ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៤៩

អ្នក​បម្រើ​ព្រះ‌អម្ចាស់ ជា​ពន្លឺ​របស់​ប្រជា‌ជាតិ​នានា

1 ម្នាល​អ្នក​កោះ​ទាំង‌ឡាយ​អើយ

ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ!

ម្នាល​ប្រជាជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ!

ចូរ​ត្រង‌ត្រាប់​ស្ដាប់​ខ្ញុំ​និយាយ!

ព្រះ‌អម្ចាស់​ត្រាស់‌ហៅ​ខ្ញុំ

តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ

ព្រះ‌អង្គ​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ

តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។

2 ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​មាត់​ខ្ញុំ​មុត​ដូច​ដាវ

ព្រះ‌អង្គ​លាត​ព្រះ‌ហស្ដ​ការ‌ពារ​ខ្ញុំ។

ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច

ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះ‌អង្គ។

3 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា:

អ៊ីស្រា‌អែល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើង

យើង​នឹង​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង

តាម‌រយៈ​អ្នក។

រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ

តែ​បែរ​ជា​ឥត​អំពើ

ខ្ញុំ​ខាត​កម្លាំង​ជា​អសារ‌បង់

ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។

ប៉ុន្តែ តាម​ពិត ព្រះ‌អម្ចាស់​នៅ​តែ​រក​យុត្តិ‌ធម៌​ឲ្យ​ខ្ញុំ

ព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។

ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ

ព្រះ‌អង្គ​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ

ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ

ដើម្បី​ណែ‌នាំ​កូន​ចៅ​លោក​យ៉ាកុប

ឲ្យ​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គ និង​ប្រមូល

ប្រជាជន​អ៊ីស្រា‌អែល​មក​នៅ​ជុំ‌វិញ​ព្រះ‌អង្គ។

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ចាត់​ទុក​ខ្ញុំ

ថា​ជា​មនុស្ស​ថ្លៃ‌ថ្នូរ

ហើយ​ព្រះ​នៃ​ខ្ញុំ ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា:

អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើ

ដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ

របស់​លោក​យ៉ាកុប​ឲ្យ​ងើប​ឡើង

និង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់

ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ

គឺ​យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ

សម្រាប់​បំភ្លឺ​ប្រជា‌ជាតិ​ទាំង‌ឡាយ

ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង

រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

7ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏‌វិសុទ្ធ

និង​ជា​ព្រះ​ដែល​លោះ​ជន​ជាតិ​អ៊ីស្រា‌អែល

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់

អ្នក​ដែល​គេ​មើល‌ងាយ

និង​អ្នក​ដែល​មនុស្ស‌ម្នា​ស្អប់​ខ្ពើម

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក

ដែល​ជា​ទាសករ​របស់​ពួក​កាន់​កាប់​អំណាច​ថា:

ពេល​ស្តេច​ទាំង‌ឡាយ​ឃើញ​អ្នក

គេ​នឹង​នាំ​គ្នា​ក្រោក​ឈរ​ឡើង ដើម្បី​គោរព

ពេល​ពួក​មេ​ដឹក​នាំ​ឃើញ​អ្នក

គេ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ

គេ​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់

ដែល​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ

ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

ដែល​បាន​ជ្រើស‌រើស​អ្នក។

8ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

នៅ​គ្រា​ដែល​យើង​គាប់‌ចិត្ត

យើង​បាន​ឆ្លើយ​តប​មក​អ្នក

ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ

យើង​ក៏​បាន​ជួយ​អ្នក។

យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ

ដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជាជន។

យើង​នឹង​ស្តារ​ស្រុក​ទេស​ឡើង​វិញ

យើង​ចែក​ដី​ដែល​គេ​បាន​បោះ‌បង់​ចោល

ឲ្យ​ប្រជាជន

9 ហើយ​ប្រាប់​ពួក​ឈ្លើយ​សឹក​ថា “ចូរ​ចេញ​មក!”

រួច​ប្រាប់​អស់​អ្នក​នៅ​ទី​ងងឹត​ថា

“ចូរ​បង្ហាញ​ខ្លួន​មក!”

ពួក​គេ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​សុខ‌សាន្ត

ដូច​ចៀម​ស៊ី​ស្មៅ​នៅ​តាម​ផ្លូវ

និង​ស្វែង​រក​អាហារ​តាម​វាល​ស្មៅ

នៅ​លើ​កំពូល​ភ្នំ។

10 ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ

ខ្យល់​ក្ដៅ និង​ព្រះ‌អាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ

ដ្បិត​ព្រះ​ដែល​មាន​ព្រះ‌ហឫ‌ទ័យ

មេត្តា​ករុណា​ចំពោះ​គេ ព្រះ‌អង្គ​នាំ​ផ្លូវ​គេ

ព្រះ‌អង្គ​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។

11 យើង​នឹង​ពង្រាប​ភ្នំ​ទាំង​អស់​ឲ្យ​ទៅ​ជា​ផ្លូវ

ហើយ​លើក​ថ្នល់​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ពស់​ឡើង

សម្រាប់​ប្រជាជន​របស់​យើង។

12 មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់

អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច

អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។

13 ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ!

ផែន‌ដី​អើយ ចូរ​ត្រេក​អរ‌សប្បាយ!

ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ!

ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ

ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ

ព្រះ‌អង្គ​អាណិត​មេត្តា​កូន​ចៅ​របស់​ព្រះ‌អង្គ

ដែល​រង​ទុក្ខ​វេទនា។

14 ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា

ព្រះ‌អម្ចាស់​បាន​បោះ‌បង់​ខ្ញុំ​ចោល

ព្រះ‌អម្ចាស់​ភ្លេច​ខ្ញុំ​ហើយ!។

15 តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន

ដែល​នៅ​បៅ​បាន​ឬ?

តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែល

កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ?

ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះ

ចំណែក​ឯ​យើង​វិញ

យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ!

16 យើង​បាន​ចារ​ឈ្មោះ​អ្នក

នៅ​លើ​បាត​ដៃ​របស់​យើង

ហើយ​យើង​តែង‌តែ​នឹក​គិត​ដល់​កំពែង

របស់​អ្នក​ជា‌និច្ច។

17 ប្រជាជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញ

កំពុង​តែ​រូត‌រះ​ធ្វើ​ដំណើរ​មក

រីឯ​សត្រូវ​ដែល​បាន​កម្ទេច និង​បំផ្លាញ​អ្នក

នឹង​ចាក‌ចេញ​ឆ្ងាយ​ពី​អ្នក។

18 ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំ‌វិញ​ខ្លួន​ទៅ

កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ

គេ​នាំ​គ្នា​មក​រក​អ្នក។

យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន!

- នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់-

អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ

សម្រាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន

នៅ​ពេល​រៀប​មង្គល‌ការ។

19 ក្រុង​ដែល​គេ​បំផ្លាញ​ចោល​ឲ្យ​នៅ​ស្ងាត់‌ជ្រងំ

ហើយ​មាន​តែ​គំនរ​បាក់‌បែក​នេះ

មុខ​ជា​មាន​ប្រជាជន​មក​រស់​នៅ​កក‌កុញ

ឥត​សល់​កន្លែង​ទំនេរ​ឡើយ

រីឯ​សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុន

នឹង​ចាក‌ចេញ​ឆ្ងាយ​ពី​ទី​នេះ។

20 អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់‌បង់​កូន​អស់​ហើយ

តែ​ឥឡូវ​នេះ អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា

“ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ

ទុក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង!”។

21 ពេល​នោះ អ្នក​នឹង​រិះ‌គិត​ថា

តើ​នរណា​បាន​បង្កើត​កូន​ចៅ​ឲ្យ​ខ្ញុំ

ដ្បិត​ពី​មុន ខ្ញុំ​បាត់‌បង់​កូន​អស់​ហើយ

ខ្ញុំ​ពុំ​អាច​បង្កើត​កូន​ទៀត​ឡើយ។

ខ្ញុំ​ត្រូវ​គេ​ជន្លៀស​ឲ្យ​ទៅ​នៅ​ដាច់​ឡែក

ដូច្នេះ តើ​នរណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ?

ខ្ញុំ​នៅ​ឯកោ​តែ​ម្នាក់​ឯង

ចុះ​អ្នក​ទាំង​នេះ​មក​ពី​ណា?

22 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

យើង​នឹង​លើក​ដៃ​ធ្វើ​សញ្ញា​ដល់​ប្រជា‌ជាតិ​នានា

យើង​លើក​ទង់​របស់​យើង​ឡើង

ឲ្យ​ប្រជាជន​ទាំង‌ឡាយ​ឃើញ

គេ​នឹង​បី​កូន​ប្រុសៗ​របស់​អ្នក

ហើយ​បញ្ជិះ​កូន​ស្រីៗ​របស់​អ្នក​នៅ​លើ​ស្មា

នាំ​ត្រឡប់​មក​វិញ។

23 គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្តេច

ហើយ​មេ‌ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រិយ៍

ស្តេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក

ឱន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។

ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់

អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង

នឹង​មិន​ខក​ចិត្ត​ឡើយ។

24 អ្វីៗ​ដែល​អ្នក​ចម្បាំង​ដ៏​ជំនាញ​រឹប​អូស​យក​ហើយ

តើ​នរណា​អាច​ដណ្ដើម​យក​មក​វិញ​បាន?

រីឯ​អ្នក​ដែល​ជន​កំណាចចាប់​យក​ទៅ​ហើយ

តើ​នរណា​អាច​រំដោះ​បាន?

25 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

ពិត​មែន​ហើយ អ្វីៗ​ដែល​អ្នក​ចម្បាំង​ដ៏​ជំនាញ

រឹប​អូស​យក​ទៅ

មុខ​ជា​ត្រូវ​ដណ្ដើម​យក​មក​វិញ​បាន

រីឯ​មនុស្ស​ដែល​ជន​កំណាច​ចាប់​យក​ទៅ

ក៏​នឹង​ត្រូវ​រំដោះ​រួច​ចេញ​មក​វិញ​ដែរ។

យើង​នឹង​រក​រឿង​បច្ចា‌មិត្ត​ដែល​រក​រឿង​អ្នក

ហើយ​យើង​នឹង​សង្គ្រោះ​កូន​ចៅ​របស់​អ្នក។

26 យើង​នឹង​ឲ្យ​ពួក​សង្កត់‌សង្កិន​អ្នក

ស៊ី​សាច់​ខ្លួន​ឯង

ហើយ​ឲ្យ​គេ​ស្រវឹង​នឹង​ហុត​ឈាម​របស់​ខ្លួន

ដូច​ផឹក​ស្រា​ថ្មី។

ពេល​នោះ សត្វ​លោក​ទាំង​អស់​នឹង​ដឹង​ថា

យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់

ដែល​សង្គ្រោះ និង​លោះ​អ្នក

យើង​ជា​ព្រះ​របស់​យ៉ាកុប

ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធា‌នុភាព។