ជំពូក ៥១
ព្រះអម្ចាស់រំដោះពូជពង្សលោកអប្រាហាំ
1 អស់អ្នកដែលខិតខំ
ស្វែងរកសេចក្ដីសុចរិត
អស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយ
ចូរស្ដាប់យើង! ចូររំពឹងគិតថា
តើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា
ព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា?
2 “ចូររំពឹងគិតពីអប្រាហាំ
ជាបុព្វបុរសរបស់អ្នករាល់គ្នា
និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។
ពេលយើងហៅអប្រាហាំមក
គាត់នៅម្នាក់ឯង គ្មានកូនទេ។
យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ
កើនចំនួនឡើងជាច្រើន”។
3 មែនហើយ! ព្រះអម្ចាស់សម្រាលទុក្ខ
ប្រជាជននៅក្រុងស៊ីយ៉ូន
ព្រះអង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់
គឺព្រះអង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ
បានដូចជាសួនអេដែន។
ព្រះអង្គនឹងធ្វើឲ្យដីហួតហែងនេះ
ប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។
ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន
នឹងមានឮសូរសម្រែកសប្បាយរីករាយ
ព្រមទាំងមានបទចម្រៀងអរព្រះគុណ
និងមានស្នូរតូរ្យតន្ដ្រីឡើងវិញ។
4 ប្រជាជនរបស់យើងអើយ
ចូរត្រងត្រាប់ស្ដាប់យើង!
ប្រជាជាតិរបស់យើងអើយ
ចូរផ្ទៀងត្រចៀកស្ដាប់យើង!
ដ្បិតយើងនឹងបង្កើតវិន័យ
យើងនឹងឲ្យការវិនិច្ឆ័យហូរចេញមក
ជាពន្លឺបំភ្លឺប្រជាជនទាំងឡាយ។
5 សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ
ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ
យើងនឹងគ្រប់គ្រងលើប្រជាជននានា
ដោយបារមីរបស់យើង
មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង
ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។
6 ចូរងើបមុខឡើងសម្លឹងទៅលើមេឃ
រួចក្រឡេកមើលមកផែនដីនេះ
ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង
ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់
មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត
តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ
អស់កល្បជានិច្ច
ហើយសេចក្ដីសុចរិតរបស់យើង
នឹងមិនសាបសូន្យឡើយ។
7 អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត
ប្រជាជនដែលគោរពវិន័យរបស់យើង
ដោយចិត្តស្មោះអើយ
ចូរនាំគ្នាស្ដាប់យើង!
មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ
ហើយក៏មិនត្រូវចុះចាញ់
ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
8 ដ្បិតពួកគេនឹងត្រូវវិនាស
ដូចសម្លៀកបំពាក់ និងរោមចៀម
ត្រូវកណ្ដៀរស៊ីបំផ្លាញ
តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
9 ឱព្រះអម្ចាស់អើយ សូមក្រោកឡើង!
សូមក្រោកឡើង សម្ដែងព្រះបារមី!
សូមតើនឡើង ដូចនៅជំនាន់ដើម!
កាលពីបុរាណ ព្រះបារមីព្រះអង្គ
បានប្រហារស្រុកអេស៊ីប
និងចាក់ទម្លុះសត្វដ៏សម្បើមនោះ។
10 ព្រះអង្គបានធ្វើឲ្យសមុទ្ររីងស្ងួត
ព្រះអង្គបានធ្វើឲ្យមហាសាគរដ៏ជ្រៅ
ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល
ព្រះអង្គបានលោះ ដើរឆ្លងកាត់។
11 ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ
នឹងដើរត្រឡប់មកស្រុកវិញ
ពួកគេមកដល់ក្រុងស៊ីយ៉ូន
ទាំងស្រែកហ៊ោយ៉ាងសប្បាយ។
ទឹកមុខរបស់ពួកគេពោរពេញដោយអំណរ
រកអ្វីប្រៀបស្មើពុំបាន
ពួកគេសប្បាយរីករាយឥតឧបមា
ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ
លែងមានទៀតហើយ។
12 ព្រះអម្ចាស់មានព្រះបន្ទូលថា:
គឺយើងនេះហើយដែលសម្រាលទុក្ខអ្នករាល់គ្នា
ហេតុអ្វីបានជាអ្នកភ័យខ្លាច
មនុស្សដែលតែងតែស្លាប់?
មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
13 អ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក
គឺព្រះអង្គដែលបានលាតសន្ធឹងផ្ទៃមេឃ
និងចាក់គ្រឹះនៃផែនដី។
រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ
មនុស្សដែលសង្កត់សង្កិន
ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។
ពួកគេពុំអាចគំរាមកំហែងអ្នក
រហូតតទៅឡើយ។
14 បន្តិចទៀត អ្នកជាប់ឃុំឃាំងនឹងមានសេរីភាព
គេមិនត្រូវស្លាប់នៅក្នុងគុកនោះទេ
គេក៏មិនខ្វះម្ហូបអាហារបរិភោគដែរ។
15 យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងធ្វើឲ្យសមុទ្រកក្រើក
ព្រមទាំងធ្វើឲ្យទឹករលកបក់បោក
យើងមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
16 យើងធ្វើឲ្យមាត់អ្នកពោលពាក្យរបស់យើង
យើងលាតដៃធ្វើជាម្លប់ការពារអ្នក
ដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដី
ហើយពោលទៅកាន់អ្នកក្រុងថា
“អ្នកជាប្រជាជនរបស់យើង”។
17 យេរូសាឡឹមអើយ
ចូរភ្ញាក់រលឹក ចូរក្រោកឡើង!
អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង
របស់ព្រះអម្ចាស់
អ្នកបានផឹកព្រះពិរោធពីពែងនេះ
រហូតដល់តំណក់ចុងក្រោយ
គឺរហូតដល់បាត់ស្មារតី!
18 ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមក
គ្មាននរណាម្នាក់ដឹកនាំអ្នកសោះ
ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម
គ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។
19 ទុក្ខវេទនាពីរយ៉ាងបានកើតមាន
ចំពោះអ្នកផ្ទួនៗគ្នា
គឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទី
ទុរ្ភិក្ស និងសង្គ្រាម
តែគ្មាននរណាអាណិតអាសូរអ្នក
គ្មាននរណាសម្រាលទុក្ខអ្នកសោះ។
20 កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ
ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់
ព្រោះព្រះអម្ចាស់ព្រះអង្គព្រះពិរោធចំពោះពួកគេ
ព្រះរបស់អ្នកគំរាមកំហែងពួកគេ។
21 ហេតុនេះ ក្រុងដែលរងទុក្ខវេទនាអើយ
ចូរស្ដាប់ចុះ!
អ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ!
22ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ
រកយុត្តិធម៌ឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គមានព្រះបន្ទូលថា:
យើងលែងឲ្យអ្នកផឹកពីពែង
ដែលបណ្តាលឲ្យអ្នកបាត់ស្មារតី
អ្នកនឹងលែងផឹកពីពែងនៃកំហឹង
របស់យើងទៀតហើយ។
23 យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក
ផឹកពីពែងនេះវិញ។
គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា
“ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!”
ពេលនោះ អ្នកក៏ក្រាបចុះ
ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។