ជំពូក ៤៩
អ្នកបម្រើព្រះអម្ចាស់ ជាពន្លឺរបស់ប្រជាជាតិនានា
1 ម្នាលអ្នកកោះទាំងឡាយអើយ
ចូរនាំគ្នាស្ដាប់ខ្ញុំ!
ម្នាលប្រជាជននៅស្រុកឆ្ងាយៗអើយ!
ចូរត្រងត្រាប់ស្ដាប់ខ្ញុំនិយាយ!
ព្រះអម្ចាស់ត្រាស់ហៅខ្ញុំ
តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ
ព្រះអង្គក៏ហៅចំឈ្មោះខ្ញុំ
តាំងពីមុនពេលខ្ញុំកើតមកម៉្លេះ។
2 ព្រះអង្គបានប្រទានឲ្យមាត់ខ្ញុំមុតដូចដាវ
ព្រះអង្គលាតព្រះហស្ដការពារខ្ញុំ។
ព្រះអង្គធ្វើឲ្យខ្ញុំទៅជាព្រួញមួយស្រួច
ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះអង្គ។
3 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា:
អ៊ីស្រាអែលអើយ អ្នកជាអ្នកបម្រើរបស់យើង
យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង
តាមរយៈអ្នក។
4 រីឯខ្ញុំវិញ ខ្ញុំគិតថា ខ្ញុំខំប្រឹងធ្វើការ
តែបែរជាឥតអំពើ
ខ្ញុំខាតកម្លាំងជាអសារបង់
ហើយគ្មានបានការអ្វីឡើយ។
ប៉ុន្តែ តាមពិត ព្រះអម្ចាស់នៅតែរកយុត្តិធម៌ឲ្យខ្ញុំ
ព្រះរបស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។
5 ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ
ព្រះអង្គបានសូនខ្ញុំតាំងពីក្នុងផ្ទៃម្ដាយ
ឲ្យធ្វើជាអ្នកបម្រើរបស់ព្រះអង្គ
ដើម្បីណែនាំកូនចៅលោកយ៉ាកុប
ឲ្យវិលត្រឡប់មករកព្រះអង្គ និងប្រមូល
ប្រជាជនអ៊ីស្រាអែលមកនៅជុំវិញព្រះអង្គ។
ហេតុនេះហើយបានជាព្រះអម្ចាស់ចាត់ទុកខ្ញុំ
ថាជាមនុស្សថ្លៃថ្នូរ
ហើយព្រះនៃខ្ញុំ ពិតជាកម្លាំងរបស់ខ្ញុំមែន។
6 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា:
អ្នកមិនគ្រាន់តែជាអ្នកបម្រើ
ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ
របស់លោកយ៉ាកុបឲ្យងើបឡើង
និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់
ឲ្យវិលមកវិញប៉ុណ្ណោះទេ
គឺយើងតែងតាំងអ្នកឲ្យធ្វើជាពន្លឺ
សម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ
ហើយនាំការសង្គ្រោះរបស់យើង
រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
7ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធ
និងជាព្រះដែលលោះជនជាតិអ៊ីស្រាអែល
ព្រះអង្គមានព្រះបន្ទូលមកកាន់
អ្នកដែលគេមើលងាយ
និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម
ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក
ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា:
ពេលស្តេចទាំងឡាយឃើញអ្នក
គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព
ពេលពួកមេដឹកនាំឃើញអ្នក
គេនឹងនាំគ្នាក្រាបថ្វាយបង្គំ
គេធ្វើដូច្នេះ ដោយយល់ដល់ព្រះអម្ចាស់
ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ
ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ដែលបានជ្រើសរើសអ្នក។
8ព្រះអម្ចាស់មានព្រះបន្ទូលថា:
នៅគ្រាដែលយើងគាប់ចិត្ត
យើងបានឆ្លើយតបមកអ្នក
ដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះ
យើងក៏បានជួយអ្នក។
យើងបានញែកអ្នកឲ្យនៅដាច់ឡែកពីគេ
ដើម្បីធ្វើជាសម្ពន្ធមេត្រីសម្រាប់ប្រជាជន។
យើងនឹងស្តារស្រុកទេសឡើងវិញ
យើងចែកដីដែលគេបានបោះបង់ចោល
ឲ្យប្រជាជន
9 ហើយប្រាប់ពួកឈ្លើយសឹកថា “ចូរចេញមក!”
រួចប្រាប់អស់អ្នកនៅទីងងឹតថា
“ចូរបង្ហាញខ្លួនមក!”
ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត
ដូចចៀមស៊ីស្មៅនៅតាមផ្លូវ
និងស្វែងរកអាហារតាមវាលស្មៅ
នៅលើកំពូលភ្នំ។
10 ពួកគេលែងស្រេកឃ្លានទៀតហើយ
ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ
ដ្បិតព្រះដែលមានព្រះហឫទ័យ
មេត្តាករុណាចំពោះគេ ព្រះអង្គនាំផ្លូវគេ
ព្រះអង្គដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។
11 យើងនឹងពង្រាបភ្នំទាំងអស់ឲ្យទៅជាផ្លូវ
ហើយលើកថ្នល់ទាំងប៉ុន្មានឲ្យខ្ពស់ឡើង
សម្រាប់ប្រជាជនរបស់យើង។
12 មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់
អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិច
អ្នកខ្លះទៀតមកពីស្រុកខាងត្បូង។
13 ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ!
ផែនដីអើយ ចូរត្រេកអរសប្បាយ!
ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ!
ដ្បិតព្រះអម្ចាស់សម្រាលទុក្ខ
ប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ
ដែលរងទុក្ខវេទនា។
14 ក្រុងស៊ីយ៉ូនតែងពោលថា
ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល
ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។
15 តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន
ដែលនៅបៅបានឬ?
តើម្ដាយលែងអាណិតមេត្តាកូនដែល
កើតចេញពីផ្ទៃរបស់ខ្លួនបានឬ?
ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ
ចំណែកឯយើងវិញ
យើងមិនអាចភ្លេចអ្នកបានឡើយ!
16 យើងបានចារឈ្មោះអ្នក
នៅលើបាតដៃរបស់យើង
ហើយយើងតែងតែនឹកគិតដល់កំពែង
របស់អ្នកជានិច្ច។
17 ប្រជាជនដែលនឹងសង់អ្នកឡើងវិញ
កំពុងតែរូតរះធ្វើដំណើរមក
រីឯសត្រូវដែលបានកម្ទេច និងបំផ្លាញអ្នក
នឹងចាកចេញឆ្ងាយពីអ្នក។
18 ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ
កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ
គេនាំគ្នាមករកអ្នក។
យើងសន្យាថាពិតជាកើតមានដូច្នោះមែន!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-
អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ
សម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន
នៅពេលរៀបមង្គលការ។
19 ក្រុងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំ
ហើយមានតែគំនរបាក់បែកនេះ
មុខជាមានប្រជាជនមករស់នៅកកកុញ
ឥតសល់កន្លែងទំនេរឡើយ
រីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន
នឹងចាកចេញឆ្ងាយពីទីនេះ។
20 អ្នកនឹកស្មានថា ខ្លួនបាត់បង់កូនអស់ហើយ
តែឥឡូវនេះ អ្នកបែរជាឮកូនៗនិយាយថា
“ខ្ញុំចង្អៀតណាស់ ខិតបន្តិចទៅ
ទុកកន្លែងឲ្យខ្ញុំនៅផង!”។
21 ពេលនោះ អ្នកនឹងរិះគិតថា
តើនរណាបានបង្កើតកូនចៅឲ្យខ្ញុំ
ដ្បិតពីមុន ខ្ញុំបាត់បង់កូនអស់ហើយ
ខ្ញុំពុំអាចបង្កើតកូនទៀតឡើយ។
ខ្ញុំត្រូវគេជន្លៀសឲ្យទៅនៅដាច់ឡែក
ដូច្នេះ តើនរណាបានចិញ្ចឹមកូនទាំងនេះ?
ខ្ញុំនៅឯកោតែម្នាក់ឯង
ចុះអ្នកទាំងនេះមកពីណា?
22 ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា
យើងលើកទង់របស់យើងឡើង
ឲ្យប្រជាជនទាំងឡាយឃើញ
គេនឹងបីកូនប្រុសៗរបស់អ្នក
ហើយបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មា
នាំត្រឡប់មកវិញ។
23 គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្តេច
ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រិយ៍
ស្តេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក
ឱនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។
ពេលនោះ អ្នកនឹងដឹងថា យើងជាព្រះអម្ចាស់
អស់អ្នកដែលផ្ញើជីវិតលើយើង
នឹងមិនខកចិត្តឡើយ។
24 អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញរឹបអូសយកហើយ
តើនរណាអាចដណ្ដើមយកមកវិញបាន?
រីឯអ្នកដែលជនកំណាចចាប់យកទៅហើយ
តើនរណាអាចរំដោះបាន?
25 ព្រះអម្ចាស់មានព្រះបន្ទូលថា:
ពិតមែនហើយ អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញ
រឹបអូសយកទៅ
មុខជាត្រូវដណ្ដើមយកមកវិញបាន
រីឯមនុស្សដែលជនកំណាចចាប់យកទៅ
ក៏នឹងត្រូវរំដោះរួចចេញមកវិញដែរ។
យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក
ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
26 យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក
ស៊ីសាច់ខ្លួនឯង
ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន
ដូចផឹកស្រាថ្មី។
ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា
យើងនេះហើយជាព្រះអម្ចាស់
ដែលសង្គ្រោះ និងលោះអ្នក
យើងជាព្រះរបស់យ៉ាកុប
ជាព្រះប្រកបដោយឫទ្ធានុភាព។