ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៤១

ព្រះ‌អម្ចាស់​ជា​ទី​ពឹង​ផ្អែក​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

1 មនុស្ស‌ម្នា​នៅ​តាម​កោះ

ទាំង‌ឡាយ​អើយ

ចូរ​នៅ​ស្ងៀម‌ស្ងាត់​ស្ដាប់​ខ្ញុំ​និយាយ!

ប្រជា‌រាស្ដ្រ​ទាំង‌ឡាយ​អើយ

ចូរ​មាន​កម្លាំង​ឡើង​វិញ

ចូរ​នាំ​គ្នា​បោះ​ជំហាន​ចូល​មក រួច​សឹម​និយាយ!

យើង​ឡើង​មក ដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា។

2 តើ​នរណា​បាន​ហៅ​អ្នក​ដែល​ត្រូវ​រក​យុត្តិ‌ធម៌

ឲ្យ​មក​ពី​ទិស​ខាង​កើត?

តើ​នរណា​ឲ្យ​លោក​មាន​ជ័យ‌ជម្នះ

លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ

ព្រម​ទាំង​បង្ក្រាប​ស្តេច​នានា?

ដាវ​របស់​លោក​កម្ទេច​ពួក​គេ ឲ្យ​ទៅ​ជា​ធូលី​ដី

ព្រួញ​របស់​លោក​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ

ដូច​កម្ទេច​ចំបើង​ប៉ើង​តាម​ខ្យល់។

លោក​ដេញ​តាម​ពួក​គេ

លោក​ឆ្លង​កាត់​ទ័ព​របស់​គេ

ដោយ​ឥត​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ

ជើង​របស់​លោក​ក៏​មិន​បាច់​ជាន់​ដី​ដែរ។

4 តើ​នរណា​បាន​គ្រោង​ទុក

និង​សម្រេច​ព្រឹត្តិ‌ការណ៍​ទាំង​នេះ?

គឺ​ព្រះ‌អង្គ​ដែល​បាន​ណែ‌នាំ​មនុស្ស​គ្រប់​ជំនាន់

តាំង​ពី​ដើម​ដំបូង​រៀង​មក។

យើង​ជា​ព្រះ‌អម្ចាស់​ដែល​នៅ​មុន​គេ

ហើយ​យើង​ក៏​នៅ​ជា​មួយ

មនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ។

5 ប្រជាជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះ

ហើយ​នាំ​គ្នា​ភ័យ‌ខ្លាច។

ប្រជាជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី

នឹង​នាំ​គ្នា​ចូល​មក​ជិត ទាំង​ញ័រ​រន្ធត់។

6 ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក

ម្នាក់ៗ​ពោល​ទៅ​កាន់​បង‌ប្អូន​របស់​ខ្លួន​ថា

“ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!”។

7 ជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ស្មិត

អ្នក​ដុត​ដែក​លើក​ទឹក​ចិត្ត​អ្នក​ដំ​ដែក

ដោយ​ពោល​ថា “ផ្សារ​ដូច្នេះ ល្អ​ណាស់!”។

បន្ទាប់​មក គាត់​យក​ដែក​គោល​មក​ដំ​ភ្ជាប់

រូប​ចម្លាក់​កុំ​ឲ្យ​រង្គើ។

ចំពោះ​អ្នក​វិញ

ជន​ជាតិ​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើង

កូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស‌រើស

ពូជ‌ពង្ស​របស់​អប្រាហាំ

ដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ!

យើង​បាន​ដឹក​ដៃ​អ្នក

ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី

យើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់‌ញក​មក

យើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា:

អ្នក​ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស‌រើស

យើង​នឹង​មិន​បោះ‌បង់​ចោល​អ្នក​ឡើយ!

10 កុំ​ភ័យ‌ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក

កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ

យើង​ជា​ព្រះ​របស់​អ្នក

យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង

យើង​ជួយ​អ្នក យើង​គាំ‌ទ្រ​អ្នក

យើង​នឹង​សម្ដែង​បារមី រក​យុត្តិ‌ធម៌​ឲ្យ​អ្នក។

11 ពួក​ចង​កំហឹង​នឹង​អ្នក

មុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខ

ពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់‌បង់

និង​រលាយ​សូន្យ​ទៅ។

12 អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក

តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ

ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក

ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់

13 ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក

យើង​កាន់​ដៃ​ស្តាំ​របស់​អ្នក​ហើយ

យើង​ប្រាប់​អ្នក​ថា:

កុំ​ភ័យ‌ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ!

14 កូន​ចៅ​យ៉ាកុប!

ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ!

អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន

តែ​កុំ​ភ័យ‌ខ្លាច​អ្វី

យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

15 យើង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មី

ដែល​មាន​ធ្មេញ​យ៉ាង​មុត

អ្នក​នឹង​រាស់​កម្ទេច​ភ្នំ​តូច​ធំ

ឲ្យ​ទៅ​ជា​ធូលី​ដី។

16 អ្នក​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់

ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។

រីឯ​អ្នក​វិញ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់

អ្នក​នឹង​ខ្ពស់​មុខ

ព្រោះ​តែ​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។

17 ជន​ក្រីក្រ និង​ជន​ទុរគត​ស្វែង​រក​ទឹក

តែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។

យើង​ជា​ព្រះ‌អម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះ

ពាក្យ​អង្វរ​របស់​ពួក​គេ

យើង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល

នឹង​មិន​បោះ‌បង់​ចោល​គេ​ឡើយ។

18 យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ

ផុស​ចេញ​ពី​ផ្នូក​ខ្សាច់

ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។

យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន

ប្រែ​ទៅ​ជា​បឹង‌បួ

ឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។

19 យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង

នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន

ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ

ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។

20 ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ ហើយ​ដឹង

ព្រម​ទាំង​ពិចារណា និង​យល់​ជា​មួយ​គ្នា​ថា

គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ

នៃ​ជន​ជាតិ​អ៊ីស្រា‌អែល

ដែល​បាន​ផ្តួច‌ផ្តើម​ធ្វើ​ការ​ទាំង​នោះ

ដោយ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់។

ព្រះ‌អម្ចាស់​ជំទាស់​នឹង​ព្រះ​ក្លែង‌ក្លាយ

21 ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​នៃ​ពូជ‌ពង្ស

របស់​លោក​យ៉ាកុប មាន​ព្រះ‌បន្ទូល​ថា៖

«ចូរ​បង្ហាញ​សំណុំ​រឿង និង​បញ្ចេញ​ភស្តុតាង

របស់​អ្នក​រាល់​គ្នា​មក!

22 ឲ្យ​ព្រះ​ទាំង​នេះ​រៀប‌រាប់

ហើយ​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍​ដែល

នឹង​ត្រូវ​កើត​មាន​នៅ​អនាគត។

ចូរ​រំឭក​យើង​អំពី​ហេតុ‌ការណ៍

ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង

នោះ​យើង​នឹង​រិះ‌គិត។

ចូរ​រៀប‌រាប់​អំពី​ព្រឹត្តិ‌ការណ៍

ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល

ដើម្បី​ឲ្យ​បាន​ដឹង​ផង។

23 ចូរ​និយាយ​ប្រាប់​យើង​អំពី​ហេតុ‌ការណ៍

ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ

ដូច្នេះ យើង​នឹង​ទទួល​ស្គាល់​ថា

អ្នក​រាល់​គ្នា​ពិត​ជា​ព្រះ​មែន

ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ‌បី​អាក្រក់​ក្តី ល្អ​ក្តី

ដើម្បី​ឲ្យ​យើង​ឃើញ និង​ស្ងើច​សរសើរ។

24 តាម​ពិត អ្នក​រាល់​គ្នា​ឥត​បាន​ការ​អ្វី​ទាំង​អស់

អ្នក​រាល់​គ្នា​ក៏​ធ្វើ​អ្វី​មិន​កើត​ដែរ

អស់​អ្នក​ដែល​ជ្រើស‌រើស​អ្នក​រាល់​គ្នា​ទុក​ជា​ព្រះ

សុទ្ធ​តែ​ជា​មនុស្ស​គម្រក់។

25 យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើង

ហើយ​អ្នក​នោះ​ក៏​មក​ដល់។

នៅ​ទិស​ខាង​កើត គេ​គោរព​ឈ្មោះ​គាត់

គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា

ដូច​គេ​ដើរ​ជាន់​ភក់

ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។

26 តើ​នរណា​បាន​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍

ទាំង​នេះ​ជា​មុន

ដើម្បី​ឲ្យ​យើង​ទទួល​ស្គាល់ និង​ពោល​ថា

ហេតុ‌ការណ៍​នោះ​ពិត​ជា​កើត​មាន​ដូច្នោះ​មែន!

ទេ! គ្មាន​នរណា​ផ្តល់​ដំណឹង​ជា​មុន

ហើយ​ក៏​គ្មាន​នរណា​ប្រាប់​ឲ្យ​គេ​ដឹង​ដែរ

គ្មាន​នរណា​ឮ​ពាក្យ​សម្ដី​អ្នក​រាល់​គ្នា​ឡើយ។

27 យើង​ទេ​តើ ដែល​បាន​នាំ​ដំណឹង​មក​ដល់

ក្រុង​ស៊ីយ៉ូន​មុន​គេ

ដោយ​ចាត់​អ្នក​នាំ​សារ​មក​ប្រាប់

អ្នក​ក្រុង​យេរូ‌សាឡឹម។

28 យើង​ក្រឡេក​មើល​ទៅ

ពុំ​ឃើញ​មាន​នរណា​ម្នាក់​ទាល់​តែ​សោះ

ក្នុង​ចំណោម​ព្រះ​ទាំង​នោះ

គ្មាន​នរណា​ម្នាក់​ផ្តល់​យោបល់ ឬ​ឆ្លើយ​នឹង​សំណួរ

ដែល​យើង​សាក‌សួរ​នោះ​ទេ។

29 ព្រះ​ទាំង​នោះ​គ្មាន​បាន​ការ

គេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ

រូប​បដិមា​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍

ឥត​បាន​ការ​អ្វី​ទាំង​អស់!»