ជំពូក ២០
ទីសម្គាល់របស់ព្យាការីអេសាយស្តីអំពីជ័យជម្នះរបស់ជនជាតិអាស្ស៊ីរីលើជនជាតិអេស៊ីប
1 នៅគ្រាដែលមេទ័ពរបស់ជនជាតិអាស្ស៊ីរីវាយដណ្ដើមយកបានក្រុងអាស្តូត តាមបញ្ជារបស់ព្រះចៅសារកូន ជាស្តេចស្រុកអាស្ស៊ីរី 2 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយ ជាកូនរបស់លោកអម៉ុសថា៖ «ចូរស្រាយបាវដែលអ្នកស្លៀកជាប់នឹងចង្កេះ និងដោះស្បែកជើងចេញទៅ»។ លោកអេសាយធ្វើតាម គឺលោកដើរខ្លួនទទេ ហើយក៏មិនពាក់ស្បែកជើងដែរ។ 3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អេសាយជាអ្នកបម្រើរបស់យើង ដើរខ្លួនទទេ ហើយឥតពាក់ស្បែកជើងដូច្នេះ ទុកជាទីសម្គាល់ និងជាប្រផ្នូលអំពីហេតុការណ៍ដែលនឹងកើតមាននៅស្រុកអេស៊ីប និងស្រុកអេត្យូពី ក្នុងរយៈពេលបីឆ្នាំទៀត 4 គឺស្តេចស្រុកអាស្ស៊ីរីនឹងចាប់អ្នកស្រុកអេស៊ីបនាំទៅជាឈ្លើយសឹក ព្រមទាំងជន្លៀសអ្នកស្រុកអេត្យូពីទាំងក្មេងទាំងចាស់យកទៅដែរ ពួកគេនឹងចេញទៅខ្លួនទទេ ឥតពាក់ស្បែកជើង គឺនៅអាក្រាត។ ជនជាតិអេស៊ីបនឹងត្រូវអាម៉ាស់ជាខ្លាំង!។ 5 ពេលនោះ អស់អ្នកដែលយកស្រុកអេត្យូពីធ្វើជាបង្អែក និងអស់អ្នកដែលយកស្រុកអេស៊ីបធ្វើជាទីពឹង មុខជាត្រូវអស់សង្ឃឹម និងខកចិត្តមិនខាន។ 6 នៅពេលនោះ ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រនេះ នឹងនាំគ្នាពោលថា៖ “មើល៍ ស្រុកដែលយើងចាត់ទុកជាទីសង្ឃឹម ជាជម្រកសម្រាប់រត់ទៅជ្រកកោន ដើម្បីឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី ធ្លាក់ដល់កម្រិតហ្នឹងទៅហើយ តើធ្វើដូចម្ដេចឲ្យយើងអាចរួចខ្លួនបាន?”»។