ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៦១

ដំណឹង‌ល្អ​ស្តី​អំពី​ការ​សង្គ្រោះ

1 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌អម្ចាស់

សណ្ឋិត​លើ​ខ្ញុំ

ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ

ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់

ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត

ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា

ពួក​គេ​នឹង​រួច​ខ្លួន

ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា

ពួក​គេ​នឹង​មាន​សេរី‌ភាព

2 ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្ដែង

ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា

និង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើង

ដាក់​ទោស​មនុស្ស​អាក្រក់

ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ

3 គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះ

ទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ

ឲ្យ​គេ​លាប​ប្រេង​សម្ដែង​អំណរ​សប្បាយ

ជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខ

ឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរ

ជំនួស​ខោ‌អាវ​ដាច់‌ដាច។

ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹម

ទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ព្រះ​ដ៏​សុចរិត

ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់

ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។

ពួក​គេ​នឹង​សង់​ក្រុង

ដែល​បាក់‌បែក​កាល​ពី​មុន​នោះ​ឡើង​វិញ

ពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណ

ឲ្យ​មាន​រូប‌រាង​ឡើង​វិញ។

ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោល

ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។

5 សាសន៍​ដទៃ​នឹង​នាំ​គ្នា​មក

ហើយ​ឃ្វាល​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា

កូន​ចៅ​របស់​គេ​នឹង​ភ្ជួរ​រាស់​ដី

ហើយ​ដាំ​ទំពាំង‌បាយ‌ជូរ​ឲ្យ​អ្នក​រាល់​គ្នា។

6 ចំណែក​អ្នក​រាល់​គ្នា​វិញ

អ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថា

បូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់

គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា

អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។

អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ‌ទ្រព្យ

របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ

ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន

តម្លៃ​របស់​ពួក​គេ។

7 អ្នក​រាល់​គ្នា​លែង​អាម៉ាស់

និង​លែង​បាក់​មុខ​ទៀត​ហើយ

អ្នក​រាល់​គ្នា​នឹង​ទទួល​ទឹក​ដី​របស់​គេ

មួយ​ទ្វេ​ជា​ពីរ​ទុក​ជា​មត៌ក

អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​សប្បាយ

អស់​កល្ប‌ជានិច្ច។

8ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា

យើង​ចូល​ចិត្ត​យុត្តិ‌ធម៌

ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។

យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម‌ត្រូវ

យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ

អស់​កល្ប‌ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា។

9 ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅ

របស់​អ្នក​រាល់​គ្នា

ហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បី

នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។

អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា

ពួក​គេ​ជា​ជាតិ​មួយ​ដែល​ព្រះ‌អម្ចាស់

បាន​ប្រទាន​ពរ។

10 ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែ​ព្រះ‌អម្ចាស់

ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ព្រះ​របស់​ខ្ញុំ

ដ្បិត​ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។

ព្រះ‌អង្គ​បាន​យក​សេចក្ដី​សុចរិត

មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ

តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គល‌ការ។

11 ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗ

ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា

ព្រះ‌ជា‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត

និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ

នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។