ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៥៦

ភាគ​ទី​បី ព្រះ‌បន្ទូល​សន្យា

ព្រះ‌ជាម្ចាស់​ចាត់​ទុក​សាសន៍​ដទៃ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ដែរ

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

ចូរ​ប្រព្រឹត្ត​តាម​យុត្តិ‌ធម៌

និង​កាន់​តាម​សេចក្ដី​សុចរិត

ដ្បិត​ការ​សង្គ្រោះ​របស់​យើង​មក​ជិត​បង្កើយ

យើង​ក៏​សម្ដែង​សេចក្ដី​សុចរិត​របស់​យើង​ដែរ។

2 មនុស្ស​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ដូច្នេះ

គឺ​គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម‌ត្រូវ​ឥត​ខ្ចោះ

ព្រម​ទាំង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ

មុខ​ជា​មាន​សុភមង្គល​មិន​ខាន!

3 ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់

មិន​ត្រូវ​ពោល​ថា “ព្រះ‌អម្ចាស់​មុខ​ជា​ញែក​ខ្ញុំ

ចេញ​ពី​ប្រជាជន​របស់​ព្រះ‌អង្គ!”

រីឯ​មនុស្ស​កម្រៀវ​ក៏​មិន​ត្រូវ​ពោល​ថា

“ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។

4 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«បើ​មនុស្ស​កម្រៀវ​ណា​គោរព​ថ្ងៃ​សប្ប័ទ*

បើ​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់‌ចិត្ត​យើង

ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង

5 នោះ​យើង​នឹង​ចារ​ឈ្មោះ​គេ​ទុក

នៅ​តាម​ជញ្ជាំង​ដំណាក់​របស់​យើង

យើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង

កូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀត

ឈ្មោះ​គេ​នឹង​នៅ​គង់‌វង្ស​រហូត​ត​ទៅ

គ្មាន​នរណា​លុប​បំបាត់​បាន​ឡើយ»។

6 រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើង

គោរព​បម្រើ​យើង ស្រឡាញ់​នាម​យើង

សុខ​ចិត្ត​ថ្វាយ​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង

គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម‌ត្រូវ​ឥត​ខ្ចោះ

ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង

7 នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង

យើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុង

ដំណាក់​របស់​យើង​ដែល​ជា​កន្លែង​អធិស្ឋាន

យើង​នឹង​ទទួល​តង្វាយ​ដុត​ទាំង​មូល

ព្រម​ទាំង​យញ្ញ‌បូជា​ផ្សេងៗ​ដែល​គេ​យក​មក

ថ្វាយ​នៅ​លើ​អាសនៈ​របស់​យើង។

ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជា

កន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​អធិស្ឋាន។

8ព្រះ‌ជា‌អម្ចាស់​ប្រមែ‌ប្រមូល​ជន​ជាតិ​អ៊ីស្រា‌អែល

ដែល​ត្រូវ​និរទេស​ឲ្យ​មក​ជួប‌ជុំ​គ្នា

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

យើង​នឹង​ប្រមែ‌ប្រមូល​អ្នក​ឯ​ទៀតៗ

ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះ

ថែម​ទៀត។

ព្រះ‌បន្ទូល​បន្ទោស​អ្នក​បោះ‌បង់​ជំនឿ និង​អ្នក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ

9 សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​អើយ

ចូរ​នាំ​គ្នា​មក​ស៊ី​ចំណី!

10 គ្រូ​បណ្ឌិត​ខាង​វិន័យ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ គេ​មិន​យល់​អ្វី​ទាំង​អស់។

អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុស

គឺ​ចេះ​តែ​ដេក​រវើ‌រវាយ

និង​ចូល​ចិត្ត​ងោក‌ងុយ។

11 អ្នក​ទាំង​នោះ​ក៏​ជា​ឆ្កែ​ដែល​គិត​តែ​ពី​ត្របាក់​ស៊ី

ហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។

ពួក​គេ​ជា​មេ​ដឹក​នាំ

តែ​មិន​ចេះ​គិត​ពិចារណា​អ្វី​ទាំង​អស់

ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន

ហើយ​គិត​តែ​ពី​ស្វែង​រក​ផល​ប្រយោជន៍

របស់​ខ្លួន​ប៉ុណ្ណោះ។

12 គេ​បបួល​គ្នា​ថា «មក៍! ខ្ញុំ​ទៅ​យក​ស្រា

យើង​នឹង​ផឹក​ស្រា​ខ្លាំង​ជា​មួយ​គ្នា!

ស្អែក​ក៏​យើង​ផឹក​ទៀត​ដែរ

ព្រោះ​នៅ​សល់​ស្រា​ច្រើន​ណាស់»។