ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៤៧

ក្រុង​បាប៊ីឡូន​ទទួល​ទោស

1 ក្រុង​បាប៊ីឡូន​អើយ

អ្នក​រលំ​ហើយ

ចូរ​អង្គុយ​នៅ​ក្នុង​ធូលី​ដី​ទៅ!

ក្រុង​របស់​ជន​ជាតិ​ខាល់ដេ​អើយ

ចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅ

អ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។

គេ​លែង​ហៅ​អ្នក​ថា​ជា​ក្រុង​ដ៏​ល្អ​ប្រណីត

ឬ​ក្រុង​ដ៏​សម្បូណ៌‌សប្បាយ​ទៀត​ហើយ។

2 ចូរ​យក​ត្បាល់​ពីរ​មក​កិន​ម្សៅ

ចូរ​យក​ស្បៃ​ចេញ​ពី​មុខ

ចូរ​លាត់​សំពត់​ឡើង

ដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ!

3 មនុស្ស‌ម្នា​នឹង​ឃើញ​កេរ្ដិ៍‌ខ្មាស​របស់​អ្នក

គេ​នឹង​ឃើញ​ភាព​អាម៉ាស់​របស់​អ្នក

យើង​នឹង​សង‌សឹក​អ្នក យើង​នឹង​ប្រហារ​អ្នក

ឥត​មាន​នរណា​ឃាត់​យើង​បាន​ឡើយ។

4 ព្រះ​ដែល​លោះ​យើង​មាន​ព្រះ‌នាម​ថា

«ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល

ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល»

5 ក្រុង​របស់​ជន​ជាតិ​ខាល់ដេ​អើយ

ចូរ​អង្គុយ​យ៉ាង​ស្ងៀម‌ស្ងាត់

ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ!

គេ​នឹង​លែង​ហៅ​អ្នក​ថា​ជា

ម្ចាស់​គ្រប់‌គ្រង​លើ​នគរ​នានា​ទៀត​ហើយ។

6 ពី​មុន​យើង​ទាស់​ចិត្ត​នឹង​ប្រជា‌រាស្ដ្រ​របស់​យើង

យើង​បាន​បំបាក់​មុខ​ប្រជា‌រាស្ដ្រ

ដែល​ជា​កេរ‌មត៌ក​របស់​យើង

ហើយ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក

តែ​អ្នក​ពុំ​បាន​អាណិត​មេត្តា​ពួក​គេ​សោះ

អ្នក​សង្កត់‌សង្កិន​ធ្វើ​បាប​មនុស្ស​ចាស់​ជរា។

7 អ្នក​ពោល​ថា

“យើង​ជា​ម្ចាស់​គ្រប់‌គ្រង​ជា​អង្វែង​ត​រៀង​ទៅ”

អ្នក​ពុំ​បាន​រិះ‌គិត​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​នេះ

ឲ្យ​ដិត​ដល់​ទេ

គឺ​អ្នក​ពុំ​បាន​ចង​ចាំ​ថា​ព្រឹត្តិ‌ការណ៍​នេះ

នឹង​មាន​ទី​បញ្ចប់​ឡើយ។

8 ក្រុង​ដែល​ធ្លាប់​តែ​សម្បូណ៌‌សប្បាយ

គិត​តែ​ពី​អួត​ក្អេង‌ក្អាង​អើយ

អ្នក​តែង​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ

អញ​នឹង​មិន​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ

អញ​នឹង​មិន​បាត់‌បង់​កូន​ចៅ​ជា​ដាច់​ខាត!”។

ក៏​ប៉ុន្តែ ឥឡូវ​នេះ ចូរ​ស្ដាប់!

ទុក្ខ​វេទនា​ទាំង​ពីរ​នេះ​នឹង​កើត​មាន​ដល់​អ្នក

យ៉ាង​ទាន់‌ហន់

គឺ​ក្នុង​ថ្ងៃ​តែ​មួយ អ្នក​នឹង​បាត់‌បង់​កូន​ចៅ

ហើយ​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ។

ទុក្ខ​វេទនា​នេះ​នឹង​កើត​មាន​ដល់​អ្នក

គេច​មិន​ផុត​ឡើយ

ទោះ‌បី​អ្នក​មាន​មន្ត‌អាគម ឬ​មាន​គាថា

ការ‌ពារ​ខ្លួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

10 អ្នក​ពឹង​ផ្អែក​លើ​ពុត‌ត្បុត​អាក្រក់​របស់​ខ្លួន

ហើយ​អ្នក​តែង‌តែ​ពោល​ថា

“គ្មាន​នរណា​មើល​អញ​ឃើញ​ទេ!”

ក៏​ប៉ុន្តែ តម្រិះ​ប្រាជ្ញា​របស់​អ្នក​បាន​ធ្វើ​ឲ្យ

អ្នក​បែរ​ទៅ​ជា​វង្វេង

អ្នក​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ!”។

11 ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក

អ្នក​រក​ច្រក​ចេញ​ពុំ​រួច​ឡើយ

មហន្ត‌រាយ​នឹង​ធ្លាក់​មក​លើ​អ្នក

ហើយ​អ្នក​ការ‌ពារ​ខ្លួន​ពុំ​បាន​ឡើយ

ការ​វិនាស​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់

នឹង​កើត​មាន​ដល់​អ្នក​យ៉ាង​ទាន់‌ហន់។

12 ចូរ​ប្រើ​មន្ត‌អាគម‌គាថា​ដ៏​ច្រើន ដែល​អ្នក​ខិត‌ខំ

រៀន​តាំង​ពី​ក្មេង​នោះ បន្ត​ទៀត​ទៅ!

អ្នក​ប្រហែល​ជា​អាច​ទាញ​យក​ផល​ប្រយោជន៍

អ្នក​ប្រហែល​ជា​អាច​ដេញ​ចង្រៃ​ឧប‌ទ្រព​បាន!

13 ទោះ‌បី​មាន​គ្រូ​ហោរ​ជា​ច្រើន​ជួយ​គំនិត​អ្នក​ក្តី

ក៏​អ្នក​នៅ​តែ​ឥត​បាន​ការ​ដែរ

អ្នក​ទាំង​នោះ​បែង​ចែក​មេឃ សង្កេត​មើល​ផ្កាយ

ហើយ​ទស្សន៍‌ទាយ​រៀង‌រាល់​ខែ

អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មាន។

ចូរ​ឲ្យ​ពួក​គេ​មក​សង្គ្រោះ​អ្នក​ទៅ!

14 ប៉ុន្តែ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ចំបើង

ដែល​ត្រូវ​ភ្លើង​ឆាប‌ឆេះ

គេ​មិន​អាច​ដក​ខ្លួន

ឲ្យ​រួច​ផុត​ពី​អណ្ដាត​ភ្លើង​ឡើយ

ដ្បិត​ភ្លើង​នោះ​មិន‌មែន​ជា​ភ្លើង

សម្រាប់​ចម្អិន​អាហារ

ឬ​សម្រាប់​អាំង​កម្ដៅ​ខ្លួន​នោះ​ឡើយ។

15 ពួក​គ្រូ​ហោរ​ដែល​អ្នក​ខំ​ប្រឹង​ទៅ​រក

ឲ្យ​ជួយ​មើល តាំង​ពី​ក្មេង​រៀង​មក​នោះ

នឹង​ត្រូវ​វេទនា​បែប​នេះ​ឯង

គឺ​ពួក​គេ​នឹង​ត្រូវ​វង្វេង​ខ្ចាត់‌ព្រាត់​រៀងៗ​ខ្លួន

គ្មាន​នរណា​អាច​សង្គ្រោះ​អ្នក​ឡើយ!។