ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៣៨

ព្រះ‌បាទ​អេសេ‌ខ្យាស​ប្រឈួន និង​បាន​ជា​វិញ

(២​ពង្សា‌វតារ‌ក្សត្រ ២០.១-១១)

នៅ​គ្រា​នោះ ព្រះ‌បាទ​អេសេ‌ខ្យាស​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​លោក​អម៉ុស មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម​ព្រះ‌ករុណា​ផ្តែ‌ផ្តាំ​ព្រះ‌រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ព្រះ‌ករុណា​មិន​អាច​រស់​រាន​ត​ទៅ​ទៀត​ទេ គឺ​ព្រះ‌ករុណា​ជិត​សោយ​ទិវង្គត​ហើយ»។ ព្រះ‌បាទ​អេសេ‌ខ្យាស​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​ជញ្ជាំង ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ដូច​ត​ទៅ៖ 3 «ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ថា ទូល‌បង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូល‌បង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​អេសេ‌ខ្យាស​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។ 4 ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេសាយ​ដូច​ត​ទៅ៖ 5 «ចូរ​វិល​ទៅ​ប្រាប់​ស្តេច​អេសេ‌ខ្យាស​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ដាវីឌ​ដែល​ជា​អយ្យកោ​របស់​ព្រះ‌ករុណា មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: “យើង​បាន​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ 6 យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ីរី យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដែរ”»។

21 បន្ទាប់​មក លោក​អេសាយ​បង្គាប់​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មក​លាប​លើ​ដំបៅ​របស់​ព្រះ‌ករុណា​ទៅ នោះ​ស្តេច​នឹង​ជា​សះ​ស្បើយ​មិន​ខាន»។

22 ពេល​នោះ ព្រះ‌បាទ​អេសេ‌ខ្យាស​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន?»។ 7 លោក​អេសាយ​ទូល​ស្តេច​វិញ​ថា៖ «ព្រះ‌អម្ចាស់​នឹង​ប្រទាន​ទី​សម្គាល់​មួយ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​មុខ​ជា​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ 8 គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អខាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។

9 ក្រោយ​ពេល​ព្រះ‌បាទ​អេសេ‌ខ្យាស ជា​ស្តេច​ស្រុក​យូដា បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​វិញ ព្រះ‌អង្គ​ក៏​លើក​ទំនុក តម្កើង​ព្រះ‌អម្ចាស់​ដូច​ត​ទៅ:

10 «ខ្ញុំ​នឹក​ថា ខ្ញុំ​រស់​បាន​តែ​ពាក់​កណ្ដាល​អាយុ

ហើយ​ខ្ញុំ​ត្រូវ​លា​ចាក​លោក​នេះ

ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ដើម្បី​បន្ត​អាយុ​ជីវិត

ដែល​នៅ​សល់​នៅ​ស្ថាន​នោះ។

11 ខ្ញុំ​នឹក​ថា ខ្ញុំ​នឹង​លែង​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់

ព្រះ‌អម្ចាស់​ក្នុង​ពិភព​របស់​មនុស្ស​ទៀត​ហើយ

ហើយ​នៅ​ក្នុង​ពិភព​នេះ

ខ្ញុំ​ក៏​នឹង​លែង​ឃើញ​មុខ​មនុស្ស​ណា​ម្នាក់​ដែរ។

12 ជីវិត​ខ្ញុំ​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ខ្ញុំ​ទៅ

ដូច​គង្វាល​រើ​ជំរំ​របស់​គេ

ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់

នៅ​ពេល​ល្ងាច ដូច​អ្នក​តម្បាញ​មូរ​ក្រណាត់

ដែល​គាត់​បាន​ត្បាញ​ហើយ​នោះ​ដែរ។

13 ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះ

ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយ

ប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំ

ព្រះ‌អម្ចាស់​អើយ ចាប់​ពី​ថ្ងៃ​ដល់​យប់

ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។

14 ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាប

ភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោក

ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​វេទនា​ខ្លាំង​ណាស់

សូម​ជួយ​ស្រោច‌ស្រង់​ទូល‌បង្គំ​ផង!

15 តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច?

តើ​ខ្ញុំ​ទូល​ទៅ​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?

ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ធ្វើ​ឲ្យ​ការណ៍​នេះ​កើត​ឡើង

ខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំង

ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។

16 ព្រះ‌អម្ចាស់​អើយ មនុស្ស​មាន​ជីវិត

ដោយ‌សារ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ

ទូល‌បង្គំ​នៅ​មាន​ដង្ហើម​ចេញ​ចូល

ក៏​ដោយ‌សារ​តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​នេះ​ដែរ

ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ

មាន​កម្លាំង និង​មាន​ជីវិត​ឡើង​វិញ។

17 ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ទូល‌បង្គំ

ប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​សព្វ

ព្រះ‌ហឫ‌ទ័យ​ស្រង់​ជីវិត​ទូល‌បង្គំ

ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ

ព្រះ‌អង្គ​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ទូល‌បង្គំ​ទៀត​ហើយ។

18 ក្នុង​ស្ថាន​មនុស្ស​ស្លាប់

គ្មាន​នរណា​អាច​លើក​តម្កើង​ព្រះ‌អង្គ​បាន​ឡើយ

មច្ចុរាជ​ក៏​ពុំ​អាច​សរសើរ​តម្កើង​ព្រះ‌អង្គ

ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ

ក៏​ពុំ​អាច​សង្ឃឹម​លើ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ

របស់​ព្រះ‌អង្គ​បាន​ទៀត​ដែរ។

19 មាន​តែ​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះ

ដែល​អាច​លើក​តម្កើង​ព្រះ‌អង្គ

ដូច​ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ។

ឪពុក​នឹង​តំណាល​ប្រាប់​កូនៗ​របស់​ខ្លួន

អំពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។

20 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូល‌បង្គំ

យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ដ្រី

នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ

ជា​រៀង‌រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។