ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៩

1(២) ប្រជាជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត

បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច

មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក

ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។

2(៣) ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ប្រោស​ប្រទាន

ឲ្យ​ប្រជា‌ជាតិ​នេះ​បាន​ចម្រើន​ឡើង

ព្រម​ទាំង​ឲ្យ​គេ​មាន​អំណរ​ដ៏​លើស‌លប់។

គេ​នឹង​សប្បាយ​រីក‌រាយ​នៅ​ចំពោះ

ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ដូច​ជា​សប្បាយ​នៅ​រដូវ​ចម្រូត

ឬ​ដូច​នៅ​ពេល​ចែក​ជ័យ‌ភ័ណ្ឌ​ដែរ

3(៤) ដ្បិត​ព្រះ‌អង្គ​បំបាក់​នឹម​ដែល

ខ្មាំង​សត្រូវ​ដាក់​លើ​គេ

ព្រះ‌អង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់

សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ

ដូច​នៅ​ជំនាន់​ដែល​ព្រះ‌អង្គ​រំដោះ

បុព្វ‌បុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ

នៃ​ជន​ជាតិ​ម៉ាឌីយ៉ាន​ដែរ។

4(៥) ស្បែក​ជើង​របស់​ទាហាន

ដែល​តែង‌តែ​រុក​ទន្ទ្រាន

និង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម

នឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់

5(៦) ដ្បិត​មាន​ព្រះ‌រាជ‌បុត្រ​មួយ​អង្គ​ប្រសូត​មក

សម្រាប់​យើង

ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បុត្រា​មួយ​ព្រះ‌អង្គ

មក​យើង​ហើយ។

បុត្រ​នោះ​ទទួល​អំណាច​គ្រប់‌គ្រង

គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា:

“ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ

ព្រះ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ

ព្រះ​ដ៏​មាន​ឫទ្ធិ‌ចេស្ដា

ព្រះ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច

ព្រះ‌អង្គ​ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។

6(៧) ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច

ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់

ព្រះ‌បាទ​ដាវីឌ និង​នគរ​របស់​ព្រះ‌អង្គ

មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។

ព្រះ‌អង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌

មក​ពង្រឹង​នគរ​របស់​ព្រះ‌អង្គ​ឲ្យ​បាន​គង់‌វង្ស

ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង

ត​រៀង​ទៅ

ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ

មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់

យ៉ាង​ខ្លាំង​ចំពោះ​យើង។

ការ​ដាក់​ទោស​រាជា‌ណា‌ចក្រ​អ៊ីស្រា‌អែល

7(៨) ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោស

ប្រជាជន​នៅ​ក្នុង​រាជា‌ណា‌ចក្រ​អ៊ីស្រា‌អែល

ដែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប។

8(៩) ប្រជាជន​ទាំង​មូល គឺ​អ្នក​ស្រុក​អេប្រា‌អ៊ីម

និង​អ្នក​ស្រុក​សាម៉ារី មុខ​ជា​ដឹង

ហើយ​នាំ​គ្នា​និយាយ​អួត​ក្អេង‌ក្អាង​ថា៖

9(១០) «អាគារ​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​រលំ​ហើយ

យើង​នឹង​យក​ថ្ម​មក​សង់​ឡើង​វិញ

គេ​បាន​កាប់​រំលំ​សសរ​ធ្វើ​ពី​ដើម​ត្បែង

តែ​យើង​នឹង​យក​សសរ​ធ្វើ​ពី​ដើម​ផ្ចឹក

មក​ជំនួស​វិញ!»។

10(១១)ព្រះ‌អម្ចាស់​នឹង​នាំ​បច្ចា‌មិត្ត​របស់​ស្តេច​រេស៊ីន

ឲ្យ​មក​វាយ​លុក​ពួក​គេ

ព្រះ‌អង្គ​នឹង​ពង្រឹង​កម្លាំង​ខ្មាំង​សត្រូវ​របស់​គេ

11(១២) ជន​ជាតិ​ស៊ីរី​នឹង​វាយ​ពួក​គេ​ពី​ខាង​កើត

ហើយ​ជន​ជាតិ​ភីលី‌ស្ទីន​ពី​ខាង​លិច។

ខ្មាំង​សត្រូវ​ត្របាក់​លេប​អ៊ីស្រា‌អែល។

ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្តី

ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល

គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ

ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។

12(១៣) ទោះ‌បី​ព្រះ‌អម្ចាស់​វាយ​ប្រដៅ​យ៉ាង​ណា​ក្តី

ក៏​ប្រជាជន​អ៊ីស្រា‌អែល​ពុំ​ព្រម​វិល​មក​រក

ព្រះ‌អង្គ​ដែរ ពួក​គេ​ពុំ​ស្វែង​រក

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ទេ។

13(១៤) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់

ដាក់​ទោស​អ៊ីស្រា‌អែល​ក្នុង​ថ្ងៃ​តែ​មួយ

គឺ​ព្រះ‌អង្គ​កាត់​ទាំង​ក្បាល ទាំង​កន្ទុយ

ទាំង​អ្នក​ចេះ ទាំង​អ្នក​ខ្លៅ

14(១៥) ក្បាល​គឺ​ពួក​ព្រឹទ្ធា‌ចារ្យ និង​អ្នក​មុខ​អ្នក​ការ

រីឯ​កន្ទុយ គឺ​ព្យាការី​ដែល​ជា​គ្រូ​ក្លែង‌ក្លាយ។

15(១៦) ពួក​មេ​ដឹក​នាំ​ដែល​បាន​ធ្វើ​ឲ្យ

ប្រជាជន​នេះ​វង្វេង

ហើយ​អស់​អ្នក​ដែល​ត្រូវ​គេ​ដឹក​នាំ

ក៏​វិនាស​អន្តរាយ​ដែរ។

16(១៧) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់

មិន​អាណិត​យុវជន​របស់​ពួក​គេ​ឡើយ

ព្រះ‌អង្គ​ក៏​មិន​មេត្តា​ក្មេង​កំព្រា

និង​ស្ត្រី‌មេម៉ាយ​របស់​ពួក​គេ​ដែរ

ដ្បិត​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទមិឡ

និង​ជា​មនុស្ស​ពាល។

មាត់​របស់​ពួក​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អាស្រូវ។

ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្តី

ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល

គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ

ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។

17(១៨) អំពើ​អាក្រក់​របស់​គេ​ប្រៀប​បាន​នឹង

ភ្លើង​ដែល​ឆេះ​គុម្ព​បន្លា និង​គុម្ព​រពាក់

រួច​ហើយ​រាល‌ដាល​ឆេះ​ព្រៃ​របោះ ធ្វើ​ឲ្យ

មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង​ទៅ​លើ​មេឃ។

18(១៩) ដោយ‌សារ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល

ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង

ទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាប‌ឆេះ

ហើយ​ប្រជាជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង។

គ្មាន​នរណា​ម្នាក់​ត្រា‌ប្រណី​បង‌ប្អូន​របស់​ខ្លួន​ទេ។

19(២០) ប្រជាជន​ងាក​ទៅ​ខាំ​ខាង​ស្តាំ

គេ​នៅ​តែ​ឃ្លាន

ងាក​ទៅ​ត្របាក់​ខាង​ឆ្វេង

ក៏​នៅ​តែ​មិន​បាន​ឆ្អែត​ដដែល

ដូច្នេះ ម្នាក់ៗ​ហែក​សាច់​ឈាម​របស់​ខ្លួន​ឯង​ស៊ី

20(២១) គឺ​ម៉ាណាសេ​ស៊ី​សាច់​អេប្រា‌អ៊ីម

អេប្រា‌អ៊ីម​ស៊ី​សាច់​ម៉ាណាសេ

ហើយ​អ្នក​ទាំង​ពីរ​ព្រួត​គ្នា​ស៊ី​សាច់​យូដា

ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្តី

ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល

គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ

ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។