ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១០

1 អ្នក​ណា​បង្កើត​ច្បាប់​អយុត្តិ‌ធម៌

ហើយ​ចេញ​បទ‌បញ្ជា

ដើម្បី​ជិះ‌ជាន់​ប្រជាជន

អ្នក​នោះ​នឹង​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ 2 ពួក​គេ​ឃាត់​ជន​ក្រីក្រ​មិន​ឲ្យ​រក​យុត្តិ‌ធម៌

ហើយ​បំបិទ​សិទ្ធិ​របស់​ជន​ទុរគត​ក្នុង​ចំណោម

ប្រជា‌រាស្ដ្រ​របស់​យើង!

ពួក​គេ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ពី​ស្ត្រី‌មេម៉ាយ

ហើយ​ប្លន់​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។

3 ពេល​ព្រះ‌អម្ចាស់​ដាក់​ទោស

គឺ​ពេល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់

ព្យុះ​សង្ឃរា​ពី​ស្រុក​ឆ្ងាយ​បក់‌បោក​មក

តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច?

តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​រក​ជំនួយ​ពី​នរណា?

តើ​អ្នក​រាល់​គ្នា​នឹង​យក​ទ្រព្យ‌សម្បត្តិ

របស់​អ្នក​រាល់​គ្នា​ទៅ​ទុក​នៅ​ឯ​ណា?

4 គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ជាប់​ជា​ឈ្លើយ​សឹក

ឬ​ស្លាប់​ដោយ​មុខ​ដាវ​ប៉ុណ្ណោះ

ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្តី

ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល

គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ

ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។

ព្រះ‌ជាម្ចាស់​ប្រើ​កង‌ទ័ព​អាស្ស៊ីរី​ជា​ឧបករណ៍ ដាក់​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ

5 ជន​ជាតិ​អាស្ស៊ីរី​ត្រូវ​វេទនា​ហើយ!

យើង​នឹង​ប្រើ​ពួក​គេ​ជា​ដំបង

ដើម្បី​ធ្វើ​តាម​កំហឹង​របស់​យើង។

6 យើង​ចាត់​ជន​ជាតិ​អាស្ស៊ីរី​ឲ្យ​ទៅ​ធ្វើ​ទោស ប្រជា‌ជាតិ​ទមិឡ

យើង​នឹង​នាំ​ពួក​គេ​ទៅ​វាយ​ប្រហារ​ប្រជាជន

ដែល​បាន​បង្ក​ឲ្យ​យើង​មាន​កំហឹង

ពួក​គេ​នឹង​ប្លន់ រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ

ហើយ​ជាន់​ឈ្លី​ប្រជា‌ជាតិ​នេះ

ដូច​គេ​ដើរ​ជាន់​ភក់​នៅ​តាម​ផ្លូវ។

7 ប៉ុន្តែ ជន​ជាតិ​អាស្ស៊ីរី​ពុំ​បាន​យល់​ដូច្នេះ​ទេ

គឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេង គិត​តែ​ពី​កម្ទេច

និង​សម្លាប់​រង្គាល​ប្រជា‌ជាតិ​ជា​ច្រើន​ឥត​គណនា។

8 គេ​ពោល​ថា៖ «មេ‌ទ័ព​របស់​យើង​មាន​អំណាច

ស្មើ​នឹង​ស្តេច​ឯ​ទៀតៗ។

9 យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​កាល់ណូ

ដូច​ក្រុង​ការកេមីស

ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហាម៉ាត់

ក្រុង​អារប៉ាដ ក្រុង​សាម៉ារី

និង​ក្រុង​ដាម៉ាស​ដូច​គ្នា​ដែរ។

10 បន្ទាប់​មក យើង​បាន​យក​ជ័យ‌ជម្នះ​លើ​នគរ

របស់​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​បដិមា​ធំ

ជាង​រូប​ព្រះ​នៅ​ក្រុង​យេរូ‌សាឡឹម

និង​ក្រុង​សាម៉ារី​ទៅ​ទៀត។

11 យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​សាម៉ារី

និង​ព្រះ​ក្លែង‌ក្លាយ​របស់​គេ​យ៉ាង​ណា

យើង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរូ‌សាឡឹម

និង​រូប​ព្រះ​របស់​គេ​យ៉ាង​នោះ​ដែរ»។

12 ពេល​ព្រះ‌អម្ចាស់​បញ្ចប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម​រួច​ហើយ ព្រះ‌អង្គ​នឹង​ដាក់​ទោស​ស្តេច​អាស្ស៊ីរី ដែល​មាន​ចិត្ត​អួត‌អាង និង​វាយ​ឫក​ខ្ពស់

13 ដ្បិត​ស្តេច​នោះ​មាន​រាជ‌ឱង្ការ​ថា:

«យើង​ទទួល​ជ័យ‌ជម្នះ

ដោយ‌សារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់

ដ្បិត​យើង​មាន​បញ្ញា​វាង‌វៃ។

យើង​បាន​រំលាយ​ព្រំ‌ដែន​របស់​ប្រជា‌ជាតិ​នានា

ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ

របស់​គេ​ទៀត​ផង។

យើង​បាន​ប្រើ​ឫទ្ធិ​អំណាច​របស់​យើង

ទម្លាក់​ស្តេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។

14 យើង​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់

ប្រជាជន​ទាំង‌ឡាយ ដូច​គេ​ប្រមូល​ពង​សត្វ

ពី​សំបុក​ដែល​មេ​វា​បោះ‌បង់​ចោល។

យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន‌ដី

ឥត​មាន​នរណា​ម្នាក់​ហ៊ាន​កម្រើក

ឬ​ហើប​មាត់​តវ៉ា​ឡើយ»។

15 មិន​ដែល​មាន​ពូថៅ​ណា​អួត​ខ្លួន​ថា

ប្រសើរ​ជាង​អ្នក​ដែល​ប្រើ​វា​ទេ

ហើយ​រណារ​ក៏​មិន​ដែល​អួត​បំប៉ោង

ជំទាស់​នឹង​អ្នក​ដែល​ប្រើ​វា​ដែរ។

មិន​ដែល​មាន​ព្រនង់​ណា​បញ្ជា​ទៅ​ដៃ

ដែល​កាន់​វា ឲ្យ​កម្រើក​ឡើយ

ហើយ​ក៏​មិន​ដែល​មាន​ដំបង​ណា​កាន់

អ្នក​ដែល​ប្រើ​វា​ដែរ!

16 ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល

នឹង​ធ្វើ​ឲ្យ​ទាហាន​ដ៏​មាំ‌មួន​របស់​គេ

ក្លាយ​ទៅ​ជា​ស្គម​រីង‌រៃ

ហើយ​ឲ្យ​មាន​ភ្លើង​យ៉ាង​សន្ធោ‌សន្ធៅ

ឆេះ​បំផ្លាញ​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ពួក​គេ។

17 ក្នុង‌រយៈ​ពេល​តែ​មួយ​ថ្ងៃ ព្រះ‌អម្ចាស់​ដែល​ជា

ពន្លឺ និង​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

ប្រែ​ទៅ​ជា​ភ្លើង ឆាប‌ឆេះ​បន្លា និង​រពាក់។

18 ព្រះ‌អង្គ​នឹង​កម្ទេច​ព្រៃ​ព្រឹក្សា​ដ៏​ល្អ​ប្រណីត

របស់​ពួក​គេ ឲ្យ​រលាយ​សូន្យ

ដូច​អ្នក​ជំងឺ​ដែល​កំពុង​ត្រដរ​ខ្យល់។

19 ព្រៃ​របស់​គេ​នៅ​សល់​ដើម​ឈើ​តែ​បន្តិច‌បន្តួច

សូម្បី​តែ​កូន​ក្មេង​ក៏​អាច​រាប់​អស់​ដែរ។

ប្រជាជន​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់

20 នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សល់ គឺ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប​ដែល​រួច​ពី​ស្លាប់ លែង​ពឹង​ផ្អែក​លើ​ប្រជា‌ជាតិ​ដែល​វាយ​ប្រហារ​ខ្លួន​ទៀត​ហើយ ពួក​គេ​នឹង​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ 21 ប្រជាជន​ដែល​នៅ​សេស‌សល់ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់ នឹង​នាំ​គ្នា​វិល​មក​រក​ព្រះ​ដ៏​មាន​ឫទ្ធិ‌ចេស្ដា​វិញ។ 22 ប៉ុន្តែ អ៊ីស្រា‌អែល​អើយ ទោះ‌បី​ប្រជាជន​របស់​អ្នក​មាន​ចំនួន​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក្តី ក៏​មាន​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ​ដែល​វិល​មក​វិញ។ ព្រះ‌អម្ចាស់​បាន​សម្រេច​កម្ទេច​ស្រុក​នេះ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។ 23 ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​កម្ទេច​ស្រុក​ទាំង​មូល។

ព្រះ‌អម្ចាស់​នឹង​កម្ទេច​ស្រុក​អាស្ស៊ីរី

24 ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជាជន​របស់​យើង​ដែល​រស់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​អើយ! មិន​ត្រូវ​ខ្លាច​ជន​ជាតិ​អាស្ស៊ីរី ដែល​កំពុង​តែ​លើក​ព្រនង់ និង​លើក​ដំបង​វាយ​អ្នក​រាល់​គ្នា ដូច​ជន​ជាតិ​អេស៊ីប​ធ្លាប់​វាយ​កាល​ពី​មុន​នោះ​ឡើយ។ 25 បន្តិច​ទៀត យើង​ឈប់​ខឹង​នឹង​អ្នក​រាល់​គ្នា​ហើយ គឺ​យើង​នឹង​បំបែរ​កំហឹង​ទៅ​បំផ្លាញ​ពួក​គេ​វិញ»។ 26 ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​យក​រំពាត់ វាយ​ជន​ជាតិ​អាស្ស៊ីរី ដូច​ពី​ដើម ព្រះ‌អង្គ​បាន​វាយ​ជន​ជាតិ​ម៉ាឌីយ៉ាន​នៅ​ក្បែរ​ថ្ម​អូរិប ព្រះ‌អង្គ​នឹង​លើក​ដំបង​វាយ​សមុទ្រ ដូច​ព្រះ‌អង្គ​បាន​វាយ​សមុទ្រ​នៅ​ស្រុក​អេស៊ីប។

27 នៅ​គ្រា​នោះ ព្រះ‌អង្គ​នឹង​យក​អម្រែក

ចេញ​ពី​ស្មា​របស់​អ្នក​រាល់​គ្នា

ព្រះ‌អង្គ​យក​នឹម​របស់​ខ្មាំង​សត្រូវ

ចេញ​ពី​ក​របស់​អ្នក​រាល់​គ្នា។

នឹម​នោះ​ត្រូវ​ខ្ទាត​ចេញ

ដោយ‌សារ​ភាព​សម្បូណ៌‌សប្បាយ

ខ្មាំង​សត្រូវ​វាយ​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម

28 កង‌ទ័ព​របស់​ខ្មាំង​បាន​ចូល​ទៅ​ដល់​ក្រុង​អៃយ៉ាត់

ពួក​គេ​ឆ្លង​កាត់​ក្រុង​មីក្រូន

ហើយ​ទុក​របស់​របរ​នៅ​ក្រុង​មីគ‌ម៉ាស។

29 គេ​ឆ្លង​កាត់​ច្រក​ភ្នំ មក​បោះ​ជំរំ​នៅ​កេបា

ធ្វើ​ឲ្យ​អ្នក​ភូមិ​រ៉ាម៉ា​ញ័រ​រន្ធត់

ហើយ​អស់​អ្នក​ដែល​រស់​នៅ​ភូមិ​គីបា ជា​ភូមិ

កំណើត​របស់​ស្តេច​សាអ៊ូល នាំ​គ្នា​រត់​គេច​ខ្លួន។

30 អ្នក​ស្រុក​កាលីម​អើយ ចូរ​ទ្រហោ​យំ​ទៅ!

អ្នក​ស្រុក​ឡៃសា​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់!

អ្នក​ស្រុក​អាណា‌តូត​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!

31 អ្នក​ស្រុក​ម៉ាដ‌ម៉េណា​នឹង​រត់​បែក‌ខ្ញែក​គ្នា

អ្នក​ស្រុក​កេប៊ីម​នឹង​នាំ​គ្នា​រត់​រក​កន្លែង​ពួន។

32 នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូប

គេ​ប្រើ​កម្លាំង​គំរាម‌កំហែង​ភ្នំ​ស៊ីយ៉ូន

គឺ​គំរាម‌កំហែង​ក្រុង​យេរូ‌សាឡឹម។

33 នៅ​គ្រា​នោះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល

នឹង​កាប់​កម្ទេច​មែក​ទាំង‌ឡាយ​ចោល

ព្រះ‌អង្គ​នឹង​ផ្តួល​រំលំ​ដើម​ឈើ​ខ្ពស់ៗ

ហើយ​កាប់​ដើម​ឈើ​ដែល​នៅ​ខ្ពស់​ជាង​គេ

ឲ្យ​ធ្លាក់​ចុះ​មក​ដី។

34 ព្រះ‌អង្គ​នឹង​កាប់​រំលំ​ព្រៃ​របោះ

ហើយ​ដើម​ឈើ​ធំៗ​ដ៏​មាន​តម្លៃ​នៅ​ស្រុក​លីបង់

នឹង​ត្រូវ​រលំ​ដែរ។