ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៥៧

1 មនុស្ស​សុចរិត​កំពុង​តែ​វិនាស

តែ​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់

មនុស្ស​ល្អ​បាត់‌បង់​ជីវិត

តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះ

មនុស្ស​សុចរិត​អន្តរាយ

ដោយ​មនុស្ស​អាក្រក់​ធ្វើ​បាប។

2 ប៉ុន្តែ សន្តិ‌ភាព​នឹង​មក​ដល់

អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម‌ត្រូវ

នឹង​បាន​សម្រាក​យ៉ាង​សុខ‌សាន្ត។

3 រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់

ជា​ពួក​ក្បត់​ព្រះ‌ជាម្ចាស់

ហើយ​គោរព​ព្រះ​ក្លែង‌ក្លាយ

ចូរ​នាំ​គ្នា​ចូល​មក!

តើ​អ្នក​រាល់​គ្នា​កំពុង​ចំអក​ឲ្យ​នរណា?

តើ​អ្នក​រាល់​គ្នា​ហា​មាត់​យ៉ាង​ធំ

ហើយ​លៀន​អណ្ដាត​ដាក់​នរណា?

អ្នក​រាល់​គ្នា​ពិត​ជា​កូន​បះ‌បោរ

និង​ពូជ​អ្នក​កុហក​មែន!

អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​ខ្មោច​ព្រៃ

នៅ​ក្រោម​ដើម​ឈើ​សក្ការៈ

អ្នក​រាល់​គ្នា​សម្លាប់​កូន​ចៅ​ធ្វើ​យញ្ញ‌បូជា

នៅ​តាម​ជ្រោះ និង​នៅ​តាម​ក្រហែង​ថ្ម។

6 អ្នក​រាល់​គ្នា​ចាត់​ទុក​ថ្ម​ដ៏​រលើប​នៅ​ក្នុង​ជ្រោះ​ថា

ជា​សម្បត្តិ និង​ជា​ចំណែក​មត៌ក​ដ៏​សក្ការៈ

អ្នក​រាល់​គ្នា​ច្រួច‌ស្រា និង​សែន​នៅ​លើ​នោះ។

តើ​ឲ្យ​យើង​អត់​ទ្រាំ​បាន​ឬ?

7 អ្នក​ធ្វើ​ពិធី​រួម​បវេណី​សក្ការៈ​នៅ​លើ​ភ្នំ​ខ្ពស់ៗ

អ្នក​ក៏​ឡើង​ទៅ​ធ្វើ​យញ្ញ‌បូជា​លើ​ភ្នំ​នោះ​ដែរ។

អ្នក​យក​រូប​លឹង្គ​របស់​ព្រះ​ក្លែង‌ក្លាយ

ដាក់​នៅ​ខាង​ក្រោយ​ទ្វារ និង​នៅ​តាម​ក្រប​ទ្វារ

អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើង

គឺ​អ្នក​យក​សម្លៀក‌បំពាក់​ចេញ

ព្រម​ទាំង​ឡើង​ទៅ​ដេក​ជា​មួយ​សហាយ

ដែល​អ្នក​ស្រឡាញ់

ហើយ​សម្លឹង​មើល​រូប​លឹង្គ​ទាំង​នោះ។

9 អ្នក​យក​ប្រេង​ក្រអូប និង​ទឹក​អប់​យ៉ាង​ច្រើន

រត់​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ម៉ូឡុក

អ្នក​ចាត់​ពួក​នាំ​សារ​ឲ្យ​ទៅ​ឆ្ងាយៗ

គឺ​រហូត​ទៅ​ដល់​ស្ថាន​មច្ចុរាជ​។

10 អ្នក​ធ្វើ​ដំណើរ​រហូត​ទាល់​តែ​នឿយ‌ហត់

តែ​អ្នក​មិន​ព្រម​ឈប់​ទេ

គឺ​អ្នក​ខំ​ប្រឹង‌ប្រែង ពុះ‌ពារ​ត​ទៅ​មុខ​ទៀត។

11 តើ​នរណា​ធ្វើ​ឲ្យ​អ្នក​ភ័យ‌ខ្លាច

រហូត​ដល់​អ្នក​ក្បត់​ចិត្ត​យើង

ហើយ​លែង​រវី‌រវល់​នឹក​នា​ដល់​យើង​បែប​នេះ?

អ្នក​ឈប់​ស្រឡាញ់​យើង​ដូច្នេះ

មក​ពី​យើង​នៅ​ស្ងៀម​យូរ​ពេក​ឬ?

12 យើង​នឹង​លាត​ត្រដាង​អំពើ​ដែល​អ្នក​ប្រព្រឹត្ត

អំពើ​ដែល​អ្នក​ចាត់​ទុក​ថា​សុចរិត​នោះ

ពុំ​ផ្តល់​ប្រយោជន៍​អ្វី​ដល់​អ្នក​សោះ​ឡើយ។

13 ពេល​អ្នក​ស្រែក​អង្វរ​ករ

ឲ្យ​រូប​ព្រះ​ទាំង​នោះ​រំដោះ​អ្នក​ទៅ!

រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ

រីឯ​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើង

នឹង​គ្រប់‌គ្រង​ស្រុក​ទេស​ទុក​ជា​មត៌ក

ហើយ​ក៏​នឹង​បាន​ទទួល​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង

ទុក​ជា​កម្ម‌សិទ្ធិ​ដែរ។

ព្រះ‌អម្ចាស់​ប្រោស​ប្រជាជន​របស់​ព្រះ‌អង្គ​ឲ្យ​ជា

14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

ចូរ​ត្រួស‌ត្រាយ​រៀប‌ចំ​ផ្លូវ

ចូរ​យក​ឧបសគ្គ​ផ្សេងៗ​ចេញ​ពី​ផ្លូវ

របស់​ប្រជាជន​យើង!

15 ដ្បិត​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​គង់​នៅ

អស់​កល្ប‌ជានិច្ច

ហើយ​ដែល​មាន​ព្រះ‌នាម​ដ៏‌វិសុទ្ធ​បំផុត

មាន​ព្រះ‌បន្ទូល​ថា:

យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត

និង​ជា​ស្ថាន​ដ៏‌វិសុទ្ធ​មែន

តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ

សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ

ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ

និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។

16 យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេ

ហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរ

បើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មាន

ដែល​យើង​បាន​បង្កើត​មក

មុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។

17 យើង​បាន​ខឹង​នឹង​ប្រជា‌រាស្ដ្រ​របស់​យើង

ព្រោះ​ពួក​គេ​មាន​ចិត្ត​លោភ‌លន់

និង​ប្រព្រឹត្ត​អំពើ​អាក្រក់

យើង​បាន​ដាក់​ទោស​ពួក​គេ

យើង​បាន​គេច​មុខ​ចេញ​ពី​ពួក​គេ

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី

ក៏​ប្រជាជន​ដ៏​រឹង‌រូស​នេះ នៅ​តែ​ប្រព្រឹត្ត​តាម

ទំនើង​ចិត្ត​របស់​ខ្លួន​ដដែល។

18 យើង​ស្គាល់​មារយាទ​របស់​គេ​យ៉ាង​ច្បាស់

តែ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា​សះ‌ស្បើយ

យើង​នឹង​ដឹក​នាំ​គេ

ព្រម​ទាំង​សម្រាល​ទុក្ខ​ប្រជាជន

ដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង។

19ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា

យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង

នៅ​ក្នុង​មាត់​ពួក​គេ។

ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់

អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត

យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ

បាន​ជា​សះ‌ស្បើយ​មែន!

20 រីឯ​មនុស្ស​អាក្រក់​វិញ ប្រៀប​បាន​នឹង

រលក​សមុទ្រ​ដែល​កំពុង​តែ​បក់‌បោក

គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​ឡើយ

ទឹក​សមុទ្រ​នោះ​បញ្ចេញ​ភក់​ជ្រាំ

សព្វ​បែប​យ៉ាង​មក។

21 ព្រះ​របស់​ខ្ញុំ​មាន​ព្រះ‌បន្ទូល​ថា:

មនុស្ស​អាក្រក់​មិន​បាន​សេចក្ដី​សុខ‌សាន្ត​ទេ។