ជំពូក ៥០
ព្រះអម្ចាស់មិនបោះបង់អ៊ីស្រាអែលទេ
1 ព្រះអម្ចាស់មានព្រះបន្ទូលថា:
លិខិតបញ្ជាក់ថា
យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា?
តើយើងលក់អ្នករាល់គ្នា
ដើម្បីសងបំណុលនរណា?
យើងបានលក់អ្នករាល់គ្នា
ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត
យើងបានលែងលះម្ដាយអ្នករាល់គ្នា
ព្រោះតែអ្នករាល់គ្នាបះបោរ!
2 ពេលយើងមក ហេតុអ្វីបានជាមិនឃើញ
មាននរណាម្នាក់ដូច្នេះ?
យើងបានស្រែកហៅ
ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ?
តើដៃរបស់យើងខ្លីពេក
រំដោះអ្នករាល់គ្នាពុំកើតឬ?
តើយើងគ្មានកម្លាំងល្មមនឹងដោះលែង
អ្នករាល់គ្នាឬ?
ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត
ទន្លេក្លាយទៅជាវាលរហោស្ថាន
ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។
3 យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត
ព្រមទាំងធ្វើឲ្យវាអាប់អួ
ដូចកាន់ទុក្ខទៀតផង។
អ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវគេធ្វើបាប តែព្រះអង្គបានជួយសង្គ្រោះលោក
4 ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ
ពាក្យសម្ដីជាសាវ័ក
ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត
មនុស្សដែលអស់សង្ឃឹម។
រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ
ហើយអប់រំខ្ញុំឲ្យចេះស្ដាប់
ដូចសាវ័កស្ដាប់ពាក្យគ្រូ។
5ព្រះជាអម្ចាស់ណែនាំខ្ញុំឲ្យយកចិត្តទុកដាក់ស្ដាប់
រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង
ឬដកខ្លួនថយក្រោយឡើយ។
6 ខ្ញុំបានបែរខ្នងទៅឲ្យអ្នកដែលចង់វាយខ្ញុំ
ខ្ញុំបានបែរមុខទៅឲ្យអ្នកដែលចង់
បោចពុកចង្ការបស់ខ្ញុំ
ពេលគេប្រមាថមើលងាយ
និងស្តោះទឹកមាត់ដាក់ខ្ញុំ
ខ្ញុំមិនបានគេចមុខចេញឡើយ។
7ព្រះជាអម្ចាស់យាងមកជួយខ្ញុំ
ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ
ខ្ញុំរក្សាទឹកមុខរឹងប៉ឹង
ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
8 ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំ
ព្រះអង្គគង់នៅក្បែរខ្ញុំ
តើនរណាចង់ប្ដឹងខ្ញុំ?
សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា!
តើនរណាចង់ចោទប្រកាន់ខ្ញុំ
សុំអញ្ជើញមកជួបខ្ញុំចុះ!
9 មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំ
តើនរណាអាចផ្តន្ទាទោសខ្ញុំ?
ពួកអ្នកដែលជំទាស់នឹងខ្ញុំមុខជាត្រូវហិនហោច
ដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។
10 ក្នុងចំណោមអ្នករាល់គ្នា
បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់
អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ
បើអ្នកណាដើរក្នុងភាពងងឹត
ហើយមិនឃើញពន្លឺទេ
អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់
និងផ្ញើជីវិតលើព្រះអង្គចុះ!
11 រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង
ហើយដុតព្រួញភ្លើង
អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល
ឆេះយ៉ាងសន្ធោសន្ធៅ
ព្រួញភ្លើងដែលអ្នករាល់គ្នាដុត
ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។
យើងដាក់ទោសអ្នករាល់គ្នា
ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា
នឹងត្រូវស្លាប់យ៉ាងសែនវេទនា។