ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៤៣

ព្រះ‌អម្ចាស់​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រា‌អែល

1 ជន​ជាតិ​អ៊ីស្រា‌អែល​ជា​កូន​ចៅ

របស់​លោក​យ៉ាកុប​អើយ

ឥឡូវ​នេះ ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត

និង​សូន​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

កុំ​ភ័យ‌ខ្លាច​អ្វី​ឡើយ

ដ្បិត​យើង​បាន​លោះ​អ្នក

យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ

ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​ប្រជាជន​របស់​យើង។

2 ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក

ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។

ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ

អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ

3 ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក

យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល

ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក។

យើង​បាន​ប្រគល់​ប្រជាជន​អេស៊ីប​ឲ្យ​សត្រូវ

ដើម្បី​លោះ​អ្នក

យើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូពី និង​ស្រុក​សេបា

ជា​ថ្នូរ​ឲ្យ​គេ ដើម្បី​លោះ​អ្នក​ដែរ។

4 យើង​ប្រគល់​មនុស្ស​ជា​ច្រើន​ឲ្យ​គេ​ជំនួស​អ្នក

គឺ​យើង​ក៏​ប្រគល់​ប្រជាជន​ផ្សេងៗ​ឲ្យ​គេ

ជា​ថ្នូរ​លោះ​អ្នក

ដ្បិត​យើង​ចាត់​ទុក​ថា​អ្នក​មាន​តម្លៃ​ដ៏​លើស‌លប់

ហើយ​យើង​ស្រឡាញ់​អ្នក​ថែម​ទៀត​ផង។

5 កុំ​ភ័យ‌ខ្លាច​អ្វី! យើង​នៅ​ជា​មួយ​អ្នក

យើង​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ស្រុក​ខាង​កើត

ឲ្យ​វិល​ត្រឡប់​មក​វិញ

ហើយ​ប្រមូល​ពូជ‌ពង្ស​របស់​អ្នក

ពី​ស្រុក​ខាង​លិច ឲ្យ​វិល​មក​វិញ​ដែរ។

6 យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ជើង

ឲ្យ​ប្រគល់​កូន​ចៅ​របស់​អ្នក​មក​យើង​វិញ

យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ត្បូង

មិន​ឲ្យ​ឃាត់​គេ​ទៀត​ឡើយ។

យើង​នឹង​ប្រាប់​ស្រុក​ទាំង​នោះ​ឲ្យ​ប្រមូល

កូន​ប្រុស​កូន​ស្រី​របស់​យើង​ដែល​ស្ថិត​នៅ​ស្រុក

ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែន‌ដី​មក​វិញ

គឺ​អស់​អ្នក​ដែល​យក​ឈ្មោះ​យើង​ធ្វើ​ជា​ត្រកូល

ជា​អស់​អ្នក​ដែល​យើង​បាន​សូន និង​បង្កើត

ដើម្បី​បង្ហាញ​សិរី‌រុង​រឿង​របស់​យើង។

អ៊ីស្រា‌អែល​ជា​សាក្សី​របស់​ព្រះ‌អម្ចាស់

8 ចូរ​នាំ​ប្រជាជន​នោះ​ចេញ​មក

ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ

មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ។

9 ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​មក​ជួប‌ជុំ​គ្នា

ឲ្យ​ប្រជាជន​ទាំង‌ឡាយ​មក​ប្រមូល​ផ្តុំ​គ្នា

ក្នុង​ចំណោម​ព្រះ​របស់​ពួក​គេ

តើ​មាន​ព្រះ​ណា​បាន​ប្រាប់

ដំណឹង​ជា​មុន​អំពី​ហេតុ‌ការណ៍​ទាំង​នេះ?

តើ​ព្រះ​ណា​បាន​ប្រាប់​ឲ្យ​យើង​ដឹង

អំពី​ព្រឹត្តិ‌ការណ៍​ដើម​ដំបូង?

ឲ្យ​ព្រះ​ទាំង​នោះ​រក​សាក្សី

និង​បង្ហាញ​ភស្តុតាង​មក

ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា

ពាក្យ​សម្ដី​របស់​ព្រះ​នោះ​ត្រឹម‌ត្រូវ​មែន។

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើង

អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើង។

យើង​បាន​ជ្រើស‌រើស​អ្នក​រាល់​គ្នា

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើង

ព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេ

ជា​ព្រះ‌ជាម្ចាស់។

នៅ​មុន​យើង គ្មាន​ព្រះ​ណា​ទេ

នៅ​ក្រោយ​យើង ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។

11 មាន​តែ​យើង​ទេ​ជា​ព្រះ‌អម្ចាស់

ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ

12 មាន​តែ​យើង​ទេ

ដែល​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង

និង​សង្គ្រោះ​អ្នក​រាល់​គ្នា

រីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះ

ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។

ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង

ហើយ​យើង​ជា​ព្រះ‌ជាម្ចាស់

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13 អំណើះ​ត​ទៅ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា

មាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះ‌អម្ចាស់

គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ

របស់​យើង​បាន​ទេ

អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ

គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។

14 ព្រះ‌អម្ចាស់​ដែល​បាន​លោះ​អ្នក​រាល់​គ្នា

គឺ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

ដោយ​យល់​ដល់​អ្នក​រាល់​គ្នា

យើង​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​បាប៊ីឡូន

ដើម្បី​រំលំ​អំណាច​របស់​ពួក​គេ។

ពេល​នោះ ជន​ជាតិ​ខាល់ដេ​នឹង​រត់​ខ្ចាត់‌ខ្ចាយ

ដោយ​ជិះ​សំពៅ

ជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ហ៊ោ​សប្បាយ។

15 យើង​ជា​ព្រះ‌អម្ចាស់

ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​អ្នក​រាល់​គ្នា

យើង​ជា​ព្រះ‌មហា​ក្សត្រ​ដែល​បាន

បង្កើត​អ្នក​រាល់​គ្នា។

ផ្លូវ​ថ្មី​នៅ​ក្នុង​វាល​រហោ‌ស្ថាន

16 ព្រះ‌អម្ចាស់​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយ

គឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ

17 ព្រះ‌អង្គ​ដែល​បាន​ប្រមូល​កង‌ទ័ព

មាន​រទេះ​ចម្បាំង កង‌ពល‌សេះ

ព្រម​ទាំង​ទាហាន​ដ៏​អង់‌អាច

ព្រះ‌អង្គ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ

ក្រោក​ពុំ​រួច

គឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេង

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

18 កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន

នៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វី

កុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន

នៅ​បុរាណ​កាល​ដែរ។

19 បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មាន

ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង

ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក

តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ?

យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន

ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ

នៅ​វាល​ហួត‌ហែង​ទៀត​ផង។

20 សត្វ​ព្រៃ​ទាំង‌ឡាយ

គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម

នឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​របស់​យើង

ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹក

ក្នុង​វាល​រហោ‌ស្ថាន

និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង

ដើម្បី​ផ្តល់​ទឹក​ឲ្យ​ប្រជាជន

ដែល​យើង​បាន​ជ្រើស‌រើស

21 គឺ​ប្រជាជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើង

ដើម្បី​សរសើរ​តម្កើង​យើង។

22 ពូជ‌ពង្ស​យ៉ាកុប​អើយ

អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ

អ៊ីស្រា‌អែល​អើយ អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។

23 អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជា

តែ​មិន‌មែន​ថ្វាយ​យើង​ទេ

អ្នក​ធ្វើ​យញ្ញ‌បូជា

តែ​មិន​បាន​បន្ថែម​សិរី‌រុង​រឿង​របស់​យើង​ទេ។

យើង​មិន​បាន​បង្ខិត‌បង្ខំ

អ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើង

យើង​ក៏​មិន​បាន​ឲ្យ​អ្នក

នឿយ‌ហត់​ដុត​ធូប​ដែរ។

24 អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប

តែ​មិន‌មែន​សម្រាប់​យើង​ទេ

ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជា

តែ​មិន‌មែន​ដើម្បី​ចម្អែត​យើង​ឡើយ។

ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក

អ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើង

ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ

អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ

ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។

25 ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស

និង​ដោយ​យល់​ដល់​នាម​របស់​យើង

យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក

យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប

របស់​អ្នក​ទៀត​ឡើយ។

26 ចូរ​រៀប‌រាប់​ប្រាប់​យើង​មក​មើល!

យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នា

ចូរ​និយាយ​ការ‌ពារ​ខ្លួន

ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស!

27 យ៉ាកុប​ជា​បុព្វ‌បុរស​របស់​អ្នក

បាន​ប្រព្រឹត្ត​អំពើ​បាប

ហើយ​ពួក​តំណាង​របស់​អ្នក

ក៏​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។

28 ហេតុ​នេះ​ហើយ​បាន​ជា​យើង​បន្ទាប‌បន្ថោក

មេ​ដឹក​នាំ​ព្រះ‌វិហារ

យើង​ឲ្យ​គេ​បំផ្លាញ​កូន​ចៅ​យ៉ាកុប

យើង​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ

ប្រជាជន​អ៊ីស្រា‌អែល។