ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១៧

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ដាម៉ាស និង​ស្រុក​អ៊ីស្រា‌អែល

1 សេចក្ដី​ប្រកាស​ស្តី​អំពី​ក្រុង​ដាម៉ាស:

ថ្ងៃ​មួយ ដាម៉ាស​នឹង​លែង​ជា​ទី‌ក្រុង

ទៀត​ហើយ

គឺ​ក្លាយ​ទៅ​គំនរ​បាក់‌បែក។

2 ក្រុង​នានា​របស់​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ

បោះ‌បង់​ចោល​រហូត​ត​ទៅ

គឺ​មាន​តែ​ហ្វូង​សត្វ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​មក​ជ្រក

នៅ​ទី​នោះ ឥត​មាន​នរណា​រំខាន​វា​ឡើយ។

3 នគរ​អេប្រា‌អ៊ីម​នឹង​លែង​មាន​បង្អែក​ការ‌ពារ

ហើយ​នគរ​ដាម៉ាស​នឹង​បាត់‌បង់​រាជ្យ។

រីឯ​ជន​ជាតិ​ស៊ីរី​ដែល​នៅ​សេស‌សល់​នឹង​ត្រូវ

អាប់​ឱន​ដូច​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

នៃ​ពិភព​ទាំង​មូល។

4 នៅ​ថ្ងៃ​នោះ ភាព​ថ្កុំ‌ថ្កើង​របស់

កូន​ចៅ​លោក​យ៉ាកុប​នឹង​ត្រូវ​ចុះ​ឱន​ថយ

គេ​នឹង​បាត់‌បង់​ភោគ‌ទ្រព្យ

ហើយ​ក្លាយ​ទៅ​ជា​ក្រ‌ខ្សត់។

5 ស្រុក​អ៊ីស្រា‌អែល​ប្រៀប​បាន​ទៅ​នឹង​ស្រែ

ដែល​គេ​ទើប​នឹង​ច្រូត​កាត់​រួច

គ្មាន​អ្វី​នៅ​សល់​សោះ

គឺ​ដូច​វាល​ទំនាប​រេផាអ៊ីម

នៅ​ពេល​ដែល​គេ​ទើប​នឹង​ប្រមូល​ស្រូវ​អស់។

6 មាន​ប្រជាជន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ

ដែល​នៅ​សល់

គឺ​ស្រុក​អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង

ដើម​អូលីវ​ដែល​គេ​ទើប​នឹង​បេះ​ផ្លែ​រួច

នៅ​ខាង​ចុង​មាន​សល់​ពីរ​បី​ផ្លែ

ហើយ​តាម​មែក​មាន​សល់​បួន​ប្រាំ​ផ្លែ។

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។

7 នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ភ្នែក​របស់​គេ​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ 8 គេ​លែង​ផ្តោត​អារម្មណ៍​ទៅ​រក​អាសនៈ ដែល​ដៃ​របស់​ខ្លួន​បាន​ធ្វើ​នោះ​ទៀត​ហើយ គេ​ក៏​លែង​សម្លឹង​មើល​ទៅ​ស្តូប​ព្រះ‌អាសេ‌រ៉ា ឬ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែល​ដៃ​របស់​គេ​បាន​សង់​ឡើង​នោះ​ទៀត​ដែរ។

9 នៅ​ថ្ងៃ​នោះ ទី‌ក្រុង​របស់​គេ​ដែល​មាន​កំពែង​រឹង‌មាំ នឹង​ត្រូវ​បោះ‌បង់​ចោល​ឲ្យ​នៅ​ស្ងាត់‌ជ្រងំ ដូច​ក្រុង​នានា ដែល​ជន​ជាតិ​ហេវី និង​ជន​ជាតិ​អាម៉ូរី បោះ‌បង់​ចោល​នៅ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​ឥត​មាន​សល់​អ្វី​ឡើយ។

10 អ៊ីស្រា‌អែល​អើយ អ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់

ដែល​ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក

អ្នក​ពុំ​បាន​នឹក​ឃើញ​ព្រះ​ដែល​ជា​កំពែង​ការ‌ពារ​អ្នក​ទេ។

ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំ

សម្រាប់​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ​ដទៃ។

11 នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​ដំណាំ

អ្នក​បាន​ធ្វើ​ឲ្យ​ដំណាំ​នោះ​ដុះ​ឡើង។

នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​គ្រាប់​ពូជ​ទៅ

វា​ក៏​ចេញ​ផ្កា​ភ្លាម។

ប៉ុន្តែ ពេល​ចម្រូត​មក​ដល់ គ្មាន​ផល​អ្វី​សោះ

ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ឈឺ​ចាប់

គ្មាន​អ្វី​ព្យាបាល​ឲ្យ​ជា​បាន​ទេ។

បរា‌ជ័យ​របស់​ខ្មាំង​សត្រូវ

12 មាន​ឮ​ស្នូរ​សន្ធឹក​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា

ប្រៀប​បាន​នឹង​ស្នូរ​សន្ធឹក​មហា​សាគរ

និង​ឮ​ស្នូរ​សំឡេង​សាសន៍​ទាំង‌ឡាយ

គគ្រឹក‌គគ្រេង​ដូច​រលក​សមុទ្រ

13 សាសន៍​ទាំង‌ឡាយ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង

គគ្រឹក‌គគ្រេង​ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង

ប៉ុន្តែ ព្រះ‌អម្ចាស់​គំរាម​ពួក​គេ

ហើយ​ពួក​គេ​ក៏​រត់​ចេញ​ឆ្ងាយ

ពួក​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ ដូច​អង្កាម​ត្រូវ​ខ្យល់​ភ្នំ

ផាត់​បាត់​អស់​ទៅ និង​ដូច​លំអង​ផ្កា

ដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ​ដែរ។

14 នៅ​ពេល​ល្ងាច ពួក​គេ​ភ័យ​ញ័រ​រន្ធត់

មុន​ពេល​ថ្ងៃ​រះ ពួក​គេ​វិនាស​សូន្យ​អស់​ទៅ។

នេះ​ហើយ​ជា​ទុក្ខ‌ទោស​របស់​ពួក​អ្នក​ដែល​ប្លន់

និង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​យើង។