ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៤០

ភាគ​ទី​ពីរ ព្រះ‌ជាម្ចាស់​សម្រាល​ទុក្ខ​ជន​ជាតិ​អ៊ីស្រា‌អែល

សេចក្ដី​ប្រកាស​ស្តី​អំពី​ការ​សង្គ្រោះ

1 ព្រះ​របស់​អ្នក​រាល់​គ្នា មាន

ព្រះ‌បន្ទូល​ថា៖

«ចូរ​ជួយ​សម្រាល​ទុក្ខ​ប្រជាជន​របស់​យើង

កុំ​បង្អង់​ឡើយ!

2 ចូរ​លើក​ទឹក​ចិត្ត​អ្នក​ក្រុង​យេរូ‌សាឡឹម

ហើយ​ប្រកាស​ប្រាប់​គេ​ថា

ពេល​វេលា​ដែល​ខ្មាំង​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ

យ៉ាង​ធ្ងន់​នោះ បាន​ចប់​សព្វ​គ្រប់​ហើយ!

គេ​រង​ទុក្ខ‌ទោស​គ្រប់‌គ្រាន់​ហើយ!

ព្រះ‌អម្ចាស់​បាន​ដាក់​ទោស​គេ

ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត

ហើយ​គេ​ក៏​បាន​រង​ទុក្ខ‌ទោស​នោះ

មួយ​ទ្វេ​ជា​ពីរ​ដែរ!»។

3 មាន​សំឡេង​មួយ​ស្រែក​ថា៖

«នៅ​វាល​រហោ‌ស្ថាន

ចូរ​បើក​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់

ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះ​នៃ​យើង

4 ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង‌ឡាយ

ហើយ​ពង្រាប​ភ្នំ​តូច​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប

កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប

ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​វាល​រាប​ស្មើ

កន្លែង​ណា​រដិប‌រដុប​ក៏​ត្រូវ​ពង្រាប

ឲ្យ​ស្មើ​ផង​ដែរ។

5 ពេល​នោះ ព្រះ‌អម្ចាស់​នឹង​សម្ដែង​សិរី‌រុង​រឿង

ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា

ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ»។

6 មាន​សំឡេង​មួយ​បង្គាប់​ថា៖

«ចូរ​ស្រែក​ប្រកាស​ចុះ!»

សំឡេង​មួយ​ទៀត​សួរ​ថា៖

«តើ​ឲ្យ​ខ្ញុំ​ស្រែក​ប្រកាស​អំពី​រឿង​អ្វី?»។

«មនុស្ស​លោក​ប្រៀប​ដូច​ជា​ស្មៅ

រីឯ​អំពើ​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ

ប្រៀប​ដូច​ជា​ផ្កា​ដែល​ដុះ​តាម​វាល​ស្មៅ។

នៅ​ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ

ស្មៅ​តែង‌តែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន​ដែរ។

ប្រជា‌រាស្ដ្រ​នេះ​ប្រៀប​បាន​នឹង​ស្មៅ។

8 ស្មៅ​តែង‌តែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន

ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង

នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច»។

9 ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ

ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់!

ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ

ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ!

ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា:

មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា!

10 មើល​ហ្ន៎ ព្រះ‌ជា‌អម្ចាស់​យាង​មក

ប្រកប​ដោយ​ឫទ្ធា‌នុភាព

ព្រះ‌អង្គ​យាង​មក​ប្រកប​ដោយ​ព្រះ‌បារមី

ដើម្បី​គ្រង​រាជ្យ។

ព្រះ‌អង្គ​នាំ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​លោះ

មក​ជា​មួយ​ពួក​គេ​នាំ​គ្នា

ដើរ​នៅ​ខាង​មុខ​ព្រះ‌អង្គ។

11 ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ

ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។

ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀម

ព្រះ‌អង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរា

ហើយ​ព្រះ‌អង្គ​ថែ​ទាំ​មេ​ចៀម

ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។

គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​ឡើយ

12 តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់

ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ?

តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលី

ហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំង‌ឡាយ?

13 តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់

តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះ‌អង្គ?

14 តើ​ព្រះ‌អង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា

ដើម្បី​ថ្វាយ​យោបល់​ព្រះ‌អង្គ?

តើ​នរណា​បង្រៀន​ព្រះ‌អង្គ​អំពី​មាគ៌ា​ដ៏​សុចរិត?

តើ​នរណា​បង្រៀន​ព្រះ‌អង្គ​ឲ្យ​ស្គាល់​ប្រាជ្ញា

ហើយ​ណែ‌នាំ​ព្រះ‌អង្គ​ឲ្យ​ស្គាល់​មាគ៌ា

នៃ​បញ្ញា​ឈ្លាស​វៃ?

15 ប្រជា‌ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា

ដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាង

ពួក​គេ​មាន​តម្លៃ​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។

កោះ​ទាំង‌ឡាយ​ប្រៀប​បាន​នឹង​ធូលី​ដី

ដែល​ផាត់​ទៅ​តាម​ខ្យល់។

16 ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មម

សម្រាប់​ធ្វើ​ជា​អុស

ហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើន

ល្មម​សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អង្គ​ដែរ។

17 នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ

ប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ

គឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍

និង​ឥត​បាន​ការ​ទៅ​ទៀត។

18 តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះ‌ជាម្ចាស់

ទៅ​នឹង​ព្រះ​ណា?

តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះ‌អង្គ?

19 អ្នក​រាល់​គ្នា​ប្រដូច​ព្រះ‌អង្គ

ទៅ​នឹងព្រះ​ក្លែង‌ក្លាយ​ឬ?

ទេ! គឺ​ជាង​ទេ​តើ ដែល​សូន​ធ្វើ​រូប​ព្រះ​ទាំង​នោះ

ជាង​មាស​យក​មាស​មក​ស្រោប​រូប​នោះ

ព្រម​ទាំង​ធ្វើ​ខ្សែ​ក​ប្រាក់​ពាក់​ឲ្យ​ទៀត​ផង។

20 រីឯ​ជន​ក្រីក្រ​ដែល​គ្មាន​មាស​គ្មាន​ប្រាក់

គេ​ជ្រើស‌រើស​យក​ឈើ​ខ្លឹម

ហើយ​រក​ជាង​មួយ​រូប​ដ៏​ចំណាន

ឲ្យ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ដ៏​រឹង‌មាំ។

21 តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ដឹង​ទេ​ឬ?

តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ?

តើ​គេ​មិន​បាន​ផ្សព្វ‌ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា

តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ?

តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់

ផែន‌ដី​នេះ​ទេ​ឬ?

22 ព្រះ‌អង្គ​ដែល​គង់​នៅ​ពី​លើ​លំហ​អាកាស

ព្រះ‌អង្គ​ទត​មើល​មនុស្ស​នៅ​លើ​ផែន‌ដី

ឃើញ​មនុស្ស​ដូច​សត្វ​ស្រមោច

ព្រះ‌អង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ

ដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំង

ព្រះ‌អង្គ​ដំឡើង​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ដំណាក់

ដូច​ដំឡើង​ព្រះ‌ពន្លា។

23 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង‌ឡាយ

ទៅ​ជា​ឥត​ប្រយោជន៍

ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន

នៅ​លើ​ផែន‌ដី​ទៅ​ជា​ឥត​បាន​ការ។

24 អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​ដុះ

ទោះ‌បី​លូត​លាស់ ឬ​មិន​លូត​លាស់

ចាក់​ឫស ឬ​មិន​ចាក់​ឫស​ក្តី

ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ

ក៏​ស្វិត​ក្រៀម​អស់

រួច​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ​ដូច​កម្ទេច​ចំបើង។

25 ព្រះ​ដ៏‌វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖

តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង

ទៅ​នឹង​នរណា?

តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?។

26 ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​រំពៃ​មើល​ចុះ!

តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំង​នោះ?

គឺ​ព្រះ‌អម្ចាស់​ដែល​បាន​ហៅ​ហ្វូង‌តារា​ទាំង​នោះ

ឲ្យ​រះ​ឡើង ផ្តុំ​គ្នា​ជា​កង‌ទ័ព

ព្រះ‌អង្គ​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។

ដោយ‌សារ​មហិទ្ធិ‌ឫទ្ធិ

និង​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ

ឥត​មាន​ផ្កាយ​ណា​មួយ​ពុំ​ព្រម​រះ​នោះ​ឡើយ។

27 ម្នាល​កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ!

ម្នាល​ប្រជាជន​អ៊ីស្រា‌អែល​អើយ!

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ថា៖

ព្រះ‌អម្ចាស់​មិន​យល់​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទេ

ព្រះ​របស់​ខ្ញុំ​មិន​អើពើ​នឹង​រក​យុត្តិ‌ធម៌

ឲ្យ​ខ្ញុំ​ឡើយ។

28 តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ?

តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា

ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់​កល្ប‌ជានិច្ច

បាន​បង្កើត​ផែន‌ដី​ទាំង​មូល?

ព្រះ‌អង្គ​មិន​ចេះ​នឿយ‌ហត់ មិន​ចេះ​អស់​កម្លាំង

រីឯ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ

ក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។

29 ព្រះ‌អង្គ​ប្រទាន​កម្លាំង‌ពលំ

ដល់​អ្នក​នឿយ‌ហត់ និង​ខ្សោះ​ល្វើយ។

30 ក្មេង​ជំទង់ៗ​តែង​នឿយ‌ហត់ និង​អស់​កម្លាំង

ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ

31 រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់

តែង‌តែ​មាន​កម្លាំង​ថ្មី​ជា‌និច្ច

ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ

គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់

ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។