ជំពូក ៣៦
ស្តេចស្រុកអាស្ស៊ីរីឡោមព័ទ្ធក្រុងយេរូសាឡឹម
(២ពង្សាវតារក្សត្រ ១៨.១៣, ១៧-៣៧)
1 នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទអេសេខ្យាស ព្រះចៅសេណាខេរីប ជាស្តេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។ 2 បន្ទាប់មក ស្តេចស្រុកអាស្ស៊ីរីចាត់មេទ័ពមួយរូបពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះបាទអេសេខ្យាសនៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ គាត់ឈរនៅក្បែរព្រែកជីក ដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
3 ពេលនោះ លោកអេលីយ៉ាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង ចេញទៅជួបមេទ័ពរបស់ស្តេចស្រុកអាស្ស៊ីរីនោះ ដោយមានលោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអសាភ និងជាអ្នកនាំពាក្យរបស់ស្តេចទៅជាមួយផង។ 4 មេទ័ពរបស់ព្រះចៅសេណាខេរីបពោលថា៖ «សូមអស់លោកទៅទូលព្រះបាទអេសេខ្យាសដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា តើព្រះករុណាមានអ្វី បានជាមានព្រះហឫទ័យអង់អាចបែបនេះ? 5 ព្រះករុណាស្មានថា ពាក្យសម្ដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ព ក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ? 6 ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។ 7 ព្រះករុណាប្រហែលជាមានរាជឱង្ការមកយើងថា “ពួកយើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!”។ ប៉ុន្តែ ព្រះករុណាបានបញ្ជាឲ្យគេកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន? 8 ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន! 9 សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង ទោះបីព្រះករុណាពឹងលើរទេះចម្បាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។ 10 មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចស្រុកនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបង្គាប់ឲ្យយើងមកវាយកម្ទេចស្រុកនេះ»។
11 ពេលនោះ លោកអេលីយ៉ាគីម លោកសិបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអារ៉ាមមក ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។ 12 មេទ័ពអាស្ស៊ីរីតបវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្តេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្តេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។ 13 បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះឈរស្រែកក្តែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជឱង្ការរបស់ព្រះមហាក្សត្រាធិរាជ គឺព្រះចៅក្រុងអាស្ស៊ីរី ដូចតទៅ: 14 ព្រះករុណាមានរាជឱង្ការថា: កុំទុកឲ្យស្តេចអេសេខ្យាសបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្តេចនេះពុំអាចរំដោះអ្នករាល់គ្នាជាដាច់ខាត 15 កុំទុកឲ្យស្តេចអេសេខ្យាសនាំអ្នករាល់គ្នាទុកចិត្តលើព្រះអម្ចាស់ ដោយពោលថា “ព្រះអម្ចាស់ពិតជារំដោះយើង ព្រះអង្គមិនបណ្តោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ”។ 16 កុំស្ដាប់ស្តេចអេសេខ្យាសឲ្យសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ 17 រួចហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅនៅស្រុកមួយទៀត ដែលសម្បូណ៌សប្បាយដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ”។ 18 កុំទុកឲ្យស្តេចអេសេខ្យាសបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! 19 តើព្រះរបស់ក្រុងហាម៉ាត ព្រះរបស់ក្រុងអារប៉ាដ ព្រះរបស់ពួកសេផារវ៉ាអ៊ីម ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃរបស់យើង? 20 ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។
21 ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតព្រះបាទអេសេខ្យាស បង្គាប់ពួកគេមិនឲ្យឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។ 22 លោកអេលីយ៉ាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអសាភ និងជាអ្នកនាំពាក្យរបស់ព្រះរាជា នាំគ្នាវិលទៅគាល់ព្រះបាទអេសេខ្យាសវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្តេចស្រុកអាស្ស៊ីរី។