ជំពូក ១៨
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេត្យូពី
1 រីឯទឹកដីដែលមានទូកក្តោង
ធ្វើដំណើរនៅតាមដងទន្លេខាងនាយ
ស្រុកអេត្យូពី
នឹងត្រូវវេទនាជាពុំខាន។
2 ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូន
ដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។
អ្នកនាំសារដ៏រហ័សអើយ
ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍
ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។
មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ
ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។
ពួកគេនិយាយភាសាចម្លែក
រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។
3 អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក
អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ
ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា
ចូរនាំគ្នាសម្លឹងមើលទៅ
ហើយពេលណាគេផ្លុំស្នែង
ចូរនាំគ្នាស្ដាប់កុំបីខាន។
4 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
«យើងសម្លឹងមើលពីស្ថានលើមក
យ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្តើរកូន
និងដូចទឹកសន្សើមនៅរដូវចម្រូត។
5 មុនពេលរដូវចម្រូត
នៅពេលទំពាំងបាយជូរឈប់ផ្កា
គឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែ
ហើយពេលផ្លែនោះទុំ
គេយកកាំបិតមកកាប់មែក
និងលួសធាងវាចោលយ៉ាងណា
6 ខ្មាំងសត្រូវនឹងប្រល័យជីវិតជនជាតិអេត្យូពី
ហើយទុកសាកសពចោលយ៉ាងនោះដែរ
គេនឹងក្លាយទៅជាចំណីត្មាតដែលរស់នៅតាមភ្នំ
និងជាចំណីរបស់សត្វសាហាវ។
ត្មាតនឹងស៊ីសាកសពរបស់ពួកគេនៅរដូវក្ដៅ
ហើយសត្វសាហាវនឹងស៊ីសាកសពរបស់ពួកគេ
នៅរដូវត្រជាក់»។
7 នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់
និងមានស្បែកភ្លឺរលើប នឹងនាំតង្វាយ
មកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល
គឺសាសន៍ដែលមនុស្សទាំងជិត
ទាំងឆ្ងាយ ស្ញែងខ្លាច
ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។
ពួកគេនិយាយភាសាចម្លែក
រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។
សាសន៍នេះនឹងនាំតង្វាយមកថ្វាយនៅភ្នំស៊ីយ៉ូន
ជាកន្លែងដែលព្រះនាមរបស់ព្រះអម្ចាស់ស្ថិតនៅ។