ជំពូក ៣៩
ព្រះបាទអេសេខ្យាសទទួលទូតរបស់ស្រុកបាប៊ីឡូន
(២ពង្សាវតារក្សត្រ ២០.១២-១៩)
1 នៅគ្រានោះ ស្តេចស្រុកបាប៊ីឡូន គឺព្រះចៅមេរ៉ូដាក-បាឡាដន ជាបុត្ររបស់ព្រះចៅបាឡាដន បានផ្ញើរាជសារ និងតង្វាយមកថ្វាយព្រះបាទអេសេខ្យាស ដ្បិតស្តេចជ្រាបដំណឹងថា ព្រះបាទអេសេខ្យាសប្រឈួន ហើយបានជាឡើងវិញ។ 2 ព្រះបាទអេសេខ្យាស មានព្រះហឫទ័យរីករាយណាស់ ស្តេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលស្តេចទុកវត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជទ្រព្យ។ ព្រះបាទអេសេខ្យាសបង្ហាញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ ឲ្យរាជទូតរបស់ស្តេចបាប៊ីឡូនឃើញ ឥតមានចន្លោះអ្វីឡើយ។
3 បន្ទាប់មក ព្យាការីអេសាយចូលមកគាល់ព្រះបាទអេសេខ្យាស សួរថា៖ «អ្នកទាំងនោះមកពីណា? តើគេទូលព្រះករុណាដូចម្ដេចខ្លះ?»។ ព្រះបាទអេសេខ្យាសមានរាជឱង្ការថា៖ «ពួកគេមកពីស្រុកឆ្ងាយ ដើម្បីមកគាល់យើង គឺមកពីស្រុកបាប៊ីឡូន»។ 4 លោកអេសាយសួរព្រះបាទអេសេខ្យាសទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?»។ ព្រះបាទអេសេខ្យាសតបវិញថា៖ «ពួកគេឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបង្ហាញភោគទ្រព្យទាំងអស់ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។
5 ពេលនោះ លោកអេសាយទូលព្រះបាទអេសេខ្យាសថា៖ «សូមព្រះករុណាព្រះអង្គសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ដូចតទៅ: 6ព្រះអម្ចាស់មានព្រះបន្ទូលថា “នៅគ្រាខាងមុខ រាជទ្រព្យទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់អ្នក និងភោគសម្បត្តិដែលអយ្យកោរបស់អ្នកបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។ 7 គេក៏នាំរាជវង្សានុវង្សរបស់អ្នក យកទៅធ្វើជាមហាតលិក នៅក្នុងវាំងរបស់ស្តេចស្រុកបាប៊ីឡូនដែរ”»។ 8 ព្រះបាទអេសេខ្យាសមានរាជឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកថ្លែងនេះល្អហើយ» ដ្បិតព្រះរាជាគិតថា «ក្នុងពេលដែលយើងនៅមានជីវិត យើងនឹងរស់នៅដោយសន្តិភាព និងសុខសាន្តត្រាណ»។