ជំពូក ៥២
ព្រះជាម្ចាស់នឹងលើកក្រុងយេរូសាឡឹមឡើងវិញ
1 ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង
ចូរក្រោកឡើង សម្ដែងឫទ្ធិ។
យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ
ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់
ដ៏ល្អប្រណីត
ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ
នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
2 យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក
ចូរក្រោកមកអង្គុយនៅកន្លែងដើម
របស់អ្នកវិញ!
ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ
ចូរស្រាយចំណងចេញពីកអ្នកទៅ!
3ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះអង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ 4ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ពីដំបូង ប្រជារាស្ដ្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។ 5 ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេយកប្រជាជនរបស់យើងទៅ ដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។ 6 ហេតុនេះ នៅថ្ងៃនោះ ប្រជារាស្ដ្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។
ដំណឹងល្អអំពីសេចក្ដីសុខសាន្ត
7 អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎
គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត!
គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ
គេពោលមកកាន់ក្រុងស៊ីយ៉ូនថា
“ព្រះរបស់អ្នកសោយរាជ្យហើយ!”។
8 នេះជាសំឡេងរបស់អ្នកយាមក្រុង!
ពួកគេបន្លឺសំឡេងឡើង
និងស្រែកហ៊ោរួមជាមួយគ្នា
ដ្បិតពួកគេឃើញព្រះអម្ចាស់យាងត្រឡប់មក
ក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។
9 គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ
ចូរស្រែកហ៊ោរួមជាមួយគ្នា
ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជាជនរបស់ព្រះអង្គ
ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ!
10ព្រះអម្ចាស់សម្ដែងព្រះបារមីដ៏វិសុទ្ធ
របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ
មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី
នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
11 អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ
របស់ព្រះអម្ចាស់
ចូរនាំគ្នាចាកចេញពីទីនេះទៅ
កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ!
ចូរចាកចេញពីក្រុងបាប៊ីឡូននេះ
ហើយធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ!
12 អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ
ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ
ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល
គង់នៅមុខ និងគង់នៅពីក្រោយអ្នករាល់គ្នា
ដើម្បីការពារអ្នក។
ទុក្ខលំបាកនៃអ្នកបម្រើរបស់ព្រះអម្ចាស់
13ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើន
មានឋានៈខ្ពង់ខ្ពស់
និងត្រូវគេលើកតម្កើងយ៉ាងឧត្តុង្គឧត្ដមបំផុត។
14 កាលពីមុន ពេលមហាជនឃើញលោក
គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង
ព្រោះគេមើលមុខលោកលែងស្គាល់
លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។
15 តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោក
ហើយនាំគ្នាស្ងើចសរសើរ
ស្តេចជាច្រើននឹងនៅស្ងៀមស្ងាត់
ដ្បិតស្តេចទាំងនោះនឹងឃើញហេតុការណ៍
ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់
ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ
ដែលគេមិនធ្លាប់ឮពីមុនមក។