអេប្រាអ៊ីម
និងស្តេចអ៊ីស្រាអែល ប្រឆាំងព្រះរាជា
ដោយពោលថា:
6 “យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា
យើងបំភ័យគេឲ្យតក់ស្លុត
ហើយវាយលុកស្រុកគេ
រហូតដល់គេចុះញ៉មនឹងយើង
បន្ទាប់មក យើងនឹងលើកកូនរបស់តាបេអែល
ឲ្យឡើងគ្រងរាជ្យលើស្រុកនោះ”។
7 ប៉ុន្តែ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
“ពួកគេមិនអាចសម្រេចការទាំងនេះទេ
ការទាំងនេះពុំអាចកើតឡើងបានឡើយ។
8 ក្រុងដាម៉ាសជារាជធានីរបស់ស្រុកស៊ីរី
ស្តេចរេស៊ីនជាម្ចាស់របស់ក្រុងដាម៉ាស។
ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត
អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ
លែងមានឈ្មោះថាប្រជាជនទៀតហើយ។
9 ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម
ស្តេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។
ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង
យ៉ាងខ្ជាប់ខ្ជួនទេនោះ
អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ
យ៉ាងខ្ជាប់ខ្ជួនឡើយ”»។
10 ព្រះអម្ចាស់ចាត់លោកអេសាយឲ្យទៅទូលព្រះបាទអខាសសាជាថ្មីថា៖ 11 «ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា សម្ដែងនូវទីសម្គាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្តី ឬក្នុងទីដ៏ជ្រៅក្តី ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា»។ 12 ព្រះបាទអខាសមានរាជឱង្ការតបមកវិញថា៖ «យើងនឹងមិនទូលសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលព្រះអម្ចាស់ឡើយ!»។ 13 ពេលនោះ ព្យាការីអេសាយទូលព្រះរាជាថា៖
«បពិត្រព្រះរាជវង្សរបស់ព្រះបាទដាវីឌ
សូមព្រះអង្គព្រះសណ្ដាប់ទូលបង្គំ!
ព្រះករុណាមិនត្រឹមតែធ្វើឲ្យមនុស្ស
ណាយចិត្តប៉ុណ្ណោះទេ
គឺថែមទាំងធ្វើឲ្យព្រះរបស់ទូលបង្គំ
ណាយព្រះហឫទ័យទៀតផង។
14 ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទាន
ទីសម្គាល់មួយដល់អ្នករាល់គ្នា។
មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ
នាងនឹងសម្រាលបានបុត្រាមួយ
ហើយថ្វាយព្រះនាមថា «អេម៉ានូអែល»។
15 បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ
រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់
ហើយជ្រើសយកអ្វីៗដែលល្អវិញ។
16 ប៉ុន្តែ មុនពេលបុត្រនោះចេះបដិសេធអ្វីៗ
ដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អ
ស្រុករបស់ស្តេចទាំងពីរដែលបានមក
បំភ័យព្រះករុណា នឹងត្រូវគេបោះបង់ចោល
ឲ្យនៅស្ងាត់ជ្រងំ។
17 ព្រះអម្ចាស់នឹងធ្វើឲ្យព្រះករុណា
ព្រមទាំងប្រជារាស្ដ្រ និងព្រះរាជវង្ស
ជួបប្រទះនឹងសភាពការណ៍ផ្សេងៗ
ព្រោះតែស្តេចរបស់ជនជាតិអាស្ស៊ីរី
គឺចាប់តាំងពីថ្ងៃដែលកុលសម្ព័ន្ធអេប្រាអ៊ីម
បានបែកចេញពីប្រជាជាតិយូដាមក
មិនដែលមានសភាពការណ៍បែបនេះទេ។
18 នៅគ្រានោះ ព្រះអម្ចាស់នឹងហៅហ្វូងរុយ
ដែលនៅខាងចុងជ្រោយទន្លេនីល
និងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី
19 ឲ្យមកទំនៅតាមចំណោតភ្នំ
តាមក្រហែងថ្មទាំងឡាយ
ព្រមទាំងនៅតាមគុម្ពោត
និងនៅតាមវាលស្មៅទាំងប៉ុន្មានដែរ។
20 នៅគ្រានោះ ព្រះអម្ចាស់នឹងជួលកាំបិតកោរ
ពីខាងនាយទន្លេអឺប្រាត
- គឺស្តេចស្រុកអាស្ស៊ីរី -
មកកោរសក់ កោររោមជើង
និងកោរពុកចង្ការបស់ប្រជាជាតិនេះ។
21 នៅគ្រានោះ ម្នាក់ៗនឹងចិញ្ចឹមមេគោមួយ
និងពពែញីពីរក្បាល
22 ហើយដោយសារសម្បូណ៌ទឹកដោះពេក
ប្រជាជននឹងបរិភោគខ្លាញ់ទឹកដោះ
ដ្បិតប្រជាជនដែលនៅសល់ក្នុងស្រុក
នឹងនាំគ្នាបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ។
23 នៅគ្រានោះ គ្រប់ទីកន្លែងដែលមាន
ទំពាំងបាយជូរមួយពាន់ដើម
តម្លៃជាប្រាក់បីរយតម្លឹង
បែរជាដុះសុទ្ធតែបន្លា និងរពាក់។
24 ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់
ព្រោះមានសុទ្ធតែបន្លា និងរពាក់។
25 ចំណែកឯនៅតាមភ្នំ
ដែលពីមុនគេធ្លាប់តែកាប់គាស់
បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេ
ព្រោះគេខ្លាចបន្លា និងរពាក់
គេទុកឲ្យគោ និងហ្វូងចៀម
ទៅស៊ីស្មៅនៅតាមកន្លែងនោះ»។