ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៦៣

ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស

- តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ា

នៅ​ស្រុក​អេដុម

ហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅ

ព្រម​ទាំង​ដើរ​យ៉ាង​អង់‌អាច

សម្ដែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា?

- គឺ​យើង ដែល​មក​កាត់​ក្តី ដោយ​យុត្តិ‌ធម៌

យើង​មក​រក​រឿង​ប្រជា‌ជាតិ​នានា

ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​យើង។

2 - ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ភូសា​របស់

ព្រះ‌អង្គ​មាន​ពណ៌​ក្រហម ដូច​សម្លៀក‌បំពាក់

របស់​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដូច្នេះ?

3 - ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ

ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង

គឺ​ក្នុង​ចំណោម​ប្រជាជន

គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។

យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង

យើង​បាន​ជាន់​កម្ទេច​ពួក​គេ

ព្រោះ​យើង​ខឹង​ជា​ខ្លាំង។

ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ

សម្លៀក‌បំពាក់​របស់​យើង

ហើយ​សម្លៀក‌បំពាក់​របស់​យើង

ប្រឡាក់​ទៅ​ដោយ​ឈាម។

យើង​បាន​គ្រោង​ទុក​ថា

នឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះ

ឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះ

ប្រជា‌រាស្ដ្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។

5 យើង​រំពៃ​មើល

តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេ

យើង​អស់​សង្ឃឹម

ព្រោះ​គ្មាន​នរណា​ម្នាក់​គាំ‌ទ្រ​យើង​ឡើយ

ដូច្នេះ យើង​ក៏​ប្រើ​ឫទ្ធិ‌បារមី​របស់​យើង

ដើម្បី​សង្គ្រោះ​ខ្លួន​យើង

ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំ‌ទ្រ​យើង។

6 យើង​ជាន់​កម្ទេច​ជាតិ​សាសន៍​ទាំង‌ឡាយ

មក​ពី​យើង​ខឹង​យ៉ាង​ខ្លាំង

យើង​ដាក់​ទោស​គេ​យ៉ាង​សែន​វេទនា

យើង​នឹង​បង្ហូរ​ឈាម​របស់​គេ​នៅ​លើ​ផែន‌ដី។

ការ​រំឭក​ពី​ព្រះ‌ហឫ‌ទ័យ​អាណិត​មេត្តា​របស់​ព្រះ‌អម្ចាស់

7 ខ្ញុំ​សូម​រំឭក​ពី​អំពើ​ដ៏​សប្បុរស​របស់​ព្រះ‌អម្ចាស់

ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់

ចំពោះ​កិច្ច‌ការ​ទាំង​ប៉ុន្មាន

ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​មក​លើ​យើង។

ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ច‌ការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល

ព្រះ‌អង្គ​ប្រទាន​មក​ជន​ជាតិ​អ៊ីស្រា‌អែល

គឺ​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ចំពោះ​ពួក​គេ

ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា​ដ៏​លើស‌លប់

និង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ពន់​ប្រមាណ។

8 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

អ្នក​ទាំង​នោះ​ពិត​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​មែន

ពិត​ជា​កូន​ចៅ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត!

ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ​ពួក​គេ​ជា‌និច្ច

គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន

ព្រះ‌អង្គ​មិន​ប្រើ​ទេវទូត ឬ​នរណា​ផ្សេង​ទៀត

ឲ្យ​មក​សង្គ្រោះ​គេ​ទេ

គឺ​ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេ

ដោយ​ផ្ទាល់​ព្រះ‌អង្គ។

ព្រះ‌អង្គ​បាន​លោះ​ពួក​គេ

ដោយ​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់

និង​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា។

ព្រះ‌អង្គ​គាំ‌ទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង‌រាល់​ថ្ងៃ

តាំង​ពី​ដើម​រៀង​មក។

10 ក៏​ប៉ុន្តែ ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​តែង‌តែ

នាំ​គ្នា​បះ‌បោរ

ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ

ខក​ព្រះ‌ហឫ‌ទ័យ

ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ

គឺ​ព្រះ‌វិញ្ញាណ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។

11 ពេល​នោះ ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​នឹក​ដល់

ជំនាន់​លោក​ម៉ូសេ។

តើ​ព្រះ‌អង្គ​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ

ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ

ព្រះ‌អង្គ​នៅ​ឯ​ណា?

តើ​ព្រះ‌អង្គ​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ

ឲ្យ​គង់​នៅ​ជា​មួយ​ពួក​គេ ព្រះ‌អង្គ​នៅ​ឯ​ណា?

12 ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​លោក​ម៉ូសេ

ហើយ​សម្ដែង​ព្រះ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង

ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ដ្រ

របស់​ព្រះ‌អង្គ

ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ល្បី‌ល្បាញ

រហូត​ត​រៀង​ទៅ។

13 ព្រះ‌អង្គ​នាំ​ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ

ដូច​សេះ​បោល​នៅ​វាល​រហោ‌ស្ថាន

គេ​មិន​ជំពប់​ដួល​ឡើយ។

14 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​ពួក​គេ​ឆ្ពោះ

ទៅ​កាន់​ទី​សម្រាក ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សម្រាក

នៅ​តាម​ជ្រលង​ភ្នំ​ដែរ។

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ដឹក​នាំ

ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​បែប​នេះ

ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ល្បី‌ល្បាញ

ថ្កុំ‌ថ្កើង​រុង‌រឿង។

15 សូម​ព្រះ‌អង្គ​ទត​មើល​ពី​លើ​មេឃ

គឺ​ពី​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ និង​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ព្រះ‌អង្គ។

ឯ​ណា​ទៅ ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត

និង​ភាព​អង់‌អាច​របស់​ព្រះ‌អង្គ!

ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌អង្គ

លែង​អាណិត​មេត្តា

លែង​អាណិត‌អាសូរ​ទូល‌បង្គំ​ដូច្នេះ!

16 បពិត្រ​ព្រះ‌អម្ចាស់

ព្រះ‌អង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។

លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ

លោក​អ៊ីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ

យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ

ដែល​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ

ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ

ព្រះ‌អង្គ​ថា​ជា​ព្រះ​ដែល​លោះ​យើង​ខ្ញុំ។

17ព្រះ‌អម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ

បណ្តោយ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ា

របស់​ព្រះ‌អង្គ​ដូច្នេះ?

ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បណ្តោយ​ឲ្យ​យើង​ខ្ញុំ

មាន​ចិត្ត​រឹង‌រូស​មិន​ព្រម​គោរព​កោត​ខ្លាច

ព្រះ‌អង្គ​ដូច្នេះ?

សូម​យាង​មក​វិញ

សូម​រក​យុត្តិ‌ធម៌​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ

និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ព្រះ‌អង្គ​ផង។

18 យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ

មិន​បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​យូរ​ប៉ុន្មាន​ទេ

ខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​ទី​សក្ការៈ

របស់​ព្រះ‌អង្គ។

19 តាំង​ពី​យូរ​ណាស់​មក​ហើយ

យើង​ខ្ញុំ​ជា​ប្រជា‌រាស្ដ្រ

ដែល​ព្រះ‌អង្គ​លែង​គ្រប់‌គ្រង

ព្រះ‌អង្គ​លែង​រាប់​យើង​ខ្ញុំ​ទុក​ជា​ប្រជា‌រាស្ដ្រ

របស់​ព្រះ‌អង្គ។

សូម​ព្រះ‌អង្គ​ហែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក!

ពេល​នោះ ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក

នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។