ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ២៥

ទំនុក​អរ‌ព្រះ‌គុណ

1 ព្រះ‌អម្ចាស់​អើយ

ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ

ទូល‌បង្គំ​សូម​កោត​សរសើរ និង​លើក​តម្កើង

ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌អង្គ

ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​កិច្ច‌ការ​ដ៏​អស្ចារ្យ។

គម្រោង‌ការ​ដែល​ព្រះ‌អង្គ​រៀប‌ចំ​ទុក

តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​នោះ

សុទ្ធ​តែ​នៅ​ជាប់‌លាប់ ឥត​ប្រែ‌ប្រួល​ឡើយ។

2 ព្រះ‌អង្គ​បាន​រំលាយ​ទី‌ក្រុង​ឲ្យ

ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ

ព្រះ‌អង្គ​ធ្វើ​ឲ្យ​បុរី​ដែល​មាន​កំពែង​រឹង‌មាំ

ក្លាយ​ទៅ​ជា​គំនរ​បាក់‌បែក

បន្ទាយ​របស់​ខ្មាំង​បាន​រលាយ​សូន្យ

លែង​មាន​ឈ្មោះ​ជា​ទី‌ក្រុង​ទៀត

ហើយ​ក៏​គ្មាន​នរណា​សង់​ឡើង​វិញ​ឡើយ។

3 ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌រាស្ដ្រ​ដ៏​ខ្លាំង​ពូកែ

នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ

សូម្បី​នៅ​ក្នុង​ទី‌ក្រុង​របស់​ប្រជា‌ជាតិ​ដ៏​សាហាវ

ក៏​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ដែរ

4 ដ្បិត​ព្រះ‌អង្គ​ជា​កំពែង​ការ‌ពារ​មនុស្ស

ទន់​ខ្សោយ និង​ជា​បង្អែក​របស់​មនុស្ស​ទុរគត

ក្នុង​ពេល​មាន​អាសន្ន

ព្រះ‌អង្គ​ក៏​ជា​ជម្រក​នៅ​ពេល​មាន​ភ្លៀង​ព្យុះ

ហើយ​ជា​ម្លប់​បាំង​កម្ដៅ

ព្រោះ​កំហឹង​របស់​មនុស្ស​សាហាវ

ប្រៀប​បាន​នឹង​ភ្លៀង​ព្យុះ​ដ៏​កំណាច។

5 ព្រះ‌អង្គ​បង្ក្រាប​មនុស្ស​ព្រៃ​ឲ្យ​បាត់​មាត់​ឈឹង

ដូច​ព្រះ‌អង្គ​បន្ថយ​កម្ដៅ​ក្នុង​ទី​ហួត‌ហែង។

ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ចម្រៀង​ជោគ‌ជ័យ

របស់​មនុស្ស​សាហាវ​ប្រែ​ជា​ស្ងាត់​សូន្យ

ដូច​ពពក​បន្ថយ​កម្ដៅ​ថ្ងៃ​ដែរ។

6 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ជប់‌លៀង

ប្រជាជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន

គឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា

និង​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​មាន​ឱជា‌រស​បំផុត

មាន​សាច់​ចំឡក និង​ស្រា​ទំពាំង‌បាយ‌ជូរ

ដែល​គេ​សម្រាំង​យ៉ាង​ល្អ។

7 នៅ​លើ​ភ្នំ​នោះ ព្រះ‌អង្គ​នឹង​ដក​ស្បៃ​កាន់​ទុក្ខ​

ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន

ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពី

ប្រជា‌ជាតិ​ទាំង​អស់​ដែរ។

8 ព្រះ‌អង្គ​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ

ព្រះ‌ជា‌អម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខ

របស់​មនុស្ស​ទាំង​អស់។

ព្រះ‌អង្គ​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជា‌រាស្ដ្រ

របស់​ព្រះ‌អង្គ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9 នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖

«ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង

យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ

ហើយ​ព្រះ‌អង្គ​សង្គ្រោះ​យើង

យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​មែន!

ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង

ដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​យើង!»។

10 ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ភ្នំ​នេះ

រីឯ​ជន​ជាតិ​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​នឹង​កន្លែង

ដូច​ចំបើង​កប់​នៅ​ក្នុង​លាមក​សត្វ។

11 នៅ​ក្នុង​រណ្ដៅ​លាមក​សត្វ

ម៉ូអាប់​បោះ​ដៃ ដូច​គេ​បោះ​ដៃ​ហែល​ទឹក

ប៉ុន្តែ ទោះ‌បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក្តី

ព្រះ‌អម្ចាស់​គង់​តែ​បំបាក់​អំនួត

របស់​ជន​ជាតិ​នេះ​ជា​មិន​ខាន។

12 ព្រះ‌អម្ចាស់​នឹង​ផ្តួល​រំលំ​កំពែង​ដ៏​ខ្ពស់ៗ

នៅ​ស្រុក​ម៉ូអាប់

គឺ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី​ដី។