ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ២

ប្រជាជន​ជួប‌ជុំ​នៅ​ក្រុង​យេរូ‌សាឡឹម

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្យាការី*​អេសាយ ជា​កូន​របស់​លោក​អម៉ុស បាន​ទទួល​ពី​ព្រះ‌អម្ចាស់ ស្តី​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម: 2 ថ្ងៃ​ក្រោយ ព្រះ‌អម្ចាស់​នឹង​លើក

ភ្នំ​ដែល​មាន​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ

ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ

ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ

ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ

ជា​ហូរ‌ហែ។

3 ប្រជាជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ

ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក!

យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់

យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ

របស់​លោក​យ៉ាកុប។

ព្រះ‌អង្គ​នឹង​បង្រៀន​យើង​អំពី

មាគ៌ា​របស់​ព្រះ‌អង្គ

ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ»

ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន

ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

4 ព្រះ‌អង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង​ប្រជា‌ជាតិ​នានា

ព្រះ‌អង្គ​នឹង​សម្រុះ‌សម្រួល​ជាតិ​សាសន៍​ជា​ច្រើន

ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។

ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន

មក​រំលាយ​ធ្វើ​ជា​ផាល​នង្គ័ល

ហើយ​យក​លំពែង​មក​រំលាយ​ធ្វើ​ជា​កណ្ដៀវ។

ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង

ប្រជា‌ជាតិ​មួយ​ទៀត

ហើយ​គេ​ក៏​លែង​ហាត់​រៀន​ធ្វើ​សង្គ្រាម​ដែរ។

5 កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ ចូរ​នាំ​គ្នា​មក!

យើង​ដើរ​ក្រោម​ពន្លឺ​របស់​ព្រះ‌អម្ចាស់!

6 ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល

ពូជ‌ពង្ស​របស់​លោក​យ៉ាកុប

ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ

ព្រោះ​មាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត

នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ

ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលី‌ស្ទីន

ប្រជាជន​របស់​ព្រះ‌អង្គ​ចង​សម្ពន្ធ‌មិត្ត

ជា​មួយ​ជន​បរទេស។

7 ស្រុក​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ

មាស និង​ប្រាក់

ទ្រព្យ‌សម្បត្តិ​របស់​គេ​មាន​ច្រើន​ឥត​គណនា

ស្រុក​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​សេះ

រទេះ​ចម្បាំង​របស់​គេ​មាន​ច្រើន​ឥត​គណនា។

8 ស្រុក​របស់​គេ​ក៏​ពោរ‌ពេញ​ទៅ​ដោយ

ព្រះ​ក្លែង‌ក្លាយ​ដែរ

គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ស្នា‌ដៃ​របស់​ខ្លួន

គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្វីៗ

ដែល​ដៃ​របស់​ខ្លួន​បាន​សូន​បង្កើត​មក។

9 មនុស្ស​លោក​ត្រូវ​អាប់​ឱន

គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី

ព្រះ‌អង្គ​មិន​អត់‌ទោស​ឲ្យ​គេ​ឡើយ។

10 ចូរ​នាំ​គ្នា​ចូល​មក​ពួន​នៅ​ក្នុង​ក្រហែង​ថ្ម​នេះ

ចូរ​នាំ​គ្នា​លាក់​ខ្លួន​នៅ​ក្នុង​ដី ដើម្បី​គេច

ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់

ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ

សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។

11 ព្រះ‌អង្គ​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន

ព្រះ‌អង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។

នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេ

ដែល​មនុស្ស​ត្រូវ​លើក​តម្កើង

12 ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល

បាន​កំណត់​ថ្ងៃ​មួយ​ទុក

សម្រាប់​ពង្រាប​មនុស្ស​ព្រហើន

មនុស្ស​អួត‌អាង និង​មនុស្ស​វាយ​ឫក។

13 ព្រះ‌អង្គ​ពង្រាប​ដើម​ឈើ​ដ៏​ខ្ពស់ៗ​ទាំង​ប៉ុន្មាន

នៅ​ស្រុក​លីបង់

ពង្រាប​ដើម​ជ្រៃ​ទាំង‌ឡាយ​នៅ​ស្រុក​បាសាន។

14 ព្រះ‌អង្គ​ពង្រាប​ភ្នំ​ធំៗ​ទាំង‌ឡាយ

ពង្រាប​ភ្នំ​ដ៏​ខ្ពស់ៗ

15 ពង្រាប​ប៉ម​ដ៏​ខ្ពស់ៗ

ពង្រាប​កំពែង​ដ៏​រឹង‌មាំ​ទាំង​ប៉ុន្មាន។

16 ពង្រាប​សំពៅ​ទាំង​អស់​នៅ​ស្រុក​តារស៊ីស

និង​ពង្រាប​នាវា​ដ៏​ល្អ​ប្រណីត។

17 ព្រះ‌អង្គ​នឹង​បន្ទាប​មនុស្ស​ព្រហើន

ព្រះ‌អង្គ​នឹង​ពង្រាប​មនុស្ស​អួត‌អាង។

នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេ

ដែល​មនុស្ស​ត្រូវ​លើក​តម្កើង។

18 ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​នឹង​វិនាស​សូន្យ។

19 ពេល​នោះ គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​នៅ​ក្នុង​រូង​ភ្នំ

គេ​នឹង​លាក់​ខ្លួន​ក្នុង​រូង​ដែល​នៅ​ក្រោម​ដី

ដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ

របស់​ព្រះ‌អម្ចាស់

ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើង

នៃ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ

នៅ​ពេល​ព្រះ‌អង្គ​ក្រោក​ឡើង

ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​នៅ​លើ​ផែន‌ដី។

20 នៅ​ថ្ងៃ​នោះ មនុស្ស​លោក​នឹង​យក​ព្រះ​ក្លែង‌ក្លាយ ធ្វើ​អំពី​ប្រាក់ និង​មាស ដែល​គេ​សិត​សម្រាប់​ថ្វាយ‌បង្គំ បោះ​ទៅ​ឲ្យ​កណ្តុរ និង​ប្រជៀវ។ 21 គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​ក្នុង​គុហា និង​ក្រហែង​ភ្នំ ដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ដ៏​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ នៅ​ពេល​ព្រះ‌អង្គ​ក្រោក​ឡើង ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​លើ​ផែន‌ដី។

22 ចូរ​ឈប់​ពឹង​ផ្អែក​លើ​មនុស្ស​ទៀត​ទៅ

ដ្បិត​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង

មួយ​ដង្ហើម​ប៉ុណ្ណោះ ហើយ​គេ​គ្មាន​តម្លៃ​អ្វី​ទេ!