ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១១

រាជ្យ​របស់​ព្រះ‌មេស្ស៊ី

1 មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់

របស់​លោក​យេសាយ

2 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់

នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ

គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ប្រាជ្ញា

ឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ

ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ការ​ឈ្លាស​វៃ

និង​ចិត្ត​អង់‌អាច

ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឲ្យ​ស្គាល់

និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់

3 ព្រម​ទាំង​ឲ្យ​មាន​អំណរ​សប្បាយ

ក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់

ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យ

តាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ

ហើយ​ព្រះ‌អង្គ​ក៏​មិន​កាត់​ក្តី

តាម​ដែល​ឮ​គេ​និយាយ​ដែរ។

4 ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិ‌ធម៌

កាត់​ក្តី​ឲ្យ​ជន​ទុរគត ដោយ​ទៀង​ត្រង់។

ព្រះ‌អង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង

ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ

ហើយ​ពេល​ព្រះ‌អង្គ​ចេញ​បញ្ជា

មនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។

5 ព្រះ‌អង្គ​នឹង​យក​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ

យក​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ធ្វើ​ជា​សង្វារ។

6 ចចក និង​កូន​ចៀម នឹង​រស់​នៅ​ជា​មួយ​គ្នា

ខ្លា​រខិន​នឹង​ដេក​ជា​មួយ​កូន​ពពែ។

កូន​គោ និង​កូន​សិង្ហ នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា

ហើយ​មាន​ក្មេង​តូច​ម្នាក់​ឃ្វាល​វា។

7 គោ​ញី និង​ខ្លា‌ឃ្មុំ ស៊ី​ស្មៅ​ជា​មួយ​គ្នា

ហើយ​កូន​របស់​វា​ក៏​នៅ​ជា​មួយ​គ្នា​ដែរ។

សត្វ​សិង្ហ​នឹង​ចេះ​ស៊ី​ចំបើង​ដូច​គោ។

8 ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេង

ត្រង់​មាត់​រន្ធ​ពស់​វែក

ក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរ‌ពិស។

9 ប្រជាជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់

ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយ

សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា

នៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់

ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។

10 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌មហា​ក្សត្រ

ដែល​ប្រសូត​ចេញ​ពី​ពូជ‌ពង្ស​លោក​យេសាយ

ឲ្យ​ធ្វើ​ជា​ទង់ សម្រាប់​ប្រជាជន​ទាំង‌ឡាយ

ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ព្រះ‌មហា​ក្សត្រ

ហើយ​កន្លែង​ដែល​ព្រះ‌អង្គ​ប្រថាប់

នឹង​បាន​ថ្កុំ‌ថ្កើង​រុង‌រឿង។

ប្រជាជន​ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក នឹង​វិល​មក​ស្រុក​វិញ

11 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​សម្ដែង​បារមី​សា​ជា​ថ្មី

ដើម្បី​លោះ​ប្រជាជន​របស់​ព្រះ‌អង្គ

ដែល​នៅ​សេស‌សល់

គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី

ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូពី

ស្រុក​អេឡាម ស្រុក​ស៊ី‌ណេអារ ក្រុង​ហាម៉ាត់

និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។

12 ព្រះ‌អង្គ​នឹង​លើក​ទង់​មួយ

ជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថា

ព្រះ‌អង្គ​នឹង​ប្រមែ‌ប្រមូល​ជន​ជាតិ​អ៊ីស្រា‌អែល

ដែល​គេ​កៀរ​យក​ទៅ

ហើយ​នាំ​ជន​ជាតិ​យូដា​ដែល​បែក‌ខ្ញែក​គ្នា

ទៅ​ពាស‌ពេញ​សកល​លោក​ទាំង​មូល

ឲ្យ​វិល​ត្រឡប់​មក​វិញ។

13 ពេល​នោះ អេប្រា‌អ៊ីម​ឈប់​មាន​ចិត្ត​ច្រណែន

ហើយ​ខ្មាំង​សត្រូវ​របស់​យូដា​នឹង​វិនាស​សូន្យ។

អេប្រា‌អ៊ីម​លែង​ច្រណែន​នឹង​យូដា

យូដា​ក៏​លែង​ប្រឆាំង​នឹង​អេប្រា‌អ៊ីម​ទៀត​ដែរ។

14 គេ​នឹង​ពួត‌ដៃ​គ្នា​វាយ​លុក​ជន​ជាតិ​ភីលី‌ស្ទីន

ដែល​នៅ​ខាង​លិច

គេ​នឹង​រឹប​អូស​យក​សម្បត្តិ​របស់​ជន​ជាតិ​នានា

ដែល​នៅ​ខាង​កើត

គេ​នឹង​បង្ក្រាប​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់

ព្រម​ទាំង​យក​ស្រុក​អាំម៉ូន​ធ្វើ​ជា​ចំណុះ​ផង។

15 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រ

នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត

ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​កំហែង​ទន្លេ​អឺប្រាត

ព្រះ‌អង្គ​ប្រើ​ព្រះ‌ចេស្ដា​ផ្លុំ​បំបែក​ទន្លេ​នេះ

ឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ​ពីរ

ហើយ​ប្រជាជន​អាច​ដើរ​ឆ្លង​បាន។

16 ពេល​នោះ នឹង​មាន​ផ្លូវ​មួយ សម្រាប់​ប្រជាជន

អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់​ពី​ស្លាប់

គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​អាស្ស៊ីរី

ដូច​កាល​ពី​ដើម មាន​ផ្លូវ​មួយ​សម្រាប់

បុព្វ‌បុរស​របស់​គេ​ចេញ​ពី​ស្រុក​អេស៊ីប​ដែរ។