ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១៦

ស្រុក​ម៉ូអាប់​ស្រែក​ហៅ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ជួយ

1 ចូរ​ផ្ញើ​ចៀម​ពី​ក្រុង​សិលា​តាម​ផ្លូវ​វាល​រហោ‌ស្ថាន

យក​ទៅ​ថ្វាយ​ព្រះ‌មហា​ក្សត្រ​យូដា

ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន!

2 ស្ត្រី​ជន​ជាតិ​ម៉ូអាប់​នាំ​គ្នា​ឈរ​នៅ​ត្រង់​អាណូន

ជា​កន្លែង​ទឹក​រាក់

ដូច​បក្សី​ដែល​គេ​ដេញ​ចេញ​ពី​សំបុក។

3 ស្ត្រី​ទាំង​នោះ​អង្វរ​ជន​ជាតិ​យូដា​ថា៖

«សូម​ជួយ​ផ្តល់​គំនិត​ឲ្យ​យើង​ខ្ញុំ

សូម​ចាត់​វិធាន‌ការ​ជួយ​យើង​ខ្ញុំ​ផង។

ក្នុង​ពេល​ថ្ងៃ​ពេញ​កម្ដៅ​នេះ

សូម​ធ្វើ​ជា​ម្លប់​ដល់​យើង​ខ្ញុំ

ដូច​នៅ​ពេល​យប់​ដែរ

សូម​ឲ្យ​ជន​ភៀស​ខ្លួន​របស់​យើង​ខ្ញុំ

ជ្រក​កោន​ជា​មួយ​បង‌ប្អូន

សូម​លាក់​ពួក​យើង​ខ្ញុំ​ដែល​រត់​មក​នេះ​ផង។

4 សូម​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​សាសន៍​ម៉ូអាប់

ជ្រក​កោន​ជា​មួយ​បង‌ប្អូន​ផង!

សូម​លាក់​គេ​កុំ​ឲ្យ​មេ​បំផ្លាញ​រក​ឃើញ!

ពេល​ណា​ចប់​ការ​សង្កត់‌សង្កិន

និង​ការ​សម្លាប់​រង្គាល

ពេល​ណា​មេ​បំផ្លាញ​ចាក‌ចេញ​បាត់​ពី​ស្រុក

5 ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ

ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ

ប្រកប​ដោយ​មេត្តា​ករុណា។

ព្រះ‌រាជា​នឹង​គ្រប់‌គ្រង​លើ​ប្រជាជន​ដោយ​ស្មោះ‌ស្ម័គ្រ

ស្តេច​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត

ព្រម​ទាំង​ស្វែង​រក​យុត្តិ‌ធម៌​ឲ្យ​ប្រជាជន»។

ក្រុង​យេរូ‌សាឡឹម​ពុំ​អាច​ជួយ​ស្រុក​ម៉ូអាប់​ឡើយ

6 ពេល​នោះ ជន​ជាតិ​យូដា​តប​វិញ​ថា៖

«យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់

ពូកែ​អួត‌អាង​ខ្លាំង​ណាស់

ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់

ហើយ​អួត​បំប៉ោង ចង់​ធ្វើ​ជា​មហា​អំណាច»។

7 ប៉ុន្តែ ឥឡូវ​នេះ ជន​ជាតិ​ម៉ូអាប់​បែរ​ជា

សោក‌សង្រេង​អាណិត​ខ្លួន​ឯង​គ្រប់ៗ​គ្នា។

ពួក​គេ​យំ​សោក‌ស្តាយ​អាហារ​ដែល

ធ្លាប់​បរិភោគ​នៅ​គៀរ-‌ហារេ‌សេត

ពួក​គេ​ស្រែក​ថ្ងូរ​ដោយ​អស់​សង្ឃឹម។

8 ចម្ការ​ដំណាំ​នៅ​ហេស‌បូន​ត្រូវ​ខូច​ខាត​អស់

រីឯ​ចម្ការ​ទំពាំង‌បាយ‌ជូរ​នៅ​ស៊ីបម៉ា​ក៏​វិនាស

ហិន‌ហោច​អស់​ដែរ។

ចម្ការ​នេះ​ធ្លាប់​តែ​ផ្តល់​ស្រា​ទំពាំង‌បាយ‌ជូរ

ឲ្យ​មេ​ដឹក​នាំ​ប្រជា‌ជាតិ​នានា។

ចម្ការ​ទំពាំង‌បាយ‌ជូរ​នេះ​ធ្លាប់​លាត​សន្ធឹង

រហូត​ដល់​យ៉ាស៊ែរ

និង​វារ​រហូត​ដល់​វាល​រហោ‌ស្ថាន

ព្រម​ទាំង​បែក​មែក​ហួស​សមុទ្រ​ទៅ​ទៀត។

9 ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ

ជា​មួយ​អ្នក​ស្រុក​យ៉ាស៊ែរ

ស្រណោះ​ចម្ការ​ទំពាំង‌បាយ‌ជូរ​នៅ​ស៊ីបម៉ា។

យើង​បង្ហូរ​ទឹក​ភ្នែក​ស្រោច‌ស្រព

ហេស‌បូន និង​អេឡាលេ

ដ្បិត​សង្គ្រាម​បាន​ធ្វើ​ឲ្យ​ភោគ‌ផល​ដំណាំ

របស់​អ្នក​រាល់​គ្នា​វិនាស​ហិន‌ហោច​អស់។

10 នៅ​តាម​ចម្ការ​ដំណាំ​នោះ

លែង​មាន​ឮ​សម្រែក​អរ‌សប្បាយ​ទៀត​ហើយ

រីឯ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ

ក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរ

ហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំង‌បាយ‌ជូរ

ដាក់​ក្នុង​ធុង​ទៀត​ដែរ

គឺ​លែង​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។

11 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្មូត្រ​យ៉ាង

អន្លង់‌អន្លោច ដូច​សំឡេង​ពិណ

ព្រោះ​ខ្ញុំ​អាណិត​ស្រុក​ម៉ូអាប់

ខ្ញុំ​ស្រណោះ​ក្រុង​គៀរ-‌ហេរ៉ែស។

12 គេ​នឹង​ឃើញ​អ្នក​ស្រុក​ម៉ូអាប់​ខំ​ប្រឹង​ឡើង​ទៅ

កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ

យ៉ាង​ត្រដាប‌ត្រដួស

គេ​បន់​ព្រះ​របស់​ខ្លួន​នៅ​កន្លែង​សក្ការៈ

តែ​ឥត​បាន​ផល​អ្វី​សោះ។

13 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រកាស​ទុក​ជា​មុន តាំង​ពី​យូរ​ណាស់​មក​ហើយ ស្តី​អំពី​ជន​ជាតិ​ម៉ូអាប់។ 14 ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គម្រប់​បី​ឆ្នាំ​ទៀត គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ មេ​ដឹក​នាំ​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​សូន្យ​ជា​មួយ​ប្រជាជន​ដ៏​ច្រើន​លើស‌លប់​របស់​ខ្លួន។ រីឯ​អ្នក​ដែល​នៅ​សេស‌សល់​មួយ​ចំនួន​តូច​នឹង​ត្រូវ​អាប់​ឱន»។