ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៤៨

ព្រះ‌អម្ចាស់​មាន​អំណាច​លើ​ព្រឹត្តិ‌ការណ៍​ទាំង​អស់

1 អ្នក​រាល់​គ្នា​ជា​កូន​ចៅ

របស់​យ៉ាកុប

អ្នក​រាល់​គ្នា​ដែល​មាន​ត្រកូល​អ៊ីស្រា‌អែល

ហើយ​ជា​ពូជ‌ពង្ស​របស់​យូដា​អើយ

ចូរ​ស្ដាប់​សេចក្ដី​នេះ!

អ្នក​រាល់​គ្នា​តែង‌តែ​ស្បថ

ដោយ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី

អ្នក​រាល់​គ្នា​តែង‌តែ​អង្វរ​រក​ព្រះ​របស់

ជន​ជាតិ​អ៊ីស្រា‌អែល

តែ​គ្មាន​ចិត្ត​ស្មោះ‌ត្រង់ និង​សុចរិត​ទេ។

2 អ្នក​រាល់​គ្នា​អួត​ថា

ខ្លួន​ជា​អ្នក​រស់​នៅ​ក្នុង

ក្រុង​ដ៏‌វិសុទ្ធ

ហើយ​ថា​ខ្លួន​ពឹង​ផ្អែក​លើ​ព្រះ​របស់​ជន​ជាតិ

អ៊ីស្រា‌អែល ដែល​មាន​ព្រះ‌នាម​ថា

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

យើង​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី

ព្រឹត្តិ‌ការណ៍​ដើម​ដំបូង​នោះ

តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ

យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់

ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ

យើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​សម្រេច

ចេញ​ជា​រូប‌រាង​ឡើង​មួយ​រំពេច​ដែរ។

4 យើង​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង‌រូស

ចិត្ត​របស់​អ្នក​រឹង​ដូច​ដែក‌ថែប

ហើយ​ក្បាល​អ្នក​រឹង​ដូច​ដែក

5 យើង​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរ

យើង​បាន​ឲ្យ​អ្នក​ដឹង

មុន​ហេតុ‌ការណ៍​មក​ដល់

ដើម្បី​កុំ​ឲ្យ​អ្នក​ពោល​ថា

“គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ

គឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិត

បាន​បង្គាប់​ឲ្យ​ហេតុ‌ការណ៍​កើត​មាន”។

អ្នក​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​ទុក​ជា​មុន

ហើយ​ក៏​ឃើញ​ថា​កើត​មាន​ដូច្នោះ​មែន

តើ​អ្នក​មិន​ទទួល​ស្គាល់​ទេ​ឬ?

តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង

អំពី​ព្រឹត្តិ‌ការណ៍​ថ្មីៗ​ទៀត

ដែល​យើង​បាន​គ្រោង​ទុក

តែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។

7 ព្រឹត្តិ‌ការណ៍​នោះ​ទើប​នឹង​កកើត

តែ​មិន‌មែន​កើត​ឡើង​យូរ​មក​ហើយ​ទេ

រហូត​មក​ទល់​ពេល​នេះ

អ្នក​ពុំ​ដែល​ឮ​អំពី​ព្រឹត្តិ‌ការណ៍​នេះ​ឡើយ

ដូច្នេះ អ្នក​ពុំ​អាច​ពោល​ថា

“ខ្ញុំ​ស្គាល់​ព្រឹត្តិ‌ការណ៍​នេះ​ហើយ”។

អ្នក​មិន​ព្រម​ចង់​ដឹង ចង់​ឮ

ហើយ​តាំង​ពី​ដើម​មក

អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ

យើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថា

អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន

គេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរ

តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។

9 ដោយ​យល់​ដល់​នាម​យើង​ដែល​ជា​ព្រះ‌ជាម្ចាស់

យើង​បាន​ទប់​កំហឹង

ដោយ​យល់​ដល់​កិត្តិ‌នាម​របស់​យើង

យើង​បាន​ទុក​ជីវិត​ឲ្យ​អ្នក

យើង​មិន​បំផ្លាញ​អ្នក​ឡើយ។

10 យើង​មិន​បាន​ឲ្យ​គេ​យក​ភ្លើង​មក​បន្សុទ្ធ​អ្នក

ដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេ

គឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។

11 យើង​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ខ្លួន​យើង​ផ្ទាល់

យើង​មិន​ចង់​បន្ទាប​បន្ថោក​ឈ្មោះ​យើង

ហើយ​យើង​ក៏​មិន​ចង់​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត

ទទួល​សិរី‌រុង​រឿង​របស់​យើង​ដែរ។

12 កូន​ចៅ​យ៉ាកុប ពូជ‌ពង្ស​អ៊ីស្រា‌អែល

ដែល​យើង​ត្រាស់‌ហៅ​អើយ

ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង!

គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ

និង​នៅ​ក្រោយ​គេ​បំផុត។

13 យើង​បាន​បង្កើត​ផែន‌ដី​មក​ដោយ​ដៃ​យើង​ផ្ទាល់

យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ

ដោយ​ឫទ្ធិ‌បារមី​របស់​យើង

យើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។

14 ប្រជាជន​ទាំង​មូល​អើយ

ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ!

មិត្ត​សម្លាញ់​របស់​យើង​នឹង​ប្រហារ​ក្រុង​បាប៊ីឡូន

ព្រម​ទាំង​ដាក់​ទោស​ជន​ជាតិ​ខាល់ដេ

ស្រប​តាម​បំណង​របស់​យើង។

ក្នុង​ចំណោម​ព្រះ​ឯ​ទៀតៗ

តើ​ព្រះ​ណា​បាន​ប្រាប់

ឲ្យ​ដឹង​ជា​មុន​អំពី​ព្រឹត្តិ‌ការណ៍​នេះ។

15 គឺ​យើង​ហើយ​ដែល​បាន​ប្រាប់

យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត!

យើង​នាំ​គាត់​មក

ហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សម្រេច។

16 ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ!

តាំង​ពី​ដើម​ដំបូង​រៀង​មក

យើង​មិន​ដែល​និយាយ​លាក់‌លៀម​ទេ។

ពេល​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្តើម​កើត​ឡើង

យើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។

- ឥឡូវ​នេះ ព្រះ‌ជា‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ

ព្រះ‌អង្គ​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ

ឲ្យ​គង់​ជា​មួយ​ខ្ញុំ​ដែរ។

ប្រជាជន​អ៊ីស្រា‌អែល​មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់

17 ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ

អ៊ីស្រា‌អែល ដែល​បាន​លោះ​អ្នក

មាន​ព្រះ‌បន្ទូល​ថា:

យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់

ជា​ព្រះ​របស់​អ្នក

យើង​ប្រៀន‌ប្រដៅ​អ្នក​អំពី​អ្វី​ដែល​មាន

ប្រយោជន៍​ដល់​អ្នក

យើង​ណែ‌នាំ​អ្នក​ឲ្យ​ដើរ​ក្នុង​មាគ៌ា

ដែល​អ្នក​កំពុង​តែ​ដើរ។

18 ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម

សេចក្តី​ដែល​យើង​បង្គាប់

នោះ​សេចក្ដី​សុខ‌សាន្ត​មុខ​ជា​ហូរ​មក​លើ​អ្នក

ដូច​ទឹក​ទន្លេ។

ហើយ​សេចក្ដី​សុចរិត​មុខ​ជា​បក់‌បោក​លើ​អ្នក

ដូច​រលក​សមុទ្រ។

19 ពូជ‌ពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើង

ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ

ហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិត‌ស្ថេរ

នៅ​មុខ​យើង​រហូត ឥត​សាប‌សូន្យ​ឡើយ។

20 ចូរ​នាំ​គ្នា​ចាក‌ចេញ​ពី​ក្រុង​បាប៊ីឡូន

ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន​ជាតិ​ខាល់ដេ

ចូរ​បន្លឺ​សំឡេង ប្រកាស​យ៉ាង​សប្បាយ

ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី

ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា

ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុប

ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​មក​វិញ​ហើយ!។

21 ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​នៅ​តាម​វាល​ហួត‌ហែង

តែ​ពួក​គេ​មិន​ស្រេក​ទឹក​ទេ។

ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ផុស​ចេញ​ពី​ថ្ម‌ដា

សម្រាប់​ពួក​គេ

ព្រះ‌អង្គ​វាយ​បំបែក​ថ្ម

នោះ​ទឹក​ក៏​ហូរ​ចេញ​មក។

22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា

មនុស្ស​ទុច្ចរិត​គ្មាន​សេចក្ដី​សុខ‌សាន្ត​ឡើយ។